អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យការសាងសង់ដំបូលផ្សារ ផ្លូវ ១ខ្សែ និងសួរសុខទុក្ខអាជីវករផ្សារបឹងកុក

កំពង់ចាម ០៨ មករា ២០១៥៖ ឯកឧត្ដម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយឯកឧត្ដម ជឹម លាវ អភិបាលរងខេត្ត និងមន្ត្រីរាជការមន្ទីរ ជំនាញ បានអញ្ចើញចុះពិនិត្យការងារសាងសង់ដំបូលផ្សារ ផ្លូវ ១ខ្សែ និងចុះសួរសុខទុក្ខអាជីវករផ្សារបឹងកុក…

កំពង់ចាម ០៨ មករា ២០១៥៖ ឯកឧត្ដម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយឯកឧត្ដម ជឹម លាវ អភិបាលរងខេត្ត និងមន្ត្រីរាជការមន្ទីរ ជំនាញ បានអញ្ចើញចុះពិនិត្យការងារសាងសង់ដំបូលផ្សារ ផ្លូវ ១ខ្សែ និងចុះសួរសុខទុក្ខអាជីវករផ្សារបឹងកុក កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

 

តំបន់ផ្សារបឹងកុកកន្លងមក មានស្ថានភាពផ្លូវតូចចង្អៀតធ្វើឲ្យកកស្ទះចរាចររាល់ថ្ងៃ និងមានទឹកដក់ជាប្រចាំគ្រប់រដូវដោយសារគ្មានប្រព័ន្ធលូសម្រាប់ដោះទឹក អាជ្ញាធរខេត្តកំពង់ចាមបានជំរុញឲ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តពង្រីកផ្លូវនេះដល់ប្រវែង ៤៤១ម និងដាក់លូសង្ខាងផ្លូវ មានមុខកាត់ ០,៦០ម ប្រវែង ៨៩៦ម សរុបមានប្រវែង ១.៧៦៥ម គុណ ៨ម ជាប្រភេទផ្លូវក្រាលកៅស៊ូ ម៉ាក់កាដាម (MACADAM) ក្នុងតម្លៃប៉ាន់ស្មានចំនួន ២៥ម៉ឺនដុល្លារ។

 

ចំណែកបញ្ហាដំបូលផ្សារវិញ ធ្លាប់មានការលំបាកពេលមានភ្លៀងធ្លាក់ម្តងៗ តែពេលនេះការសាងសង់ ជួសជុលដំបូលថ្មីក៏បានបញ្ចប់ផងដែរ ដែលធ្វើឲ្យមានខ្យល់អាកាសចេញចូលបានល្អ និងមានសោភ័ណ្ឌភាពងាយស្រួលដល់ការលក់ដូរប្រចាំថ្ងៃ។

 

ក្នុងដំណើរចុះសាកសួរ សុខទុក្ខនេះដែរ ឯកឧត្ដម លន់ លឹមថៃ បានពិនិត្យឃើញថាកំណើនសេដ្ឋកិច្ចកើនឡើង អ្នកលក់ដូរ នឹងអាជីវករ ក៏មានចំនួនកាន់តែច្រើន រីឯកន្លែងលក់ដូរដែលធ្លាប់តែមានសភាពតូចចង្អៀត បាំងឆ័ត្រ និងពុំមានដំបូលព្រមទាំងផ្លូវដែលនៅផ្នែកខាងជើងផ្សារធ្លាប់តែចង្អៀតពិបាកធ្វើដំណើរកន្លងទៅនោះ ឥឡូវអាជ្ញាធរបានដោះស្រាយរួចរាល់ហើយ ។ ឯកឧត្ដមក៏បានបញ្ជាក់ដែរថា អាជ្ញាធរមានតួនាទីដោះស្រាយសុខទុក្ខប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារ និងនៅទីជនបទក្នុងគោលបំណងដើម្បីឲ្យងាយស្រួលប្រកបរបបរទទួលទាន ធ្វើអោយសេដ្ឋកិច្ចគ្រួសារប្រសើរឡើង ។

 

ទោះជាយ៉ាងក៏ដោយ អាជ្ញាធរប្រឹងប្រែងសម្រួលដល់ផ្សារលក់ដូរ និងការពង្រីកផ្លូវឲ្យធ្វើដំណើរឲ្យកាន់តែងាយស្រួល តែបើអាជីវករទាំងអស់គ្នាជាពិសេសម្ចាស់ភាស៊ីផ្សារពុំបានសហការជាមួយអាជ្ញាធរនោះ គឺនឹងមិនទទួលបានលទ្ធផលល្អនោះទេ។ ជាក់ស្ដែង បច្ចុប្បន្ននេះគេសង្កេតឃើញបងប្អូនអាជីករមួយចំនួនតូច នៅតែដាក់លក់ទំនិញនៅលើចិញ្ចើមផ្លូវ រីឯម្ចាស់អាជីវកម្មផ្ញើរកង់-ម៉ូតូ ១កន្លែង បាននឹងកំពុងប្រើប្រាស់ផ្លូវទាំងស្រុង ដើម្បីទទួលបញ្ញើទោចក្រយានពីអតិថិជនខ្លួន ដោយមិនបានគិតគូអំពីប្រយោជន៍សាធារណៈបន្តិចសោះឡើយ។

 

ប្រភពពីបងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ នៅលើផ្លូវកម្ពុជាក្រោមក្បែរផ្សារបឹងកុកនេះ បានត្អូញត្អែរ និងមានការធុញទ្រាន់ទៅនឹងអំពី បញ្ហាកកស្ទះចរាចរណ៍នៅពេលមកទីនេះជាខ្លាំង ពីញ្រោះថាការកកស្ទះនេះ មួយផ្នែកដោយសារតែការចុះចតរបស់អ្នកទិញ និង អ្នកលក់នៅលើផ្លូវ ហើយមួយផ្នែកធំគឺបណ្ដាលមកពីអាជីវកម្មផ្ញើកង់ ម៉ូតូ ១កន្លែង ខាងលើនេះតែម្ដង ។ ដោយ៖ សារ៉ាត

ដកស្រង់ចេញពីគេហទំព័រមន្ទីរព័ត៌មានខេត្តកំពង់ចាម

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់