ភ្នំពេញ៖ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើក និងបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទីពីរ។ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សហការជាមួយធនាគារពិភពលោក (World Bank) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ (The Raffles Le Royal Hotel) រាជធានីភ្នំពេញ។
សមាសភាពអញ្ជើញចូលរួមសិក្ខាសាលា រួមមាន ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធាន គ.គ.អ.ស ឯកឧត្តមអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្តមប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន ឯកឧត្តម លោកជំទាវ សមាជិក គ.គ.អ.ស តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប អភិបាលរងខេត្តទាំង ១៨នៃខេត្តគោលដៅ តំណាងក្រសួងពាក់ព័ន្ធ តំណាងសាលាជាតិរដ្ឋបាលមូលដ្ឋាន តំណាងសាកលវិទ្យាល័យពាក់ព័ន្ធ តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានាប្រមាណ ១០០រូប។
សិក្ខាសាលានេះរៀបចំឡើងគោលបំណង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរចនាសម្ព័ន្ធ និងខ្លឹមសារនៃសេចក្តីព្រាងផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទីពីរលើបញ្ហាសំខាន់ៗ ដូចជា គោលដៅ និងសេវាដែលត្រូវអនុវត្ត និរន្តរភាព និងការរៀបចំចាត់ចែងផ្នែកហិរញ្ញវត្ថុ។