ខេត្តតាកែវ ៖ ដោយការប្តេជ្ញាចិត្ត ដើម្បីសេវាសារធារណៈអោយកាន់តែប្រសើរឡើង រដ្ឋបាលខេត្តតាកែវគាំទ្រដល់ កិច្ចពិភាក្សារវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវាសារធារណៈ ដែលមកពីស្រុកទាំង៩ និងឃុំចំនួន៩៧ ក្នុងអំឡុងអនុវត្តគម្រោងដែលមានរយៈពេល ២ឆ្នាំ (២០១៩ និង ២០២០) ដែលគម្រោងនេះ មានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហគមន៍អ៊ឺរ៉ុប អនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (ISAF) ដំណាក់កាលទី ២។
គម្រោងនេះផងដែរ ក៏ត្រូវបានអនុវត្តនៅស្រុកចំនួន ៣០ និងឃុំចំនួន ២៩០ នៅខេត្តតាកែវ ពោធិសាត់ បាត់ដំបង កំពង់ស្ពឺ កំពង់ចាម ក្នុងឆ្នាំ ២០១៩ និង ២០២០ តាមរយៈការចាប់ដៃគូ ជាមួយអង្គការក្នុងស្រុកចំនួន ១១ ដែលជាអង្គការមិនមែនរដ្ឋាភិបាល។
នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ គ្រប់តំណាងផ្តល់សេវាសាធារណៈ មកជួបជុំគ្នាដើម្បីឆ្លុះបញ្ចាំង និងសិក្សាការរីកចំរើន និងដើម្បីផែនការបន្ទាប់ សម្រាប់កិច្ចសហការ ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរជាងនេះទៅទៀត។
លោក លី សាវេត អភិបាលរងខេត្ត និងប្រធានគណនេយ្យភាពសង្គម ខេត្តតាកែវ បានមានប្រសាសន៍ថា «រយៈពេល ២ឆ្នាំ នៃការអនុវត្ត ISAF ខ្ញុំសង្កេតឃើញថាអ្នកផ្តល់សេវាកម្ម តាមមូលដ្ឋានមានទំនួលខុសត្រូវខ្ពស់ចំពោះតួនាទីរបស់ពួកគេ។ ពួកគេមានភាពរួសរាយរាក់ទាក់ក្នុងការផ្តល់សេវាកម្មចាំបាច់ដល់ប្រជាពលរដ្ឋរបស់យើង។ ហើយពលរដ្ឋយើងយល់ពីសិទ្ធិរបស់ពួកគេកាន់តែប្រសើរ ពួកគេហ៊ាននិយាយកាន់តែបើ ចំហ និងចូលរួមកាន់តែសកម្មក្នុងការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាន»។
អភិបាលរង បានបន្ថែមទៀតថា «វឌ្ឍនភាពដែលបានចុះបញ្ជីតាមរយៈ ISAF ឆ្ពោះទៅរកសេវាកម្មល្អប្រសើរ និងតម្លាភាពបាន ធ្វើឲ្យ យើងជឿជាក់ថា យើងត្រូវការនិរន្តភាពកិច្ចសន្ទនាថ្នាក់មូលដ្ឋាននេះ។ វាតម្រូវអោយមានការបណ្តុះបណ្តាល និងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រឹងកម្មវិធី (ISAF)។ ក៏ប៉ុន្តែយើងប្តេជ្ញាបន្តចូលរួមជាមួយប្រជាពលរដ្ឋ និងធ្វើការរួមគ្នាក្នុងការកែលម្អការអនុវត្តរបស់អ្នកផ្តល់សេវាកម្មក្នុងតំបន់»។
លោក លី សុថារិទ្ធ ប្រធានជាន់ខ្ពស់កម្មវិធីគណនេយ្យភាពសង្គម នៃអង្គការទស្សនៈពិភពលោក បានមានប្រសាសន៍ថា «ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ យើងមានបញ្ហាថវិកាធ្ងន់ធ្ងរមួយចំនួន និងការផ្ទុះឡើងនៃមេរោគកូរ៉ូណា (COVID -១៩) ។ ទោះបីមានបញ្ហាប្រឈមធំ ៗ ទាំងនេះក៏ដោយ ក៏បុគ្គលិករដ្ឋបាលខេត្ត ស្រុកនិងឃុំបានខិតខំបង្កើតការសន្ទនាថ្នាក់ស្រុក និងឃុំទូទាំងខេត្ត។ វាបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដចំពោះតម្លាភាព និងគណនេយ្យភាពពីអាជ្ញាធរខេត្ត»។
សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០១៥ មកក្រុមការងារគម្រោងគណនេយ្យភាពសង្គម បានធ្វើការលើកកម្ពស់គណនេយ្យភាពរដ្ឋបាលថ្នាក់ក្រោមជាតិ និងពង្រឹងការផ្តល់សេវាមូលដ្ឋាន តាមរយៈការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (ISAF)។ បេសកកម្មនេះ ឆ្លើយតបទៅនឹងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ១៦ ដែលផ្តោតលើការអភិវឌ្ឍស្ថាប័នរឹងមាំ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះធ្វើដើម្បីលើកកម្ពស់កិច្ចពិភាក្សា និងគណនេយ្យភាពដែល ឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណអាណត្តិទី ៤ (២០១៨ – ២០២៣) ដែលអំពាវនាវឱ្យមានការអភិវឌ្ឍនូវយន្តការគណនេយ្យភាពសង្គមដើម្បីចូលរួមចំណែកដល់គោលដៅជាតិនៃកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព។
អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា ដែលមានសម្ព័ន្ធអង្គការដៃគូក្នុងស្រុក បានធ្វើការលើការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (ISAF) ចាប់តាំងពីឆ្នាំ ២០១៥មកម៉្លេះ។ អង្គការទស្សនៈពិភពលោកបច្ចុប្បន្នបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្ត ISAF នៅជាង ៧៥០ ឃុំនិងសង្កាត់ ទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរថា អ្នកចូលរួមចំនួន ២៧៩នាក់ គឺជាប្រធានមណ្ឌលសុខភាព នាយកសាលា និងប្រធានផ្នែកផ្តល់សេវាសាធារណៈថ្នាក់ស្រុក និងឃុំ រួមទាំងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍។ អ្នកទាំងនេះត្រូវបានចោទសួរសំណួរ សួរយោបល់ និងសំណូមពរ ដើម្បីពង្រឹងការអនុវត្តការងារនៅមណ្ឌលសុខភាព តាមសាលាបឋមសិក្សា និងរដ្ឋបាលឃុំ។ រដ្ឋបាលខេត្ត និងអង្គការទស្សនៈពិភពលោកសហការសម្របសម្រួលអោយមានសិក្ខាសាលាឆ្លុះបញ្ចាំងនេះឡើង៕
ប្រភព៖ កោះសន្តិភាព