ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ស្រុកកំពង់សីលា អាណត្ដិទី២ ខេត្តព្រះសីហនុ

កំពង់សីលា-ព្រះសីហនុ ៩ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ស្រុកកំពង់សីលា អាណត្ដិទី២ និងការប្រកាសតែងតាំងអភិបាលនៃគណៈអភិបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានប្រារព្ធធ្វើឡើង…

កំពង់សីលា-ព្រះសីហនុ ៩ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ស្រុកកំពង់សីលា អាណត្ដិទី២ និងការប្រកាសតែងតាំងអភិបាលនៃគណៈអភិបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាស្រុកកំពង់សីលា កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ដព្រះសីហនុ និង ឯកឧត្ដម ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ ដោយមានវត្តមានថ្នាក់ដឹកនាំ អង្គភាព ការិយាល័យ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ ព្រមទាំងមន្រ្តីអ្នកមុខអ្នកការ ជាច្រើនរូបទៀតរបស់សាលាស្រុកកំពង់សីលា សរុបចំនួន ១០១ នាក់ (ស្ដ្រី០៨នាក់)។

 

បន្ទាប់ពីលោក សន កុសល អភិបាលស្ដីទីនៃគណៈអភិបាលស្រុកកំពង់សីលា មានមតិស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេបជូនអង្គពិធីរួចមក លោក អៀម សារិន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សនៃសាលាខេត្ដ បានអានអនុក្រឹត្យលេខ ៨០២អនក្រ.តត របស់រាជរដ្ឋាភិបាលចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សាស្រុកកំពង់សីលាចំនួន១១រូប (ស្រ្ដី០១រូប) និងអនុក្រឹត្យលេខ ៦១៣ អនក្រ.តត របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ ស្ដីពីសម្រេចតែងតាំងលោក សៅ បុរីវឌ្ឍនៈ ជាអភិបាលនៃគណៈអភិបាលស្រុកកំពង់សីលា។

 

ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ដព្រះសីហនុ បានប្រគល់អនុក្រឹត្យទទួលស្គាល់ ជូនលោក ដឹក ហួរ ជាប្រធានក្រុមប្រឹក្សាស្រុកកំពង់សីលា និងសមាជិកក្រុមប្រឹក្សាចំនួន ១០រូប ផ្សេងទៀត ហើយឯកឧត្ដម ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ ក៏បានប្រគល់ អនុក្រឹត្យ និងត្រាជូនលោក លោក សៅ បុរីវឌ្ឍនៈ ជាអភិបាលនៃគណៈអភិបាលស្រុក កំពង់សីលាផងដែរ។

 

លោកប្រធានក្រុមប្រឹក្សាស្រុកកំពង់សីលាបានមានប្រសាសន៍ដោយប្ដេជ្ញាអនុវត្ដនូវកិច្ចការជាអាទិភាពសម្រាប់ក្រុមប្រឹក្សាអាណត្ដិទី២។

 

ឯកឧត្ដម ឈិត សុខុន អភិបាលនៃគណៈ អភិបាលខេត្ដព្រះសីហនុ បានផ្ដាំផ្ញើដល់គណៈអភិបាលស្រុកបន្ដលើកកម្ពស់ទំនាក់ទំនង និងគណនេយ្យភាពជាមួយក្រុមប្រឹក្សា និងប្រជាពលរដ្ឋ សំដៅប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាស្ថាប័ន អភិបាលកិច្ចដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងសង្គមនៅក្នុងមូលដ្ឋានរបស់ខ្លួន និងបន្ដលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម ប្រកបដោយសមធម៌។ 

 

ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ដព្រះសីហនុក៏បានផ្តាំផ្ញើ ដល់សមាជិកក្រុមប្រឹក្សា ស្រុកកំពង់សីលាអាណត្ដិទី២ ត្រូវអនុវត្ដ កិច្ចការជាបន្ទាន់មានដូចជា៖ 

  1. ធ្វើការប្រជុំសាមញ្ញលើកទី១ មិនឲ្យហួសពី ១៥ថ្ងៃបន្ទាប់ពីពិធីប្រកាសចូលកាន់តំណែងនេះ 
  2. រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ មិនឲ្យលើសពី ៣៥ថ្ងៃបន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ 
  3. ត្រូវធ្វើការប្រកាសទ្រព្យសម្បត្ដិ និងបំណុលរបស់ខ្លួន ហើយបញ្ជូន មកអង្គភាពប្រឆាំងអំពើពុករលួយក្នុងរយៈពេល៣០ថ្ងៃ យ៉ាងយូរ បន្ទាប់ពីថ្ងៃប្រកាសចូលកាន់តំណែងនេះ។ 

 

ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ដព្រះសីហនុ ក៏បានជំរុញឲ្យសមាជិកក្រុមប្រឹក្សា និងគណៈអភិបាល ស្រុកកំពង់សីលា យកចិត្ដទុកដាក់ អនុវត្តកិច្ចការជាអាទិភាពសំដៅចូលរួមចំណែកអនុវត្តដោយ ជោគជ័យនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលរបស់រាជរដ្ឋាភិបាល កម្ពុជា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់