ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអភិវឌ្ឍន៍ធនធានមនុស្សដល់កម្ពុជា

"

ភ្នំពេញ ១៦ មិថុនា ២០១៥ ៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន២របស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពត និងគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥នេះ…

ភ្នំពេញ ១៦ មិថុនា ២០១៥ ៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន២របស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពត និងគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥នេះ រវាងលោកបណ្ឌិត អូនព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជាមួយលោក Itsu Adachi ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងទាំងពីរនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលបានហិរញ្ញប្បទានឥតសំណងសរុបចំនួន ៣.២៨៤លានយេន ត្រូវជាប្រមាណ  ២៧,៣៧លានដុល្លារ ក្នុងនោះ ៖ (១)ហិរញ្ញប្បទានចំនួន ២.៩៨៥លានយេន ឬប្រមាណ ២៤,៨៧លានដុល្លារ សម្រាប់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពត។ តាមរយៈគម្រោងនេះ រដ្ឋាករទឹកក្រុងកំពត នឹងអាចបង្កើនសមត្ថភាពផលិតទឹកស្អាតដែលមានស្រាប់ពី៥៧០០ម³ក្នុងមួយថ្ងៃនៅក្រុងកំពត។ ទាំងនេះនឹងរួមចំណែកយ៉ាងធំធេងក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិស្ថានរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្រុងកំពត។

 

ទី២-ហិរញ្ញប្បទានចំនួន ២៩៩លានយេន ឬប្រមាណ ២,៥លានដុល្លារ សម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។ គម្រោងនេះមានទិសដៅដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលមន្ត្រីរាជការ និងសិស្សានុសិស្សទូទៅ ដែលមានសមត្ថភាព និងមានសក្ដានុពលក្លាយទៅជាអ្នកដឹកនាំនៅពេលអនាគត ហើយដែលកំពុងបម្រើការងារពាក់ព័ន្ធនឹងការរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។

 

សេចក្ដីប្រកាសព័ត៌មានដដែលនេះបានឲ្យដឹងទៀតថា គិតចាប់ពីឆ្នាំ២០០០ មកដល់ឆ្នាំ២០១៥នេះ ជាគម្រោងទី១៩ ហើយទឹកប្រាក់ដែលផ្ដល់ដោយរាជរដ្ឋាភិបាលជប៉ុនសម្រាប់គម្រោងអាហារូបករណ៍នេះ មានចំនួនសរុបប្រមាណជាង ៤.៨០០លានយេន ឬប្រមាណ ៤៨លានដុល្លារ និងបានបណ្ដុះបណ្ដាលសិក្ខាកាមកម្ពុជាសរុបប្រមាណជាង៣៤០នាក់ ក្នុងនោះរួមបញ្ចូល២៤នាក់ដែលនឹងត្រូវធ្វើដំណើរទៅបំពេញការសិក្សានៅប្រទេសជប៉ុននៅក្នុងឆ្នាំ២០១៥នេះ។

 

សេចក្ដីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទាំង២ នេះ បង្ហាញនូវការរួមចំណែកយ៉ាងចំទិសដៅទៅក្នុងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានចែងច្បាស់នៅក្នុងមុំទី៤ នៃយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៣ ក្នុងការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ តាមរយៈការទទួលបាននូវការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ និងការលើកកម្ពស់វិស័យអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ព្រមទាំងការបណ្ដុះបណ្ដាលបច្ចេកទេស តាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្ស និងមន្ត្រីរាជការកម្ពុជាឱ្យទៅបន្តការសិក្សា និពង្រឹងសមត្ថភាពនៅប្រទេសជប៉ុន។

ដកស្រង់ចេញពីគេហទំព័រសារព័ត៌មានកម្ពុជាថ្មី

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់