ពីធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី២

កំពង់ធំ ១០ មិថុនា ២០១៤៖ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាខេត្តកំពង់ធំ មានរៀបចំពីធីប្រកាសចូលកាន់តំណែង របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី២…


កំពង់ធំ ១០ មិថុនា ២០១៤៖ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាខេត្តកំពង់ធំ មានរៀបចំពីធីប្រកាសចូលកាន់តំណែង របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី២ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ។

ក្នុងឱកាសនេះផងដែរ ក៏មានវត្តមានប្រតិភូអមដំណើរ អនុរដ្ឋលេខាក្រសួងមហាផ្ទៃ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញ ក្រុមប្រឹក្សា និងគណៈអភិបាល ក្រុង ស្រុក តំណាងសមាគម ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ មេបញ្ជាការនៃទីបញ្ជាការសឹករងខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងសភាពាណិជ្ជកម្មខេត្ត តំណាងអង្គការជាតិ និងអន្តរជាតិ តំណាងគណបក្សប្រជាជនកម្ពុជា តំណាងគណបក្សសង្គ្រោះជាតិ តំណាងគណបក្សហ្វុនស៊ីនប៊ិច និងមន្រ្តីអ្នកមុខអ្នកការ ជាច្រើនរូបទៀតសរុប ២៤៥ រូប (ស្រ្តី៤៨ រូប)។

ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្ត មានមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសភាពការណ៍ទូទៅរបស់ខេត្ត ការអភិវឌ្ឍលើគ្រប់វិស័យដោយផ្តោតលើការងារសន្តិសុខ និងសុវត្ថិភាពសាធារណៈ ការងារសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ និងលទ្ធផលការងារបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី១ (២០០៩ ២០១៤)។

បន្ទាប់មកឯកឧត្តម ឈឹម កាន អគ្គនាយករងនៃអគ្គនាយដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ បានអាន ព្រះរាជក្រឹត្យលេខ នស/រកត/០៥១៤/៦៤៣ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាខេត្តកំពង់ធំ។ យោងតាមព្រះរាជក្រឹត្យសម្រេចទទួលស្គាល់ឯកឧត្តម ឈុន ឈន់  ជាប្រធានក្រុមប្រឹក្សាខេត្ត កំពង់ធំ និងសមាជិកក្រុមប្រឹក្សាចំនួន ១៦ រូបទៀត។

ឯកឧត្តម ឈុន ឈន់  ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ដែលទើបប្រកាសចូលកាន់តំណែង មានមតិចំណាប់អារម្មណ៍ និងធ្វើការប្តេជ្ញាចិត្តៈ

  1. ភក្តីភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងខេត្ត ដោយគោរពនូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានជាធរមាន និងអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៥ លើកកម្ពស់ប្រសិទ្ធិភាពកំណែទម្រង់ស៊ីជម្រៅ និងអនុវត្តន៍សេចក្តីសម្រេចប្រកបដោយអភិបាលកិច្ចល្អ ក្នុងភាព ជាដំណាងរាជរដ្ឋាភិបាល។
  2. ខិតខំពង្រឹង ពង្រីករដ្ឋបាលឯកភាពខេត្ត (ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត្ត) ធ្វើយ៉ាងណាឲ្យរដ្ឋបាលឯកភាពនេះ អាចម្ចាស់ការបាន ក្នុងការគ្រប់គ្រងការចាត់ចែងមុខងារជាកាតព្វកិច្ច ធនធាន រាប់ទាំងហិរញ្ញវត្ត បុគ្កលិក និង ទ្រព្យសម្បតិរបស់ខ្លួន ហើយមានសមត្ថភាពសម្របសម្រួលនូវសកម្មភាពនៃការផ្តល់សេវា និងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ក្នុងដែន សមត្ថកិច្ចរបស់ខ្លួន។
  3. ពង្រឹង ពង្រីកសាមគ្គីផ្ទៃក្នុង (ក្រុមប្រឹក្សា-ក្រុមប្រឹក្សា ក្រុមប្រឹក្សា-គណៈអភិបាល និងមន្ត្រី បុគ្គលិក ព្រមទាំងទំនាក់ទំនងល្អជាមួយបណ្តាក្រុមប្រឹក្សាតាមប្រភេទនីមួយៗ ព្រមទាំងក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្នុងដែនសមត្ថកិច្ច ដើម្បីសុខដុមនីយកម្ម លើទិដ្ឋភាពនយោបាយ និងរដ្ឋបាល សំដៅរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច រឹងមាំខ្លាំងក្លា ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តឲ្យបានឆាប់រហ័ស។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ធំ បានមានមតិសំណេះសំណាល និងផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំខេត្ត បន្តអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំអនុវត្តការងារឲ្យសម្រេចបានជោគជ័យ ជាពិសេសបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាខេត្តថ្មី អាណត្តិទី២ ដែលទើបប្រកាសចូលកាន់តំណែងត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។ ចំពោះមុខជាបន្ទាន់នេះត្រូវរៀបចំរបៀបរបបការងាររបស់ខ្លួនស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃលេខ០១៥សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ត្រូវប្រជុំសាមញ្ញលើកទី១ មិនឲ្យហួសពី១៥ថ្ងៃ បន្ទាប់ពីពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សានាថ្ងៃនេះ។ កិច្ចប្រជុំ សាមញ្ញលើកទី១ ក្រុមប្រឹក្សាត្រូវធ្វើការផ្សព្វផ្សាយ និងស្តាប់របាយការណ៍លើបញ្ហាមួយចំនួនដូចជា៖

  1. ផ្សព្វផ្សាយសេចក្តីណែនាំ០១៥សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សានិងគំរូបបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។
  2. ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំក្រុមប្រឹក្សាសម្រាប់រយៈពេល១២ខែ។
  3. អភិបាលខេត្តធ្វើរបាយការណ៍អំពីលទ្ធផលការងារនៃរដ្ឋបាលរបស់ខ្លួនក្នុងការដឹកនាំរបស់ក្រុមប្រឹក្សា អាណត្តិទី១ និងការងារសេសសល់ ទិសដៅការងាររយៈពេល៣ខែ និងណែនាំក្រុមប្រឹក្សាត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ មិនឲ្យមុន២៥ថ្ងៃ ឬ លើស៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំលើកទី១។ ក្នុងកិច្ចប្រជុំលើទី២ ក្រុមប្រឹក្សាខេត្តត្រូវអនុម័ត កំណត់ហេតុកិច្ចប្រជុំលើកទី១ ដីកាស្តីពីបទបញ្ជាផ្ទៃក្នុងក្រុមប្រឹក្សា និងប្រតិទិននៃកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សារយៈ ពេល១២ ខែ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់