សិក្ខា​សា​លា​ស្ដីពី​ការ​កសាង​ប្លង់​គោល​ និង​ការ​ប្រើ​ប្រាស់​ដី​ក្រុង​កែប ខេត្ត​កែប

កែប ២០ តុលា ២០១៤៖ នៅសាលាខេត្តកែប កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ មានរៀបចំ សិក្ខាសាលាស្តីពីការផ្ទៀងផ្ទាត់ទិន្នន័យនៃគម្រោងកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងកែប ដែលរៀបចំឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កែប ២០ តុលា ២០១៤៖ នៅសាលាខេត្តកែប កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ មានរៀបចំសិក្ខាសាលាស្តីពីការផ្ទៀងផ្ទាត់ទិន្នន័យនៃ

គម្រោងកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងកែប ដែលរៀបចំឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

 

សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការចូលរួមពីប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំសង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

 

នៅក្នុងប្រសាសន៍ស្វាគមន៍ ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា ទោះបីជាខេត្តកែបបានបង្កើតគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្ម និងគណៈកម្មាធិការគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរហើយក៏ដោយ ប៉ុន្តែការអភិវឌ្ឍខេត្តចាំបាច់ណាស់ត្រូវគោរពតាមផែនការមេ ឬយ៉ាងហោចណាស់ក៏យុទ្ធសាស្ត្រអភិវឌ្ឍន៍ដែរ។ ដូច្នេះសិក្ខាសាលាថ្ងៃនេះ គឺស្របតាមគោលបំណងដ៏ចាំបាច់បំផុតរបស់រដ្ឋបាលខេត្ត ខណៈដែលក្រុងកែប ជាក្រុងបេក្ខភាពប្រឡងប្រណាំងទីក្រុងស្អាត ហើយប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងកែប ជាសូចនាករសំខាន់ដែលត្រូវតែមានមិនអាចខ្វះបាន។ ម្យ៉ាងទៀតប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីថ្នាក់ក្រុង ឬថ្នាក់ខេត្ត គឺជាការកំណត់ចក្ខុវិស័យដ៏វែងឆ្ងាយសម្រាប់ជាប្រយោជន៍ដល់រដ្ឋបាលខេត្ត ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការដឹកនាំ និងអភិវឌ្ឍន៍ខេត្តប្រកបដោយភាពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនៃនគរូបនីយប្បញ្ញត្តិ និងប្រកបដោយចីរភាព ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ែន សុផល បានមានប្រសាសន៍ថា ផ្អែកលើយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិ ស្តីពីការរៀបចំដែនដី មកដល់បច្ចុប្បន្ននេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយដៃគូរអភិវឌ្ឍន៍ផ្តល់ការគាំទ្របច្ចេកទេសដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការកសាងផែនការរៀបចំដែនដី ប្លង់គោល និង ផែនការប្រើប្រាស់ដីស្ទើរគ្រប់កម្រិត ដែលក្នុងនេះមានផែនការរៀបចំដែនដីតំបន់ឆ្នេរសមុទ្រកម្ពុជា ផែនការរៀបចំដែនដីថ្នាក់ខេត្តចំនួន៦ ប្លង់គោលរាជធានីភ្នំពេញ ប្លង់គោលប្រើប្រាស់ដី និង ផែនការប្រើប្រាស់ដី ក្រុង ស្រុក ខណ្ឌ និងទីប្រជុំជនចំនួន៤៣ ផែនការប្រើប្រាស់ដីថ្នាក់ឃុំចំនួន១២៨ ព្រមទាំងបាន និងកំពុងបន្តសិក្សារៀបចំ និងអនុម័តប្លង់គោល និងផែនការប្រើប្រាស់ដីជាបន្តបន្ទាប់ទៀត ដើម្បីធានាការគ្រប់គ្រង ការអភិវឌ្ឍ និងការសាងសង់ ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

 

ឯកឧត្តមបន្តថា កែបជាខេត្តដ៏មានសក្តានុពលល្អឯកមួយនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដូចនេះការសិក្សាប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងកែប ត្រូវបានយកចិត្តទុកដាក់គ្រប់ទិដ្ឋភាព ទាំងរូបវ័ន្ត សេដ្ឋកិច្ច សង្គម បរិស្ថាន វប្បធម៌ សោភណភាព និងការធ្វើសមាហរណកម្ម ផ្ទៃក្នុងខេត្ត តំបន់ឆ្នេរសមុទ្រ និង តំបន់ជុំវិញ ស្របតាមគោលការណ៍ភូមិសាស្ត្រ និងនីតិវិធីជាធរមាន ចាប់ពីជំហានដំបូងរហូតដល់បញ្ចប់ ដើម្បីធានាការអភិវឌ្ឍ និងអភិរក្សប្រកបដោយចីរភាព សមធម៌ និងតុល្យភាព។ 

 

ឯកឧត្តមបានសង្កត់ធ្ងន់ថា លទ្ធផលនៃការសិក្សា ដែលយកមកបង្ហាញក្នុងអង្គសិក្ខាសាលានាពេលនេះ និងការចូលរួមមតិរបស់អ្នកពាក់ព័ន្ធទាំងអស់ គឺមានសារៈសំខាន់ណាស់សម្រាប់ការសិក្សាបន្តបញ្ចប់ ព្រោះប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងកែប ជារបស់យើងទាំងអស់គ្នា។ បន្ទាប់ពីសិក្ខាសាលានេះ ក្រុមការងារគាំទ្របច្ចេកទេសក្រសួងនឹងធ្វើការពិចារណាក្នុងការកែសម្រួល និងបំពេញបន្ថែមទិន្នន័យ ព័ត៌មាន មតិ អនុសាសន៍ និងធាតុចូលរបស់អង្គសិក្ខាសាលាឲ្យកាន់តែសុក្រឹត្យ ត្រឹមត្រូវថែមទៀត រួចក្រុមការងារគាំទ្របច្ចេកទេសក្រសួងនឹងចុះស្រង់ទិន្នន័យ រូបវន្តលំអិត ដូចជា ការប្រើប្រាស់ដីជាក់ស្តែង វាស់វែងទំហំផ្លូវថ្នល់ ស្រង់ផលធៀបក្រឡាផ្ទៃបាតសំណង់ធៀបនឹងផ្ទៃដីឡូត៍ សន្ទស្សន៍ប្រើប្រាស់ដី កម្ពស់អគារ។ល។ ព្រមទាំងអនុវត្តន៍ជំហានបន្តបន្ទាប់ទៀតតាមនីតិវិធីជាធរមាន សំដៅជំរុញបញ្ចប់គម្រោងកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងកែបឲ្យបានឆាប់៕

 

ប្រភព៖ មន្ទីរព័ត៌មានខេត្តកែប

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់