រដ្ឋបាលខេត្តកណ្តាល ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​

កណ្តាល ១៩ មីនា ២០១៥៖ រដ្ឋបាលខេត្តកណ្តាល បានធ្វើវេទិកាផ្សព្វផ្សាយពីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដល់មន្រ្តីរាជការទាំងអស់ បណ្តាមន្ទីរជុំវិញខេត្តកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ នៅសាលាខេត្តកណ្តាល…

កណ្តាល ១៩ មីនា ២០១៥៖ រដ្ឋបាលខេត្តកណ្តាល បានធ្វើវេទិកាផ្សព្វផ្សាយពីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដល់មន្រ្តីរាជការទាំងអស់ បណ្តាមន្ទីរជុំវិញខេត្តកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ នៅសាលាខេត្តកណ្តាល ។

 

ការផ្សព្វផ្សាយដែលមានអ្នកចូលរួមប្រមាណជា៤០០ នាក់នេះ មានការចូលរួមដោយលោក លោកស្រី អភិបាល អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរជំនាញ និងមន្រ្តីសាលាខេត្ត។ ការផ្សព្វផ្សាយនេះ មានគោលបំណងសំខាន់៣គឺ បង្កើនការយល់ដឹងឲ្យបានកាន់តែស៊ីជម្រៅលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញការចូលរួមអនុវត្ត យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ឲ្យកាន់តែស្វាហាប់ ប្រកបដោយប្រសិទ្ធភាព និងទុកជាឧបករណ៍សម្រាប់ឆ្លុះបញ្ចាំងលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលរាជរដ្ឋាភិបាលបានកំណត់។ 

 

ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានថ្លែងបើកវគ្គផ្សព្វផ្សាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា(២០១៣-២០១៨)ថាក្នុងការអនុវត្តយុទ្ធសាស្ត្រដំណាក់កាលទី២ រាជរដ្ឋាភិបាលទទួលស្គាល់ថានៅមានបញ្ហាប្រឈមសំខាន់មួយចំនួន ដែលត្រូវបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលនិងឈានទៅសំរេចចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺកសាងសង្គមកម្ពុជាមួយ ដែលមានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ច។ 

 

ក្រៅពីនេះការអភិវឌ្ឍការកែលំអជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការពារបរិស្ថាន ការលើកស្ទួយវប្បធម៌ និងសញ្ញាណជាតិជាមួយការគោរពនូវគោលការណ៍ ប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងមានប្រជាពលរដ្ឋមានចំណេះដឹង និងវប្បធម៌ជ្រៅជ្រះ មានជីវភាពសមរម្យ ។ ឯកឧត្តមបានផ្ដាំផ្ញើដល់អស់លោក លោកស្រី ត្រូវយកចិត្តទុកដាក់ស្ដាប់ និងបន្តអានឯកសារដែលបានចែកជូនដើម្បីស្វែងយល់ស៊ីជម្រៅ លើខ្លឹមសារដែលមានសារៈប្រយោជន៍សំរាប់អស់លោក លោកស្រី យកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ៕

អត្ថបទដោយ៖ សុខ សៅវរៈ

រូបភាពដោយ៖ រស់ ឡង់ឌី

ដកស្រង់ចេញពីគេហទំព័រខេត្តកណ្តាល

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់