គ្រូពេទ្យ​ជប៉ុន​អប់រំ​អំពី​​​សុខភាព​និង​ចំណី​អាហារ

"

ភ្នំពេញ ២៤ មីនា ២០១៥៖ ក្រុមគ្រូពេទ្យជំនាញរកឃើញថា ពលរដ្ឋខ្មែរជាច្រើនបានស្លាប់ដោយជំងឺដែលមិនបង្កដោយមេរោគ រួមមានជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីក ជាដើម។ ដើម្បីការពារជំងឺទាំងនោះ វេជ្ជបណ្ឌិតជប៉ុន ណែនាំពីការថែទាំសុខភាព និងការទទួលទានអាហារឲ្យត្រូវតាមបច្ចេកទេស ដោយជ្រើសរើសអាហារគ្មានសារធាតុគីមី…

ភ្នំពេញ ២៤ មីនា ២០១៥៖ ក្រុមគ្រូពេទ្យជំនាញរកឃើញថា ពលរដ្ឋខ្មែរជាច្រើនបានស្លាប់ដោយជំងឺដែលមិនបង្កដោយមេរោគ រួមមានជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីក ជាដើម។ ដើម្បីការពារជំងឺទាំងនោះ វេជ្ជបណ្ឌិតជប៉ុន ណែនាំពីការថែទាំសុខភាព និងការទទួលទានអាហារឲ្យត្រូវតាមបច្ចេកទេស ដោយជ្រើសរើសអាហារគ្មានសារធាតុគីមី។

 

គ្រូពេទ្យមន្ទីរព្យាបាល គីតាហារ៉ា ជប៉ុន (Kitahara Japan Clinic) អប់រំពីសុខភាពនិងចំណីអាហារ នៅថ្ងៃ២៨ ខែកុម្ភៈ ថា មនុស្សគ្រប់រូបគួរស្វែងយល់នូវអ្វីដែលគួរ និងមិនគួរបរិភោគ ដើម្បីឲ្យមានសុខភាពល្អ។

 

គិលានុបដ្ឋាយិកាជប៉ុន នៃមន្ទីរពេទ្យ គីតាហារ៉ា កញ្ញា អាគីម៉ីនីស៊ូតា ថ្លែងថា ជំងឺអាចកើតឡើងចេញពីរបៀបរស់នៅដែលពាក់ព័ន្ធខ្លាំងនឹងសកម្មភាពប្រចាំថ្ងៃ មានដូចជា ទម្លាប់ទទួលទានអាហារមិនសមស្របផង ការជក់បារីផង មិនធ្វើលំហាត់ប្រាណផង និងសភាពតានតឹងក្នុងខ្លួនផង។

 

កញ្ញាបន្តថា ការលើសសម្ពាធឈាម លើសសារធាតុខ្លាញ់ធាត់ និងទឹកនោមផ្អែម ជំងឺ ៤ប្រភេទនេះ បើមនុស្សណាម្នាក់មានជំងឺលើសពី២ ក្នុងចំណោមជំងឺ ៤មុខនេះ អាចបង្ខំអ្នកជំងឺឆាប់ស្លាប់។

 

ដើម្បីបន្ថយបញ្ហាកើតឡើងនោះ មនុស្សម្នាក់ៗត្រូវទទួលទានដុំបាយដែលអាចក្ដាប់ពេញ ១ដៃ ក្នុង១ពេល។ បើទទួលទានសរសៃមីត្រូវទទួលទានតែមួយដុំ បើទទួលទានបន្លែស្រស់ក្តី និងឆ្អិនក្តី ត្រូវឲ្យបាន ៣៥០ក្រាមក្នុង១ថ្ងៃ និងត្រូវពិសាទឹក ២លីត្រក្នុង១ថ្ងៃ។ អ្នកជំនាញបន្ថែមថា «សូមឲ្យលោកអ្នកទាំងអស់គ្នាបរិភោគអាហារមធ្យម កុំឲ្យបរិភោគឆ្អែតខ្លាំងពេក។ បរិភោគបន្លែឲ្យបានច្រើន សារ៉ាយ សណ្ដែក ហើយនិងរបស់របរដែលធ្វើពីសណ្ដែក។ បើសិនជាចង់ពិសាសាច់ គួរជ្រើសរើសសាច់ត្រី កាត់បន្ថយការប្រើប្រាស់អំបិល ស្ករ ហើយនិងខ្លាញ់»។

 

បន្ថែមលើនោះគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរពេទ្យ គីតាហារ៉ា ជប៉ុន វេជ្ជបណ្ឌិត ហេង ថាយលី ថ្លែងថា មូលហេតុដែលធ្វើឲ្យមនុស្សបច្ចុប្បន្នស្លាប់ភាគច្រើន ដោយសារតែជំងឺដែលមិនបង្កដោយមេរោគ។

 

លោកពន្យល់ថា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីកជាដើម មិនមានមេរោគបង្កទេ តែវាធ្វើឲ្យមនុស្សស្លាប់នៅវ័យក្មេង៖ «អ្នកកើតជំងឺបេះដូចមានមូលហេតុអីខ្លះ? មូលហេតុមួយក្នុងចំណោមមូលហេតុដទៃទៀត គឺការបរិភោគអាហារដែលប្រកបទៅដោយជាតិខ្លាញ់ច្រើន  ហើយខ្លាញ់ហ្នឹងនៅឯណាខ្លះ? មានខ្លាញ់សត្វ ខ្លាញ់នៅក្នុងសាច់។ ប្រយ័ត្នច្រឡំ អាងឲ្យតែពពួករុក្ខជាតិសុទ្ធតែមានសុវត្ថិភាពទាំងអស់ ហ្នឹងប្រយ័ត្នច្រឡំ ខ្ទិះដូងគឺមានជាតិខ្លាញ់ខ្ពស់បំផុត ប្រយ័ត្នគេចមិនញ៉ាំខ្លាញ់ ស្រាប់តែទៅញ៉ាំខ្ទិះដូង អាហ្នឹងលើសដើមហើយ»។

 

នៅក្នុងការស្វែងយល់ពីសុខភាព និងចំណីអាហារនោះ លោកស្រី សេង សុមាក់ អ្នកចូលរួមស្តាប់ការពន្យល់របស់គ្រូពេទ្យជប៉ុន ឲ្យដឹងថា គាត់មិនដែលចាប់អារម្មណ៍ពីការថែទាំសុខភាពដោយការជ្រើសរើសអាហារនោះទេ គាត់តែងតែថែទាំសុខភាពដោយហាត់កីឡា ហើយទទួលទានអាហារតាមចិត្តចង់ គាត់មិនបានគិតថា ក្នុង១ថ្ងៃ ត្រូវទទួលទានបន្លែប៉ុន្មាន បាយប៉ុន្មាន សាច់ប៉ុន្មាន ខ្លាញ់ប៉ុន្មាននោះទេ៖ «ធម្មតាចាស់ៗដូចម៉ាក់ខ្ញុំអ៊ីចឹង គាត់មានជំងឺលើសឈាម ហើយដល់ពេលខ្ញុំ មកស្តាប់អ៊ីចឹង ខ្ញុំដឹងព័ត៌មានខ្លះ ពេលខ្ញុំទៅវិញ ខ្ញុំអាចប្រាប់គាត់ កុំពិសាអំបិលច្រើនពេក គេកំណត់ ឲ្យញ៉ាំមួយថ្ងៃប៉ុណ្ណេះៗ អ៊ីចឹងយើងអាចប្រាប់គាត់បានហើយ ដូចការញ៉ាំទឹកអីយ៉ាងម៉េចៗ អ៊ីចឹងជំងឺលើសឈាមគាត់ហ្នឹងអាចកាត់បន្ថយ អាចថែអាយុគាត់បានវែង»។

 

លោក អ៊ឹង សុធារ៉ា មន្ត្រីសហករណ៍សរីរាង្គខ្មែរពន្យល់ថា ការសម្គាល់បន្លែមិនប្រើជីគីមី ឬបន្លែសរីរាង្គ ជាបន្លែដែលដាក់លក់មិនសូវទាក់ទាញអ្នកទិញ។ ត្រូវសំគាល់បន្លែលើការដឹកជញ្ជូន បើដឹកផ្លូវឆ្ងាយ ឆាប់ស្លោក ឬស្វិត ស្លឹកបន្លែមានដង្កូវស៊ីច្រើន ពណ៌បន្លែចាស់ និងផ្លែខ្វៀនខ្វង់ មិនមានទំហំប៉ុនៗគ្នា សុទ្ធតែជាបន្លែដែលមិនប្រើជីគីមី៕ ដោយ៖ អ៊ុក សាវបូរី

ដកស្រង់ចេញពីគេហទំព័រអាស៊ីសេរី

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់