សិក្ខា​សាលា​ស្ដីពី​វិធីសាស្ត្រ​ប្រើ​ប្រាស់​ឯក​សារ​ព័ត៌មាន​ស្ថាន​ភាព និង​ឯក​សារ​ពិន្ទុ​វិស័យ​ក្នុង​ការ​កសាង​ផែនការ ​និង​កម្មវិធី​វិនិយោគ​នៅ​ថ្នាក់​ក្រោម​ជាតិ

កែប ១៨ ឧសភា ២០១៥៖ ក្រោមកិច្ចសហការរវាង ក្រសួងផែនការ រដ្ឋបាលខេត្តកែប និងមន្ទីរផែនការខេត្ត កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ នៅសាលាខេត្តកែប មានរៀបចំសិក្ខាសាលាស្ដីពីវិធីសាស្ត្រប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព និងឯកសារពិន្ទុវិស័យក្នុងការកសាងផែនការ និងកម្មវិធីវិនិយោគ…

កែប ១៨ ឧសភា ២០១៥៖ ក្រោមកិច្ចសហការរវាង ក្រសួងផែនការ រដ្ឋបាលខេត្តកែប និងមន្ទីរផែនការខេត្ត កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ នៅសាលាខេត្តកែប មានរៀបចំសិក្ខាសាលាស្ដីពីវិធីសាស្ត្រប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព និងឯកសារពិន្ទុវិស័យក្នុងការកសាងផែនការ និងកម្មវិធីវិនិយោគនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ និងឯកឧត្ដម អ៊ឹង ឆាយ អភិបាលរងខេត្តកែប។

 

អង្គសិក្ខាសាលាមានការចូលរួមក្រុមប្រឹក្សា អភិបាលក្រុង ស្រុក និងមន្ទីរផែនការខេត្ត មកពីខេត្តចំនួន៥ មានខេត្តកំពត ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តកណ្ដាល សរុបប្រមាណ ៩៥រូប (ស្រី៥នាក់)។

 

ឯកឧត្ដម អ៊ឹង ឆាយ អភិបាលរងខេត្តកែប បានធ្វើការស្វាគមន៍ និងបង្ហាញពីស្ថានភាពទូទៅរបស់ខេត្ត និងរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការរីកចម្រើនរបស់រដ្ឋបាលខេត្តកែប។

 

មានមតិបើកសិក្ខាសាលា ឯកឧត្ដម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ បានបញ្ជាក់យ៉ាងច្បាស់ពីគោលបំណង នឹងលទ្ធផលរំពឹងទុករបស់អង្គសិក្ខាសាលា ថាមន្ត្រីថ្នាក់ដឹកនាំក្រុង ស្រុក នឹងបានយល់យ៉ាងច្បាស់ពីវិធីសាស្ត្រប្រើប្រាស់ឧបករណ៍ព័ត៌មានស្ថានភាព ឯកសារពិន្ទុវិស័យ ពិន្ទុគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ ក្នុងការកសាងផែនការ និងកម្មវិធីវិនិយោគនៅថ្នាក់ក្រោមជាតិ ហើយនឹងមានសមត្ថភាពណែនាំបច្ចេកទេសការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ និងជាជំនួយដល់ការពិចារណាលើកសម្រេចចិត្ត។

 

ឯកឧត្ដម បានបញ្ជាក់ទៀតថា ជារៀលរាល់ឆ្នាំក្រុមការងារផែនការថ្នាក់ក្រោមជាតិបានរៀបចំឯកសារឧបករណ៍សម្រាប់គាំទ្រការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគក្នុងរយៈពេលបីឆ្នាំ។ ចុងក្រោយនេះក្រុមការងារផែនការថ្នាក់ក្រោមជាតិរបស់ក្រសួងផែនការបានការគាំទ្រពី UNDP បានធ្វើការកែច្នៃឧបករណ៍ដោយជោគជ័យនូវឯកសារព័ត៌មានស្ថានភាព ឯកសារពិន្ទុវិស័យ ឯកសារគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ នៅថ្នាក់ក្រោមជាតិដោយយោងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ក្នុងអាណត្តិរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។

 

សិក្ខាសាលាបានប្រព្រឹត្តិទៅរយៈពេលមួយថ្ងៃពេញ ដោយមានការធ្វើបទបង្ហាញពីវិធីសាស្ត្រនៃការប្រើប្រាស់ ឯកសារព័ត៌មានស្ថានភាព តារាងពិន្ទុវិស័យក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគនៅថ្នាក់ក្រោមជាតិ និងបានធ្វើការពិភាក្សា វិភាគបញ្ហា រកដំណោះស្រាយ ដើម្បីរៀបចំជាគោលបំណង គោលដៅអភិវឌ្ឍន៍ និងការរៀបចំគម្រោងអាទិភាពសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ក្រុង ស្រុក ផងដែរ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្ត កែប

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់