ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃ ពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សាយ ម៉េងគីម អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមដំណាក់កាលទី២ (ឆ្នាំ២០១៩-២០២៣) ជូនដល់គ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ ដែលរៀចំដោយរដ្ឋបាលខេត្តមណ្ឌលគិរី សហការសម្របសម្រួលជាមួយក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ជាតិ នៃលេខាធិការដ្ឋាន គ.ជ.អ.ប អង្គការ CARE និងអង្គការ API ដោយមានការចូលរួមពី លោក លោកស្រីនាយក នាយករង រដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុកទាំង៥ តំណាងអង្គការ ACT និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ប្រមាណជា ៦០រូប។
វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងដើម្បីឱ្យអង្គភាពអ្នកផ្ដល់សេវា និងអ្នកទទួលសេវាដឹងពីផែនការដែលត្រូវអនុវត្ត ដឹងពីតួនាទី និងការទទួលខុសត្រូវ យល់ច្បាស់ពីដំណើរការប្រមូលទិន្នន័យ ការបញ្ចូលទិន្នន័យ និងការផលិតទិន្នន័យសម្រាប់បិទផ្សាយលើកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ដឹងពីដំណើរការត្រួតពិនិត្យរបស់ប្រជាពលរដ្ឋ និងការតាមដានការអនុវត្តផែនការ (JAAP) មានការកើនឡើងនូវចំណេះដឹង និងមានទំនុកចិត្តក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាលដល់អ្នកពាក់ព័ន្ធនៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការអនុវត្តគណនេយ្យភាពសង្គមនៅមូលដ្ឋាន។
ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្ត បានជម្រាបជូនថា៖ ខេត្តមណ្ឌលគិរី ត្រូវបានថ្នាក់ជាតិដាក់បញ្ចូលជាខេត្តគោលដៅ អនុវត្តផែនការគណនេយ្យភាពសង្គម ចាប់ពីឆ្នាំ២០១៥ ក្នុងស្រុកកែវសីមា ស្រុកកោះញែក ស្រុកអូររាំង និងស្រុកពេជ្រាដា និងក្នុងឆ្នាំ២០២០នេះ បានបន្ថែមមួយទៀត គឺក្រុងសែនមនោរម្យ។ បច្ចុប្បន្នយើងមានក្រុង ស្រុកគោលដៅចំនួន៥ ដែលមានឃុំ សង្កាត់សរុប ចំនួន២១ឃុំ សង្កាត់ សាលាបឋមសិក្សាចំនួន៨៦ មណ្ឌលសុខភាព ចំនួន១៤។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ នឹងត្រូវរៀបចំរយៈពេល ០២ថ្ងៃ ដោយផ្តោតលើមេរៀនសំខាន់ៗដូចខាង៖
- មេរៀនទី១៖ ផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- មេរៀនទី២៖ ផែនការអនុវត្តគណនេយ្យភាពសង្គម
- មេរៀនទី៣៖ តួនាទី និងភារកិច្ចផ្នែកផ្គត់ផ្គង់
- មេរៀនទី៤៖ តួនាទី និងភារកិច្ចផ្នែកតម្រូវការ
- មេរៀនទី៥៖ កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ
- មេរៀនទី៦៖ ប្រព័ន្ធទិន្នន័យគណនេយ្យភាពសង្គម
- មេរៀនទី៧៖ ដំណើរការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ
- មេរៀនទី៨៖ ដំណើរការត្រួតពិនិត្យតាមដានការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គមដោយគណៈកម្មាធិការ JAAP
- ការរៀបចំផែនការសម្រាប់ការអនុវត្ត៕