សមាហរណកម្មឃុំ របស់​ស្រុក​កណ្តាល​ស្ទឹង

កណ្តាល ២២ ធ្នូ ២០១៤៖ ដើម្បីកៀរគរធនធានពីប្រភពនានាសម្រាប់គាំទ្រដល់គម្រោងវិនិយោគទាំងឡាយដែលបានស្នើឡើងដោយរដ្ឋបាលស្រុកទាំង១៨ សិក្ខាសាលាសមាហរណកម្មក្រុង ស្រុក ខេត្តកណ្តាល ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ នៅស្រុកកណ្តាលស្ទឺង។

កណ្តាល ២២ ធ្នូ ២០១៤៖ ដើម្បីកៀរគរធនធានពីប្រភពនានាសម្រាប់គាំទ្រដល់គម្រោងវិនិយោគទាំងឡាយដែលបានស្នើឡើងដោយរដ្ឋបាលស្រុកទាំង១៨ សិក្ខាសាលាសមាហរណកម្មក្រុង ស្រុក ខេត្តកណ្តាល ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ នៅស្រុកកណ្តាលស្ទឺង។

 

សិក្ខាសាលាសមាហរណកម្មនេះ អញ្ជើញជាអធិបតីដោយ ឯកឧត្តម នូ សាខន អភិបាលរងខេត្តកណ្តាល និងចូលរួមដោយអ្នកពាក់ព័ន្ធទាំងអស់។

 

តាមលោក បូរ ណារ៉េត អភិបាលស្រុកកណ្តាលស្ទឹង ចំនួនសិក្ខាសាលា សមាហរណកម្មផែនការ ថ្នាក់ ស្រុក មានការកើនឡើង និងមានការគាំទ្រ កើនឡើងជាលំដាប់ចាប់ពីឆ្នាំ ២០០៣ ដល់ ២០១៤នេះ។

 

គំរោងអាទិភាព ដែលបានស្នើរ ឡើងដោយឃុំទាំង១៨ របស់ស្រុក កណ្តាលស្ទឹងសំរាប់ការអភិវឌ្ឍន៍ក្នុង ឆ្នាំ២០១៥ មានចំនួន ៥៤៥ ៕ ឯកឧត្តម នូ សាខន មានប្រសាសន៍ថា សមាហរណកម្មនេះ នឹងធ្វើអោយមានការសម្របសម្រួល និងធ្វើឲ្យមានសង្គតិភាពរវាង គម្រោងនានានៃកម្មវិធីវិនិយោគឃុំ និងអាចពង្រឹងកិច្ចសហការរវាងរដ្ឋបាលស្រុក ជាមួយរដ្ឋបាលឃុំ និងជាមួយភាគីពាក់ព័ន្ធនានា។ ឯកឧត្តម បានបញ្ជាក់ថា កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល ១០ឆ្នាំបានអនុម័តពី រាជរដ្ឋាភិបាលដែលបានដាក់ចេញជាបីដំណាក់កាល គឺដំណាក់កាលទី១ ផែនការបីឆ្នាំដែលហៅកាត់ ផ.អ.៣ ដែលក្នុងពេលនេះយើងនឹងទទួលបានការគាំទ្រលើកម្មវិធីជាតិនេះ។

 

ឯកឧត្តម ក៏បានបន្ថែមថា សិក្ខាសាលានៅពេលនេះ គឺជាការរួមចំណែកគាំទ្រឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ក្រុមប្រឹក្សា ឃុំ-សង្កាត់។ ខ្ញុំសង្ឃឹមថា ឃុំទាំង ១៨ នៅក្នុងស្រុកកណ្តាលស្ទឹង នឹងអាចអនុវត្តគម្រោងរបស់ខ្លួនតាមលទ្ធភាព និងធនធានរបស់ស្ថាប័ន មន្ទីរអង្គភាព សង្គមស៊ីវិល និងសប្បុរសជន ដើម្បីគាំទ្រគំរោងនៅតាមឃុំទាំងនោះ។ ឯកឧត្តមបានបន្តទៀតថាសិក្ខាសាលានៅពេលនេះ គឺជាចំនុចជួបគ្នានៃវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលបំណងផ្តល់ឱកាសឲ្យមានការផ្សព្វផ្សាយផ្សារភ្ជាប់ឲ្យកាន់តែរលូន រវាងដំណើរការកសាងផែនការរបស់ឃុំ ជាមួយផែនការរបស់មន្ទីរជំនាញ អង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយដៃគូអភិវឌ្ឍន៍នានាព្រមទាំងសប្បុរសជនទាំងអស់។

 

ដូចនេះ ដើម្បីឲ្យសិក្ខាសាលាទទួលបានលទ្ធផលល្អប្រសើរ ឃុំ សង្កាត់ ត្រូវរៀបចំ ឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា ដើម្បីឲ្យការវិនិយោគ និងសកម្មភាពនានាឆ្នាំ២០១៥ ដោយឆ្លុះបញ្ចាំងឲ្យបានច្បាស់លាស់អំពីអាទិភាពនានា ដែលបានឡើងដោយប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈដំណើរការរៀបចំកម្មវិធីវិនិយោគ ឃុំ សង្កាត់។ គ្រប់មន្ទីរអង្គភាព ត្រូវត្រួតពិនិត្យមើលយន្តការក្នុងការធ្វើផែនការនិង ការអនុវត្តគម្រោងឲ្យមានភាពរលូនជាមួយគ្នាដើម្បីពង្រឹងតួនាទី របស់ក្រុមប្រឹក្សាឃុំ សង្កាត់។ ពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាព ដើម្បីធ្វើការគាំទ្រគម្រោងរបស់ឃុំដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ។ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសរបស់គម្រោងនិមួយៗ។ នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរអង្គភាព អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះកិច្ចសន្យាជួយគាំទ្រត្រូវយកចិត្តទុកដាក់ យកកិច្ចសន្យានេះបញ្ជូលក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០១៥ របស់ខ្លួន និងខិតខំអនុវត្តឲ្យមានប្រសិទ្ធភាព៕

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

អត្ថបទ៖ វរៈ រូបភាព៖ កុត្តរ៉ា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់