ស្រុកត្រាំកក់ ខេត្តតាកែវ៖ នៅថ្ងៃទី ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលស្រុកត្រាំកក់ ដោយមានការគាំទ្រពីអង្គការ WVI និងអង្គការ API បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម» ដែលមានអ្នកចូលរួមសរុបចំនួន ៤៣នាក់ នៅសាលាស្រុកត្រាំកក់ ខេត្តតាកែវ។
គោលបំណងចម្បងៗនៃវគ្គបណ្តុះបណ្តាលនេះ គឺផ្តល់ចំណេះដឹងជាមូលដ្ឋានអំពី ផែនការយុទ្ធសាស្ត្រស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដល់អ្នកចូលរួមដើម្បីមានលទ្ធភាពអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២ (២០១៩-២០២៣) ដោយផ្តោតទៅលើការយកចិត្តទុកដាក់លើការពង្រឹងភាពងាយស្រួលទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ការសម្របសម្រួល ការត្រួតពិនិត្យតាមដានការអនុវត្តការងារ និងការបញ្ចូលទិន្នន័យព័ត៌មាន។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក ហ៊ឹម ថន អភិបាលរងស្រុកត្រាំកក់ បានលើកឡើងថានៅឆ្នាំ២០១៩នេះ លេខាធិការដ្ឋាន គ.ជ.អ.ប បានពង្រឹកវិសាលភាពតំបន់គោលដៅថ្មីសម្រាប់ការអនុវត្តការងារគណនេយ្យភាពសង្គមក្នុងស្រុកចំនួន២៤ នៃខេត្តចំនួន០៥ ដូចជា៖ ខេត្តកំពង់ចាមចំនួន០៨ស្រុក ខេត្តតាកែវចំនួន០៩ស្រុក ខេត្តបាត់ដំបងចំនួន០២ស្រុក ខេត្តពោធិ៍សាត់ចំនួន០២ស្រុក និងខេត្តកំពង់ស្តឺចំនួន០៣ស្រុក។ ដោយឡែកសម្រាប់ខេត្តដែលជាគោលដៅថ្មីសុទ្ធសាធគឺ ខេត្តកំពង់ចាម និងខេត្តតាកែវ។
សូមបញ្ជាក់ថា គោលការណ៍សំខាន់ៗនៃការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមមានចំនួន០៧ ដូចតទៅ៖
(ទី១) អាទិភាពរបស់ប្រជាពលរដ្ឋ៖ ប្រជាពលរដ្ឋជាអ្នកកំណត់អំពីតម្រូវការជាអាទិភាពរបស់ខ្លួន ដោយអាចផ្តោតទៅលើសេវាអប់រំ សុខាភិបាល ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន កសិកម្ម។ល។
(ទី២) កម្រិតមូលដ្ឋាន៖ សកម្មភាពនានានឹងផ្តោតទៅលើការប្រាស្រ័យទាក់ទងការពិភាក្សា និងការដោះស្រាយបញ្ហានានានៅតែក្នុងកម្រិតមូលដ្ឋានប៉ុណ្ណោះ។
(ទី៣) ការចូលរួមក្នុងន័យស្ថាបនា៖ គណនេយ្យភាពសង្គមនឹងប្រកាន់យកនូវអភិក្រមដែលមានលក្ខណៈស្ថាបនាដោយផ្អែកទៅលើកិច្ចសហការគ្នាជាជាងការប្រឈមគ្នា ដើម្បីឈានទៅសម្រេចនូវលទ្ធផលដែលប្រាថ្នាចង់បាន។
(ទី៤) ការតាំងចិត្ត៖ រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរ អង្គភាពជំនាញនៅថ្នាក់ក្រោមជាតិត្រូវតាំងចិត្តចូលរួម យ៉ាងសកម្មនូវរាល់សកម្មភាពគណនេយ្យភាពសង្គមប្រជាពលរដ្ឋ និងតំណាងនានារបស់ប្រជាពលរដ្ឋ។
(ទី៥) ភាពជាដៃគូ៖ កិច្ចខិតខំប្រឹងប្រែងនានានឹងត្រូវបានប្រកាន់យកយ៉ាងច្បាស់លាស់ដើម្បីកសាងនិងពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល និងក្នុងចំណោមអង្គការ សង្គមស៊ីវិលនានា។
(ទី៦) ការដាក់បញ្ចូលនូវតម្រូវការនានា៖ អន្តរាគមន៍នានាត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការផ្តល់សិទ្ធិអំណាចការចូលរួម និងការដោះស្រាយនូវរាល់តម្រូវការផ្សេងៗគ្នារបស់ប្រជាពលរដ្ឋទាំងឡាយក្នុងនោះរាប់បញ្ចូលទាំងតម្រូវការរបស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ដូចជាជនក្រីក្រ និងជនជាតិ ដើមភាគតិចជាដើមផងដែរ។
(ទី៧) ការខិតខំលុបបំបាត់នូវគម្លាត៖ ផែនការយុទ្ធសាស្ត្រនេះនឹងដោះស្រាយភាពចន្លោះប្រហោងមួយចំនួននៃការចូលរួមរបស់ប្រជាពលរដ្ឋ ព្រមទាំងមានគោលបំណងធ្វើឱ្យមានការផ្លាស់ប្តូវនូវវិសាលភាព និងសារធាតុនៃការប្រាស្រ័យទាក់ទងរវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕