ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​រង្វង់​មូល មិត្តភាព​កម្ពុជា-កូរ៉េ

កំពត ២៣ មីនា ២០១៥៖ ក្រោយស្ថាបនារួចរាល់ជាស្ថាពររង្វង់មូលមិត្តភាពកម្ពុជា-កូរ៉េ ដែលរំលេចដោយរូបសញ្ញាទឹករលកសមុទ្រ ស្ថិតនៅលើដងផ្លូវជាតិលេខ៣ ក្បែរស្ពានកំពង់បាយក្នុងក្រុងកំពត រដ្ឋបាលខេត្តកំពតបានរៀបចំពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥។

កំពត ២៣ មីនា ២០១៥៖ ក្រោយស្ថាបនារួចរាល់ជាស្ថាពររង្វង់មូលមិត្តភាពកម្ពុជា-កូរ៉េ ដែលរំលេចដោយរូបសញ្ញាទឹករលកសមុទ្រ ស្ថិតនៅលើដងផ្លូវជាតិលេខ៣ ក្បែរស្ពានកំពង់បាយក្នុងក្រុងកំពត រដ្ឋបាលខេត្តកំពតបានរៀបចំពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥។

 

ជាមួយនឹងការបើកឱ្យប្រើប្រាស់រង្វង់មូលប្រកបដោយសោភ័ណភាពដ៏ល្អប្រណីតមួយនេះក៏មានកម្មវិធីប្រគល់ទទួលសមិទ្ធផលគម្រោងបំពាក់បរិក្ខារសុវត្ថិភាព ចរាចរលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤៨ផងដែរ ក្រោមការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងសាធារណការ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា។

 

មានមតិស្វាគមន៍ក្នុងពិធីនេះ ឯកឧត្ដម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្តសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជារង្វង់មូលមិត្តភាពកម្ពុជា- កូរ៉េ ព្រមទាំងសមិទ្ធផលនៃការបំពាក់បរិក្ខារសុវត្ថិភាពលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤៨ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏មានសារសំខាន់សម្រាប់បញ្ចៀសករណីគ្រោះថ្នាក់ចរាចរ និងជាការរួមចំណែកក្នុងការបំពេញលក្ខណៈវិនិច្ឆ័យរបស់ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ។

 

ជាមួយគ្នានេះ ឯកឧត្ដមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ KOICA នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងក្រសួងសាធារណការដែលបានចំណាយថវិកាស្ថាបនាសមិទ្ធផលទាំងនោះ និងខិតខំយកចិត្តទុកដាក់ជំរុញការអនុវត្តន៍គម្រោងបានឆាប់រហ័សរហូតលេចចេញជារូបរាងនៅចំពោះមុខ។

 

ឯកឧត្ដមគីម វុនជីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានមានប្រសាសន៍ក្នុងពិធីនេះថា តាមស្ថិតិរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០១៣ បានបញ្ជាក់ឱ្យឃើញថាប្រទេសកូរ៉េជាប់លំដាប់ថ្នាក់លេខ៥ ចំណោមបណ្ដាប្រទេសដែលជួយក្នុងផ្នែកជំនួយអភិវឌ្ឍផ្លូវការ។ ហើយសម្រាប់ឆ្នាំ ២០១៥ តាមរយៈ KOICA បានផ្តល់ជំនួយថវិកាប្រមាណជា២១លាន៥០ម៉ឺនដុល្លារ។ ក្រៅពីនោះកូរ៉េ មានគម្រោងផ្ដល់ជំនួយឥតសំណងប្រមាណ១០លានដុល្លារបន្ថែមទៀត។

 

ឯកឧត្ដមឯកអគ្គរដ្ឋទូត បានបន្តថាសម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន KOICA បានសហការ និងផ្ដល់នូវជំនួយឥតសំណងព្រមទាំងកម្ចីពីធនាគារកូរ៉េដើម្បីរួមគ្នាក្នុងការកែលំអ អភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ដើម្បីកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាមានភាពប្រសើរឡើងទាមទារឱ្យមានការចូលរួមសហប្រតិបត្តិការ និងកិច្ចជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំក្រសួងសាធារណការព្រមទាំងសហការី ក៏ដូចជាគ្រប់អ្នកពាក់ព័ន្ធទាំងអស់ព្រោះហេដ្ឋារចនាសម្ព័ន្ធជាផ្នែកមួយដ៏មានសារសំខាន់ក្នុងការអភិវឌ្ឍន៍។

 

ថ្លែងក្នុងឱកាសនេះ ឯកឧត្ដមត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមាន ប្រសាសន៍ថា សមិទ្ធផលជារង្វង់មូលសាងសង់នៅក្រុងកំពត និងជាបរិក្ខារសុវត្ថិភាពដែលបានបំពាក់ រួមទាំងការកែសម្រួលលើផ្នែកខ្លះនៃកំណាត់ផ្លូវជាតិលេខ៣ ពីកំពតដល់វាលរេញ ប្រវែង៥៣,៤០គីឡូម៉ែត្រ និងលើផ្លូវជាតិលេខ៤៨ ពីចម្ការហ្លួងដល់ទីរួមខេត្តកោះកុង ប្រវែង១៥៨,៥០គីឡូម៉ែត្រនេះមិនត្រឹមតែជួយការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជាឱ្យរួចផុតពីគ្រោះថ្នាក់ចរាចរប៉ុណ្ណោះទេ សមិទ្ធផល នោះបានជួយដល់ការជំរុញកំណើនសេដ្ឋកិច្ចសង្គមកម្ពុជា និងប្រជាពលរដ្ឋក្នុងតំបន់អាស៊ានទាំងមូល តាមរយៈការជួយសម្រួលដល់ចរាចរដឹកជញ្ជូននៅតាមផ្លូវទាំងនេះដែលជាផ្នែកមួយនៃផ្លូវអាស៊ាន ហាយវេ លេខ១២៣ ភ្ជាប់ពីព្រំដែនកម្ពុជា-ថៃ នៅខេត្តកោះកុងមកកំណាត់ផ្លូវជាតិលេខ៣ កាត់តាម ផ្លូវជាតិលេខ៣៣ទៅនឹងព្រំដែនកម្ពុជា-វៀតណាមនៃខេត្តកំពត។ ការតភ្ជាប់នេះអាចសម្រួលដោយផ្ទាល់ដល់ការដឹកជញ្ជូន និងទំនាក់ទំនងរវាងកម្ពុជា-វៀតណាម និងថៃ លើចម្ងាយផ្លូវដ៏ខ្លីជាងបណ្តាញផ្លូវដទៃទៀតនៅទូទាំងប្រទេសកម្ពុជា។

 

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសាធារណការបានសំណូមពរចំពោះសាធារណរដ្ឋកូរ៉េ តាមរយៈឯកឧត្ដមឯកអគ្គរដ្ឋទូត និងតំណាងអង្គការ KOICAប្រចាំកម្ពុជា បន្តជំរុញកិច្ចសហប្រតិបត្តិការដ៏វិសេសវិសាលទាំងនេះដើម្បីជួយដល់រាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋកម្ពុជា ឱ្យបានកាន់តែឆាប់រហ័ស និងបានរឹងមាំបន្ថែមទៀត។ ជាពិសេសសូមបន្តជួយលើវិស័យសាធារណការ និងដឹកជញ្ជូនព្រមទាំងសុវត្ថិភាព ចរាចរដើម្បីសម្រាលបន្ទុកការដឹកជញ្ជូនតាមផ្លូវគោកដោយបង្វែរតាមរយៈការជំរុញលើកកម្ពស់ ការដឹកជញ្ជូនតាមផ្លូវដែក និងផ្លូវទឹក ព្រោះការជួសជុល ថែទាំ សាងសង់ផ្លូវថ្នល់ត្រូវចំណាយថវិកាយ៉ាងច្រើនហើយបរិមាណ និងសុវត្ថិភាពនៃការដឹកជញ្ជូនក៏មានកម្រិតទៀតផង៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកំពត

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់