គម្រោង​ជួសជុល​ផ្លូវ​កៅស៊ូ​ និង​ប្រព័ន្ធ​មេ​លូ​​​ការពារ​ទឹក​ជំនន​ជំនួយ​​របស់​ជប៉ុន​កសាង​រួចរាល់

កំពង់ឆ្នាំង ១៥ មករា ២០១៥៖ ជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនជួយប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងតាមរយៈការជួយជុលផ្លូវកៅស៊ូប្រវែងជាង៤ពាន់ម៉ែត្រ និងប្រព័ន្ធមេលូបង្ហូរទឹកជាង២ពាន់ម៉ែត្រនៅក្នុងក្រុងកំពង់ឆ្នាំង…

 

កំពង់ឆ្នាំង ១៥ មករា ២០១៥៖ ជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនជួយប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងតាមរយៈការជួយជុលផ្លូវកៅស៊ូប្រវែងជាង៤ពាន់ម៉ែត្រ និងប្រព័ន្ធមេលូបង្ហូរទឹកជាង២ពាន់ម៉ែត្រនៅក្នុងក្រុងកំពង់ឆ្នាំងទៅតាមស្តង់ដារបច្ចេកទេសដ៏រឹងមាំដើម្បីការពារគ្រោះទឹកជំនន់ ដែលមានអង្គការចៃការជប៉ុនជាអ្នកម៉ៅការកសាងជួសជុលរយៈពេលជាង១ឆ្នាំមកដល់ពេលនេះបានកសាងរួចរាល់ជាស្ថាពរ ហើយត្រៀមនឹងធ្វើការប្រគល់ឲ្យអាជ្ញាធរខេត្តក្នុងពេលខាងមុខនេះ។

 

លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥នេះថា គម្រោងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ដែលត្រូវស្ដារឡើងវិញនូវប្រព័ន្ធមេលូទឹក និងផ្លូវថ្នល់ក្នុងក្រុងកំពង់ឆ្នាំងរួមមាន៖ ជួសជុលផ្លូវជាតិលេខ៥នៅក្នុងក្រុងកំពង់ឆ្នាំងមានប្រវែង២២០០ម៉ែត្រ ជួសជុលផ្លូវកៅស៊ូក្នុងក្រុងកំពង់ឆ្នាំងប្រវែង២៤០០ម៉ែត្រ កសាងប្រព័ន្ធលូមេបញ្ចេញទឹកចោលប្រវែង២៦០០ម៉ែត្រ ប្រព័ន្ធលូសំអុយ៩៥០ម៉ែត្រ លូមូលប្រវែង៨៦០០ម និងអណ្ដូងលូប្រវែង៦៨០ម៉ែត្រ ការកសាងគម្រោងខាងលើមកដល់ពេលនេះបានធ្វើរួចរាល់ហើយ។

 

តាមការជូនដំណឹង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ខាងមុខនេះ ម្ចាស់គម្រោង និងអាជ្ញាធរខេត្តនឹងចុះត្រួតពិនិត្យផ្លូវថ្នល់និងប្រព័ន្ធលូទឹកដែលធ្វើរួចហើយនេះ ដើម្បីធ្វើការជួសជុលខ្លះៗបើសិនជាមានការខ្វះខាតចំណុចណាមួយ។

 

លោកបានឲ្យដឹងទៀតថា ផែនការក្នុងគម្រោងនេះត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ឲ្យរួចរាល់ជាស្ថាពរ។ គម្រោងកសាងនេះម៉ៅការកសាងដោយអង្គការចៃការជប៉ុនដែលមានវិស្វករជំនាញ និងបានកសាងតាមស្តង់ដារខ្នាតអន្តជាតិ និងដោយមានការចូលរួមត្រួតពិនិត្យពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងដែលជាអ្នកទទួលគម្រោងនេះ។

 

ប្រជាពលរដ្ឋក្នុងក្រុង និងក្នុងខេត្តកំពង់ឆ្នាំងបានសម្ដែងនៅការសប្បាយរីករាយយ៉ាងខ្លាំងក្នុងការទទួលយកនូវសមិទ្ធផលថ្មីនេះដែលនៅក្នុងក្រុងកំពង់ឆ្នាំងបច្ចុប្បន្នមានផ្លូវអ៊ុតរលោងស្អាត និងប្រព័ន្ធមេលូទឹកខ្វាត់ខ្វែងយ៉ាងរឹងមាំ ដើម្បីទប់ស្កាត់គ្រោះទឹកជំនន់ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។

 

ប្រជាពលរដ្ឋ មន្ត្រីរាជការ និងអាជ្ញាធរខេត្ត នឹងរួមគ្នាជួយថែរក្សាការពារសមិទ្ធផលទាំងអស់នេះឲ្យបានគង់វង្សរឹងមាំ និងប្រើប្រាស់ឲ្យបានយូរអង្វែងតទៅ ដើម្បីបម្រើផលប្រយោជន៍របស់ជាតិ និងប្រជាពលរដ្ឋកាត់បន្ថយគ្រោះទឹកជំនន់ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋតាមយុទ្ធសាស្ត្រចតុកោណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មី 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់