បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងសេវា ច្រកចេញ ចូលតែមួយ ត្រូវបានពិភាក្សា ក្នុងវេទិកា របស់ក្រុមប្រឹក្សា

កណ្តាល ២៥ ធ្នូ ២០១៤៖ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងសេវា ច្រកចេញ ចូលតែមូយ ត្រូវបាន លើកយក មកពិភាក្សា និងពិគ្រោះ យោបល់ នៅក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះ យោបល់ របស់ក្រុមប្រឹក្សា ខេត្តកណ្តាល នៅក្រុងតាខ្មៅ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤។

កណ្តាល ២៥ ធ្នូ ២០១៤៖ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងសេវា ច្រកចេញ ចូលតែមូយ ត្រូវបាន លើកយក មកពិភាក្សា និងពិគ្រោះ យោបល់ នៅក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះ យោបល់ របស់ក្រុមប្រឹក្សា ខេត្តកណ្តាល នៅក្រុងតាខ្មៅ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤។

វេទិកានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ 

ឯកឧត្តម ផៃ ប៊ុនឈឿន បានលើកឡើងថា បញ្ហាប្រឈម ដែលបានលើកឡើងក្នុងវេទិកា ឆ្នាំ២០១៣ កន្លងមក រួមមាន ចំនួន១៣បញ្ហា និងគំរោងដែលត្រូវអភិវឌ្ឍន៍ក្រុងតាខ្មៅ សំរាប់ឆ្នាំ២០១៥ ដែលបានអនុម័តដោយក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តកណ្តាល មាន ១៥គំរោង សរុបទឹកប្រាក់ប្រមាណប្រាំមួយពាន់លាន ប្រាំបួនរយពាន់រៀល ដែលក្នុងនោះភាគច្រើនជាគំរោងជួសជុលផ្លូវចាក់បេតុង ក្រាលឆ្អឹងដែក និងចាក់កៅស៊ូ DBST។

បញ្ហាប្រឈមដែលប្រជាពលរដ្ឋ បានលើកឡើងក្នុងវេទិកា ឆ្នាំ២០១៤ ដើម្បីឲ្យក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត ជួយដោះស្រាយ គឺជាបញ្ហាដីធ្លីដែលបញ្ហានេះត្រូវបានមន្ទីរជំនាញឡើងធ្វើការបំភ្លឺ ដោយពាក់ព័ន្ធជាមួយច្បាប់ និងការទុកចំណីដី សំរាប់ការធ្វើផ្លូវលំក្នុងភូមិ។

អំពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានផ្តល់អនុសាសន៍ដល់អាជ្ញាធរក្រុង កងកំលាំងនគរបាល ប្រជាការពារ និងអាជ្ញាធរសង្កាត់ ត្រូវបង្កើនសកម្មភាពត្រួតពិនិត្យ ឲ្យដូចភ្លៀងរលឹម មិនមែនធ្វើហើយនៅក្នុងសង្កាត់ នីមួយៗ កាន់តែមានបាតុភាព ច្រើនឡើងនោះទេ ត្រូវតែកាត់បន្ថយ ជាបណ្តើរៗ និងឈានទៅលុបបំបាត់ទាំងស្រុង។ បញ្ហាអនាម័យ សំរាម និងតំលៃការយកសំរាម មានការកើនឡើងទ្វេមួយជាពីរ។ ឯកឧត្តមបានក្រើនរំលឹក ដល់ក្រុមហ៊ុនម៉ៅការ និងអាជ្ញាធរ ក្រុង ត្រូវធ្វើការពិភាក្សាដើម្បីរកដំណោះស្រាយ ពីព្រោះវាប៉ះពាល់ដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក។ បញ្ហាគ្រូបង្រៀន ដែលលក់ក្រដាសឲ្យកូនសិស្ស ក្នុង១សន្លឹក៥០០រៀល ស្នើឲ្យប្រធានមន្ទីរអប់រំខេត្ត មានចំណាត់ការភ្លាមៗ ពីព្រោះបញ្ហានេះអាច រំខានដល់ការសិក្សារបស់សិស្សដែល គ្មានថវិកា និងប៉ះពាល់ដល់ជីវភាពមាតាបិតាសិស្សផង ព្រោះ១ថ្ងៃសិស្សត្រូវ ទិញមេរៀនពីគ្រូ អាចពី៣ ទៅ៤មុខវិជ្ជា។

ដោយឡែក ការស្នើសុំធ្វើស្ពានបត្តាជី ធ្វើផ្លូវតាមដងស្ទឹង ការបង់ពន្ធដី ការជះក្លិនស្អុយពីកសិដ្ឋានចិញ្ចឹមជ្រូក ការដាំបង្គោលភ្លើងចូលជ្រៅក្នុងដី របស់ប្រជាជន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានផ្តល់អនុសាសន៍ឲ្យមន្ទីរ ពាក់ព័ន្ធចុះពិនិត្យសិក្សា ដើម្បីដោះស្រាយ ជាបន្ទាន់ ដោយមិនចាំដល់វេទិកាឆ្នាំក្រោយនោះទេ៕

ដោយៈ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់