ប្រឡាយទឹក ២ខ្សែនៅឃុំព្រែកស្តីបានស្តារបំរើប្រជាជន៥ភូមិ

កណ្តាល ៣១ មីនា ២០១៥៖ ប្រឡាយទឹក២ខ្សែប្រវែង ៤២០០ម៉ែត្រ នៅឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាលត្រូវបានស្ដារដើម្បីធានាដល់ការធ្វើស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន ៥ភូមិ មាន ១៤៥៩ គ្រួសារ…

កណ្តាល ៣១ មីនា ២០១៥៖ ប្រឡាយទឹក២ខ្សែប្រវែង ៤២០០ម៉ែត្រ នៅឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាលត្រូវបានស្ដារដើម្បីធានាដល់ការធ្វើស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន ៥ភូមិ មាន ១៤៥៩ គ្រួសារ។

 

លោក ជន ប៉េងឡុង ប្រធានមន្ទីរធនធានទឹកខេត្ត ប្រាប់ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណអភិបាលខេត្តកណ្ដាល ខណៈចុះពិនិត្យស្ថានភាពជាក់ស្ដែងពេលគ្រឿងចក្រកំពុងប្រតិបត្តិការ បានបញ្ជាក់ថាការស្តារប្រឡាយនេះស្ថិតក្នុងគម្រោងរបស់ក្រសួងធនធានទឹកនិងឧត្តុនិយម ឆ្នាំ២០១៥។ 

 

ប្រឡាយខ្សែទី១មានប្រវែង ១១០០ម៉ែត្រ មាត់លើ ១៥ម៉ែត្រជម្រៅជាមធ្យម ៣ម៉ែត្រ បាតក្រោម ៤ម៉ែត្រ មានឈ្មោះប្រឡាយទួលខ្ទុំ។ ក្រសួងធនធានទឹក មានគម្រោងលើកជាផ្លូវលើខ្នងទំនប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាកសិករនៅពេលដឹកកសិផល។ ប្រឡាយទី២ មានឈ្មោះប្រឡាយម្ភៃកន្លះមានប្រវែង ៣០០០ម៉ែត្រ មាត់លើពី ១០ម៉ែត្រ ទៅ ១២ម៉ែត្រ តាមស្ថានភាពដីបាតក្រោម ២ម៉ែត្រ ជម្រៅ៣ម៉ែត្រ គឺជាប្រឡាយរងបន្តពីប្រឡាយទួលខ្ទុំ។

 

ប្រឡាយទាំង២ខ្សែនេះក្រោយការស្តារនឹងបម្រើឲ្យផ្ទៃដី ស្រូវប្រាំងចំនួន ១១០២ ហិតា ប្រជាពលរដ្ឋទទួលផលមានចំនួន ១៤៥៩គ្រួសារ ស្ថិតនៅភូមិចំនួន៥ របស់ឃុំព្រែកស្តីគឺភូមិកោះចាស់ ពោធិរាមា ពោធិរាមា(ក) ភូមិប្រធាតុ និងភូមិប្រធាតុ(ក)។ លោកមេឃុំព្រែកស្តីបានឲ្យដឹងពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការបូមទឹកដើម្បីស្រោចស្រពផ្ទៃដីស្រូវប្រាំងថាមុនពេលស្តារ បងប្អូនត្រូវបូមបន្តពីរ រឺបីតំណាក់ទើបមានទឹកដល់ស្រែរបស់បងប្អូន។ ក្រោយការស្តារប្រជាពលរដ្ឋអាចបូមពីប្រឡាយដាក់បញ្ចូលស្រែតែម្តង ពុំចាំបាច់ចំណាយថវិកាច្រើនទេ។

 

ឯកឧត្តម ម៉ៅ ភិរុណ បានក្រើនរំលឹកដល់ក្រុមបច្ចេកទេសរបស់ក្រសួងធនធានទឹកត្រូវអនុវត្តឲ្យបានតាមបទដ្ឋាន និងស្តង់ដារប្រឡាយដែលបានលើកក្នុងគម្រោង និងសូមឲ្យធានាបាននូវគុណភាពផងដែរពិសេសផ្លូវដែលជាខ្នងទំនប់ដើម្បីបង្កលទ្ធភាពឲ្យប្រជាកសិករដឹកកសិផលបានស្រួល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំង ៥ភូមិនេះ។ ឯកឧត្តម ក៏បានជំរុញឲ្យមន្ត្រីជំនាញ និងអាជ្ញាធរឃុំចុះពិនិត្យតាមដានការអនុវត្តគម្រោងនេះសំដៅធ្វើឲ្យសំណង់នេះធានាបានប្រសិទ្ធភាពក្នុងការឆ្លើយតបទំហំនៃការប្រើប្រាស់ទឹករបស់បងប្អូន។

 

នៅក្នុងថ្ងៃនោះដែរ ឯកឧត្តម ម៉ៅ ភិរុណ ក៏បានអញ្ជើញចូលរួមក្នុងពិធីពិនិត្យនិងព្យាបាលជម្ញឺជូនប្រជាជនរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន ដែលដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ ឯកឧត្តម ចៅ តុល អនុប្រធានក្រុម និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន បានចុះពិនិត្យព្យាបាលជម្ញឺជូនប្រជាពលរដ្ឋចំនួន ២៨៩៤នាក់ ដោយមិនគិតថ្លៃដែលមកពីឃុំទាំង១១របស់ស្រុកកោះធំ៕

ដកស្រង់ចេញពីគេហទំព័រខេត្តកណ្តាល

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់