ឯកឧត្តម ជាវ តាយ បញ្ជាក់ថា ពាក់ព័ន្ធនឹងពិធីបុណ្យសមុទ្រលើកទី៨ជុំទី២ ដែលខេត្តកំពតត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០១៩នេះ។ ដូច្នេះដើម្បីឱ្យពិធី បុណ្យសមុទ្រឆ្នាំ២០១៩នៅខេត្តកំពត បានប្រព្រឹត្តទៅប្រកបដោយភាពរលូន និងទទួលបានលទ្ធផលកាន់តែល្អប្រសើរជោគជ័យថែមទៀតជាងបណ្ដាឆ្នាំកន្លងទៅក៏ដូចនៅតាមបណ្ដាខេត្តជាប់សមុទ្រទាំងបួននោះ ជាការចាំបាច់មន្ទីរ អង្គភាពជុំវិញខេត្តនីមួយៗត្រូវតែមានការយកចិត្តទុកដាក់ទាំងអស់គ្នាក្នុងការរៀបចំបណ្ដើរៗធ្វើយ៉ាងណាឱ្យមានសោភណភាពតាមមន្ទីរអង្គភាព នីមួយៗ ដែលនៅក្នុងក្រុងកាន់តែមានភាពលេចធ្លោជាងមុន។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងថា តាមរយៈការសង្កេត នៅតាមបណ្ដាមន្ទីរ អង្គភាព នីមួយៗក្នុងខេត្តនៅមិនទាន់បានអនុវត្តន៍ព្រមគ្នា នៅឡើយហើយក៏មានភាពមិនទាន់ល្អស្អាតនៅឡើយដែរ។ ឯកឧត្តមអភិបាលខេត្តក៏បានដាក់ជាសំណូមពរក៏ដូចជាផែនការណែនាំជាចាំបាច់ ឱ្យមន្ទីរអង្គភាព អាជ្ញាធរ រួម ទាំងប្រជាពលរដ្ឋ ត្រូវតែចូលរួមចលនាឱ្យបានផុលផុស និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយយកចិត្តទុកដាក់ពីបញ្ហា អនាម័យសោភណភាព បរិស្ថានតាមដងផ្លូវឬ បរិវេណជុំវិញមន្ទីរអង្គភាពសួនសាធារណៈ និងលំនៅឋា នរបស់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងក្រុងកំពត។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានលើកការសរសើរ ដល់មន្ទីរ អង្គភាព មួយចំនួនដែលបានខិតខំប្រឹងប្រែង និងបានជំរុញឱ្យមានការខិតខំប្រឹង ប្រែងយកចិត្តទុកដាក់ទាំងអស់គ្នាដើម្បីធ្វើយ៉ាងណាធ្វើឱ្យខេត្តកំពតមានការទទួលគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរនៅពេលខាងមុខកាន់តែច្រើនឡើងៗ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បានលើកឡើងឱ្យដឹងពីភាពប្រែប្រួលរីក ចម្រើនពាក់ព័ន្ធអាជីវកម្មរបស់ខេត្តកំពតនាពេលបច្ចុប្បន្ន ជាច្រើនវិស័យ ដូច្នេះ ឯកឧត្តមអភិបាលខេត្តនៅតែទទូចបន្ត ទាំងថ្នាក់ដឹកនាំមន្រីរាជការកងកម្លាំងប្រដាប់ អាវុធគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋ ត្រូវខិតខំរួមគ្នា ធ្វើឱ្យបានព្រមគ្នា គោលដៅរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍខេត្តកំពតឱ្យកាន់តែរីចម្រើនថែមទៀត។
សូមបញ្ជាក់ថា របៀបវារៈក្នុងកិច្ចប្រជុំនេះរួមមាន៖ ១-ពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហាឆ្នាំ២០១៩ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។ ២-ពិនិត្យ ពិភាក្សាលើលើការចែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការខែកក្កដាឆ្នាំ២០១៩។
៣-ពិនិត្យពិភាក្សាលើសេចក្ដីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍ខេត្តកំពត(២០២០-២០២៤) និង៤-បញ្ហាផ្សេងៗដោយអង្គប្រជុំមានការ ពិនិត្យ ពិភាក្សាយ៉ាងយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕
ប្រភពពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា