គណៈ​អភិបាល​ខេត្ត​កណ្ដាល ប្រជុំ​បូក​សរុប​ការងារ ត្រីមាសទី១

កណ្ដាល ២៥ មេសា ២០១៤៖ ឯកឧត្ដម ផៃ ប៊ុនឈឿន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុប…

កណ្ដាល ២៥ មេសា ២០១៤៖ ឯកឧត្ដម ផៃ ប៊ុនឈឿន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី១ឆ្នាំ២០១៤ ដែលបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត និងស្រុក ក្រុងទាំង១១របស់ខេត្តកណ្ដាលសម្រេចបានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

 

នៅក្នុងកិច្ចប្រជុំនោះលោកអភិបាល ស្រុកស្អាង ស្រុកពញាឮ ស្រុកអង្គស្នួលបានលើកឡើងពីការសម្របសម្រួលដោះស្រាយបញ្ហាជាកង្វល់របស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាសាធារណៈដែលខេត្ត និងស្រុកបានរៀបចំកន្លងមក ជាពិសេសលើតម្លៃអគ្គិសនី និងតម្លៃទឹកស្អាត។

 

លោកអភិបាលស្រុក បានលើកឡើងថា ក្រោយពីមានការសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងអ្នកផ្គត់ផ្គង់អគ្គិសនី តម្លៃអគ្គិសនីនៅស្រុកស្អាងបានចុះ៥០រៀលក្នុង១គីឡូវ៉ាត់។ ស្រុកអង្គស្នួលបានចុះពីថ្លៃ១.១៥០រៀល មកនៅ១០៥០រៀល នឹងទឹកស្អាត ចុះពីតម្លៃ ២.៨០០រៀល ក្នុង១ម៉ែត្រគុបមកនៅ២.៦០០រៀល។ដោយឡែកចំពោះស្រុកពញាឮ កំពុងធ្វើការចរចាដើម្បីស្វែងរកតម្លៃមួយដែលអាចទទួលយកបានទាំងប្រជាពលរដ្ឋ និងអ្នកផ្គត់ផ្គង់អគ្គិសនី។

ឯកឧត្ដម ផៃ ប៊ុនឈឿន បានណែនាំអោយអាជ្ញាធរស្រុក ក្រុង ត្រូវពង្រឹងការងារផ្ដល់សេវា ជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស ប្រសិទ្ធភាព និងមានតម្លាភាព។ រាល់បញ្ហាដែលបានលើកឡើងក្នុងវេទិកាសាធារណៈ អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាដោះស្រាយឱ្យមានប្រសិទ្ធភាពខ្ពស់។

 

ឯកឧត្ដម ផៃ ប៊ុនឈឿន បានក្រើនរំលឹកដល់មន្ត្រីរាជការនៅតាមមន្ទីរ អង្គភាព ក្រុង ស្រុក នឹងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវជំរុញ និងសហការគ្នាបន្តទៀតក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយល្អប្រសើរ និងត្រូវចូលរួមសម្អាតបរិស្ថានតាមមន្ទីរ អង្គភាព របស់ខ្លួន និងបំផុសគំនិតឱ្យប្រជាពលរដ្ឋថែរក្សាអនាម័យនៅតាមលំនៅឋាន៕

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់