ខេត្តសៀមរាប៖ ដោយសាររដ្ឋបាលខេត្តសៀមរាបត្រូវពង្រីក ក្រុង ស្រុក គោលដៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមបន្ថែមក្នុងឆ្នាំ២០២០នេះ ទើបរដ្ឋបាលខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុង បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ដល់អង្គភាពផ្តល់សេវាទាំងបី រួមមានរដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព នៅសាលាក្រុងសៀមរាប ដែលប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ នៅថ្ងៃទី ១-២ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋានអំពី «ផែនការយុទ្ធសាស្រ្តស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ» ក្រោមការសម្របសម្រួលបច្ចេកទេសដោយ ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រុង និងក្រុមការងារពីលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានអ្នកចូលរួមសរុបចំនួន ៧៨រូប ស្ត្រីចំនួន ១៩រូប។
សូមបញ្ជាក់ថា ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមសម្រាប់ខេត្តសៀមរាប មានក្រុង ស្រុកគោលដៅ ចំនួនសរុប ១២ ក្នុងនោះមានក្រុង ស្រុកថ្មីបន្ថែមចំនួន ០២ គឺក្រុងសៀមរាប និងស្រុកពួក។ ដូច្នេះវគ្គបណ្តុះបណ្តាលដូចគ្នានេះដែរ នឹងត្រូវរៀបចំនៅស្រុកពួក នៅថ្ងៃទី ៣-៤ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះបន្តទៀត។