ឯកឧត្តម អភិបាលរង ខេត្តស្វាយរៀង ជំរុញ​ការ​ចូលរួម អនុវត្ត​គណ​នេយ្យ​ភាព​​សង្គម ពី​ប្រជាពលរដ្ឋ មិនត្រូវ​ប្រកាន់​បក្សពួក

ស្វាយរៀង ២០ សីហា ២០១៥៖ ឯកឧត្តម ហ៊ូ រតនៈ អភិបាលរង ខេត្តស្វាយរៀង បានជំរុញឲ្យ មានការចូលរួម ពីប្រជាពលរដ្ឋ ក្នុងដំណើរការ អនុវត្តយុទ្ធសាស្រ្តគណនេយ្យសង្គម ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ…

ឯកឧត្តម ហ៊ូ វតនៈ អភិបាលរង ខេត្តស្វាយរៀង

 

ស្វាយរៀង ២០ សីហា ២០១៥៖ ឯកឧត្តម ហ៊ូ វតនៈ អភិបាលរង ខេត្តស្វាយរៀង បានជំរុញឲ្យ មានការចូលរួម ពីប្រជាពលរដ្ឋ ក្នុងដំណើរការ អនុវត្តយុទ្ធសាស្រ្តគណនេយ្យសង្គម ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ និងធ្វើការផ្សព្វផ្សាយបន្តនូវយុទ្ធសាស្រ្តនេះឲ្យបានទូលំទូលាយជាពិសេសប្រតិបត្តិករផ្ទាល់ក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ នៅរដ្ឋបាលស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ការិយាល័យអប់រំ យុវជន និងកីឡាស្រុក រដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព។ «ជាមួយគ្នានេះដែរ សូមផ្តល់ព័ត៌មានឲ្យបានច្បាស់លាស់ និងប្រកបដោយតម្លាភាព ដល់ប្រជាពលរដ្ឋ»។

ឯកឧត្តមថ្លែងបែបនេះនៅក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ដែលធ្វើឡើងនៅសាលាខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ដែលសហការរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប រដ្ឋបាលខេត្តស្វាយរៀង និងអង្គការស្តារកម្ពុជា។

ឯកឧត្តមបានអំពាវនាវឲ្យផែ្នកផ្គត់ផ្គង់ (អ្នកផ្តល់សេវា) និងផែ្នកតម្រូវការ (ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល) ធ្វើកិច្ចសហការដោយបើកចំហ និងប្រកបដោយភាពស្អិតរមួតក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ ពោលគឺមិនត្រូវរង់ចាំចាប់តែកំហុសគ្នានោះទេ។ «បើមានការរិះគន់ សូមឲ្យការរិះគន់ប្រកបដោយការស្ថាបនាដោយធ្វើយ៉ាងណាឲ្យមានលើកកម្ពស់ការទទួលសេវារបស់ប្រជាពលរដ្ឋឲ្យ មានភាពប្រសើរឡើង។ ការទំនាក់ទំនងគ្នាល្អរវាងផែ្នកផ្គត់ផ្គង់ និងផែ្នកតម្រូវការនេះ គឺមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ»។

ប្រតិបត្តិករ ដែលអនុវត្តយុទ្ធសាស្ត្រគណនេយ្យភាពសង្គមផ្ទាល់គឺរដ្ឋបាលថ្នាក់ស្រុក ការិយាល័យអប់រំ យុវជន និងកីឡា និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ រដ្ឋបាលឃុំ មណ្ឌលសុភាព និងសាលាបឋមសិក្សា។

ឯកឧត្តម ហ៊ូ វតនៈ មានប្រសាសន៍ថា ការសហការគាំទ្រពីរដ្ឋបាល និងស្ថាប័នខែ្សបណ្តោយ    ផ្សេងៗ ដូចរដ្ឋបាលខេត្ត មន្ទីរសុខាភិបាល និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងស្ថាប័នផ្សេងៗទៀត គឺមិនអាចកាត់  ផ្តាច់បានឡើយ។ ក្នុងន័យនេះ មន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរសុខាភិបាល ត្រូវចូលរួមគាំទ្រដល់ការិយាល័យ និងអង្គភាពដែលជាខ្សែបណ្តោយរបស់ខ្លួន នៅថ្នាក់ស្រុក និងថ្នាក់ឃុំ ក្នុងការអនុវត្តគណនេយ្យភាពសង្គមនេះ។

ឯកឧត្តម ក៏បានជំរុញឲ្យមានការត្រួតពិនិត្យ និងតាមដានជាប្រចាំក្នុងការអនុវត្តយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ដើម្បីធានាថាការអនុវត្តនេះប្រព្រឹត្តទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានា ដែលបានដាក់ចេញ និងរៀនសូត្រពីការអនុវត្ត ដើម្បីកែលម្អក្នុងការអនុវត្តជាបន្តបន្ទាប់ទៀត ៕ NCDDS

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់