ការ​ពង្រឹង​សមត្ថភាព​អំពី តួនាទី និងការទទួលខុសត្រូវ ​របស់​ក្រុមប្រឹក្សាជាស្រ្តី ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ១១ កញ្ញា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយកម្មវិធី EU-SPACE បានផ្តល់ការអភិវឌ្ឍសមត្ថភាពអំពីតួនាទី និងការទទួលខុសត្រូវ រយៈពេល៣ថ្ងៃ នៅថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៤ ដល់ក្រុមប្រឹក្សាជាស្ត្រីចំនួន១៧រូប នៃខេត្តកំពង់ឆ្នាំង និងស្រុកទាំង៨ ដែលធ្វើឡើងនៅសណ្ឋាគាររស្មីសុខាញូយ៉ក ខេត្តកំពង់ឆ្នាំង។


កំពង់ឆ្នាំង ១១ កញ្ញា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយកម្មវិធី EU-SPACE បានផ្តល់ការអភិវឌ្ឍសមត្ថភាពអំពីតួនាទី និងការទទួលខុសត្រូវ រយៈពេល៣ថ្ងៃនៅថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៤ដល់ក្រុមប្រឹក្សាជាស្ត្រីចំនួន១៧រូប នៃខេត្តកំពង់ឆ្នាំង និងស្រុកទាំង៨ដែលធ្វើឡើងនៅសណ្ឋាគាររស្មីសុខាញូយ៉ក ខេត្តកំពង់ឆ្នាំង។

វគ្គពង្រឹងសមត្ថភាពនេះមានគោលបំណងដើម្បីឲ្យក្រុមប្រឹក្សាជាស្ត្រីបានពង្រឹងបន្ថែមនូវការយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ចែករំលែកបទពិសោធន៍រវាងក្រុមប្រឹក្សាថ្មី និងក្រុមប្រឹក្សាចាស់ ពង្រឹងសមត្ថភាពបន្ថែមលើការវិភាគបញ្ហា និងបង្កើនទំនុកចិត្តលើខ្លួនឯង។

លោកស្រី សុស វឌ្ឍនា ទីប្រឹក្សាអភិបាលកិច្ចមូលដ្ឋាននៃកម្មវិធីEU-SPACE ប្រចាំខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះនឹងពង្រឹងភាពអង់អាចដល់ក្រុមប្រឹក្សាជាស្ត្រីឲ្យមានភាពក្លាហានជាងមុនក្នុងការនិយាយជាសាធារណៈ ក៏ដូចជាការលើកឡើងបញ្ហាក្នុងកិច្ចប្រជុំក្រុមប្រឹក្សា។ «កាលពីមុន គាត់មិនសូវហ៊ាននិយាយ ដោយសារសមត្ថភាពគាត់នៅមានកម្រិត។ តែពេលមានវគ្គនេះ គាត់ហ៊ាននិយាយជាងមុន និងអាចដឹកនាំកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) បាន»។

នៅក្នុងវគ្គពង្រឹងសមត្ថភាពនេះ មានក្រុមប្រឹក្សាចាស់១០រូប និងក្រុមប្រឹក្សាថ្មី៧រូប បានធ្វើការពិភាក្សាជាក្រុមទៅលើតួនាទី និងការទទួលខុសត្រូវ ដោយក្រុមប្រឹក្សាចាស់បានចែករំលែកបទពិសោធន៍ដល់ក្រុមប្រឹក្សាថ្មី។

លោកស្រី អ៊ូ ច័ន្ទណារ៉ា សមាជិកក្រុមប្រឹក្សាថ្មីនៃស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអាណត្តិទី២នេះ លោកស្រីមិនទាន់ហ៊ានបញ្ចេញមតិនៅឡើយ ដោយសារលោកស្រីជាក្រុមប្រឹក្សាថ្មី មិនដែលធ្លាប់ឆ្លងកាត់នៅក្នុងកិច្ចរបស់ក្រុមប្រឹក្សា។ បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនេះ លោកស្រីសង្ឃឹមថានឹងមានការយល់ដឹងបន្ថែម និងអាចហ៊ាននិយាយជាងមុន។ លោកស្រីបានផ្ដាំផ្ញើដល់ក្រុមប្រឹក្សាជាស្ត្រីដ៏ទៀត ត្រូវយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពបន្ថែមទៀត ព្រោះចំណេះដឹងនៅមានកម្រិត។

 

លោកស្រី នួន ហុង សមាជិកក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា កាលពីនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាណត្តិទី១ លោកស្ត្រីមានការភ័យខ្លាច ព្រោះចំណេះដឹងនៅមានកម្រិត ហើយមិនសូវមានមតិ យោបល់នៅក្នុងអង្គប្រជុំ។ ឥលូវនេះ លោកស្រីមានភាពកក់ក្ដៅជាងមុន នៅពេលដែលទទួលបានវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់។ លោកស្ត្រីសំណូមពរឲ្យមានវគ្គពង្រឹងសមត្ថភាពនេះបន្តទៅទៀត។

ដូចគ្នានេះដែរ លោកស្រី ម៉ុក ច័ន្ទតារាស៊ី សមាជិកក្រុមប្រឹក្សាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានក៏បានលើកឡើងដែរថា  កាលពីប្រជុំក្រុមប្រឹក្សាអាណត្តិទី១ លោកស្រី មានការភ័យខ្លាច មិនទាន់ជឿជាក់លើខ្លួនឯងថាអាចបំពេញការងារជាក្រុមប្រឹក្សាបានដែរឬទេ ពីព្រោះវាគឺជាតួនាទីថ្មីសម្រាប់លោកស្រី។ ប៉ុន្តែ ឥលូវវាមានការផ្លាស់ប្ដូរ។ លោកស្រីមានការសប្បាយរីករាយ និងមានមោទនភាព ដោយសារសមត្ថភាពក្នុងការបំពេញការងាររបស់លោកស្រីមានការកើនឡើងជាលំដាប់ បន្ទាប់ពីបានឆ្លងកាត់នូវវគ្គបណ្ដុះបណ្ដាលបែបនេះ ជាបន្តបន្ទាប់។

លោកស្រី បន្តថា លោកស្រីសម្រេចបានគោលដៅពាក់កណ្ដាលហើយសម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់លោកស្រី សម្រាប់អាណត្តិទី១នៃក្រុមប្រឹក្សា ហើយជឿជាក់ថានឹងសម្រេចបានជោគជ័យទាំងស្រុងក្នុងអាណត្តិទី២។ លោកស្រីបានផ្ដាំផ្ញើដល់សមាជិកក្រុមប្រឹក្សាជាស្ត្រីដ៏ទៃទៀតថា នេះគឺជាឱកាសដ៏ល្អសម្រាប់ការផ្ទេរចំណេះដឹង និងបទពិសោធន៍ដល់ក្រុមប្រឹក្សាជាស្ត្រី ហើយត្រូវយកចំណេះដឹងទាំងនេះទៅអនុវត្ត ក្នុងការងារឲ្យបានជោគជ័យ។ លោកស្រីបន្តថា៖ «ស្ត្រីមិនត្រូវរាថយ។ ស្ត្រីត្រូវចេះដោះស្រាយបញ្ហា។ ឥលូវនេះគេទទួលស្គាល់យើងបានច្រើនជាងមុន រួមទាំងសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត»។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាចាស់ជាស្ត្រីក្នុងខេត្តកំពង់ឆ្នាំងបានទទួលការពង្រឹងសមត្ថភាពចំនួន៨វគ្គមកហើយ។ ដោយឡែក ក្រុមប្រឹក្សាថ្មីជាស្ត្រីក្នុងខេត្តនេះ ទើបតែទទួលបានការបណ្តុះបណ្តាលលើកទីមួយតែប៉ុណ្ណោះ ដែលផ្តោតលើតួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាជាស្ត្រី។ វគ្គបណ្តុះបណ្តាលនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់