ប្រទេសសិង្ហបុរី៖ ដើម្បីអនុវត្តគម្រោងកសាងសមត្ថភាពលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដំណាក់កាលទី២ រយៈពេល០៣ឆ្នាំ(២០១៩-២០២១) ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយភាគីសិង្ហបុរី Singapore Cooperation Enterprise (SCE) បានរៀបចំទស្សនកិច្ចសិក្សាស្តីពី “ប្រព័ន្ធរដ្ឋាភិបាលអេឡិកត្រូនិក” កាលពីថ្ងៃទី០៧ ដល់ថ្ងៃ ទី០៩ ខែឧសភា ឆ្នាំ២០១៩។ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូប្រមាណជា ១៩រូប ដែលក្នុងនោះមានតំណាង ក្រសួងមុខងារសាធារណៈចំនួន ០១រូប តំណាងពីលេខាធិការដ្ឋាន គ.ជ.អ.ប ចំនួន ០២រូប ព្រមទាំងមន្ត្រីក្រោមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចំនួន ១៦រូប។
តាមរយៈដំណើរការទស្សនៈកិច្ចសិក្សាស្តីពី “ប្រព័ន្ធរដ្ឋាភិបាលអេឡិកត្រូនិក” នៅប្រទេសសិង្ហបុរីរយៈពេល០៣ថ្ងៃកន្លងទៅនេះ បានបញ្ចប់ប្រកបដោយភាពជោគជ័យ និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីភាគីសិង្ហបុរី ដែលក្នុងកិច្ចនោះទទួលបានលទ្ធផលដូចខាងក្រោម៖
១). បានស្វែងយល់ និងទទួលបានបទពិសោធន៍ល្អៗពីប្រទេសសិង្ហបុរី ក៏ដូចជាបណ្តាប្រទេសដ៏ទៃទៀត ដែលបានអនុវត្តនៅនិម្មាបនកម្ម(EA) និងវេបផតថលជាតិ(National Portal)
២). បានទទួលនូវចំណេះដឹងទៅលើការរៀបចំនិម្មាបនកម្ម ក៏ដូចជាផតថលជាតិ ដូចជាការរៀបចំ រចនាសម្ព័ន្ធ តួនាទី និងដំណាក់កាលនីមួយៗក្នុងការឈានទៅរកការបង្កើតនៅនិម្មាបនកម្ម និងផតថលជាតិ តាមរយៈការងារជាក្រុម
៣). បានទទួលនូវចំណេះដឹងអំពីរបៀបដែលប្រទេសសិង្ហបុរី និងបណ្តាប្រទេសដ៏ទៃទៀតប្រើប្រាស់ទិន្នន័យ ក្នុងការវិភាគដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាសង្គម និងធ្វើឲ្យប្រសើរឡើងក្នុងការផ្តល់សេវាជូន ប្រជាពលរដ្ឋរបស់ពួកគេ៕