ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម រៀចំដោយរដ្ឋបាលខេត្តព្រះវិហារ សហការសម្របសម្រួលជាមួយក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ជាតិ ដឹកនាំដោយ លោក សុខ ជឿន អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលទទួលបានការគាំទ្រពីធនាគារពិភពលោក (WB)។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ អភិបាលរងក្រុង ស្រុកទាំង៨ អង្គភាពផ្តល់សេវាទាំងបី (រដ្ឋបាលឃុំ សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា) តំណាងអង្គការ WVI និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ប្រមាណជា ៧០រូប។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង ផ្តល់ចំណេះដឹងមូលដ្ឋានអំពី «ផែនការយុទ្ធសាស្ត្រស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ» ដល់គ្រូបង្គោលថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ដើម្បីមានលទ្ធភាពបណ្តុះបណ្តាលបន្តទៅដល់អង្គភាពផ្តល់សេវា អំពី «ផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ» ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងភាពងាយស្រួលទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ការសម្របសម្រួល និងការពង្រឹងសមត្ថភាព និងការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដាន។
លោក សុខ ជឿន អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានជម្រាបជូនថា៖ នៅឆ្នាំ២០២១នេះ ការអនុវត្តផែនការអនុវត្តគណនេយ្យភាព សង្គមដំណាក់ កាលទី២ នឹងអនុវត្តក្នុងរដ្ឋបាលស្រុកគោលដៅចាស់ចំនួន០៧ និងពង្រីកការអនុវត្ត នៅក្រុងព្រះវិហារ នៃខេត្តព្រះវិហារបន្ថែមទៀត ដូច្នេះការអនុវត្តការងារគណនេយ្យភាពសង្គមគឺ គ្របដណ្តប់គ្រប់រដ្ឋបាលក្រុង ស្រុក និងអង្គភាពផ្តល់សេវា (រដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព) នៅក្នុងរដ្ឋបាលខេត្តព្រះវិហារ។
ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើទៅគ្រូបង្គោលទាំងអស់ សូមមេត្តាយកចិត្តទុកដាក់តាមដានស្តាប់នូវមេរៀននីមួយៗ ស្តីពីការអនុវត្តគណនេយ្យភាពសង្គម ដើម្បីជាទុនដ៏សំខាន់ សម្រាប់យកទៅបង្រៀនបន្តដល់រដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាពដើម្បីអចអនុវត្តការងារគណនេយ្យភាពសង្គមនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ នឹងត្រូវរៀបចំរយៈពេល ០២ថ្ងៃ ដោយផ្តោតលើមេរៀនសំខាន់ៗដូចខាង៖
- មេរៀនទី១៖ ផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- មេរៀនទី២៖ ផែនការអនុវត្តគណនេយ្យភាពសង្គម
- មេរៀនទី៣៖ តួនាទី និងភារកិច្ចផ្នែកផ្គត់ផ្គង់
- មេរៀនទី៤៖ តួនាទី និងភារកិច្ចផ្នែកតម្រូវការ
- មេរៀនទី៥៖ កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ
- មេរៀនទី៦៖ ប្រព័ន្ធទិន្នន័យគណនេយ្យភាពសង្គម
- មេរៀនទី៧៖ ដំណើរការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ
- មេរៀនទី៨៖ ការគាំទ្រ និងការតាមដានការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គមដោយគណៈកម្មាធិការ JAAP
- មេរៀនទី៩៖ ការប្តេជ្ញាចិត្តផ្នែកបរិស្ថាន និងសង្គម
- មេរៀនទី១០៖ នីតិវិធីហិរញ្ញវត្ថុនៃគម្រោង ISAF
- ការរៀបចំផែនការសម្រាប់ការអនុវត្ត៕
#ISAFCambodia #ISAF #ISAF2 #DDReform #DandDRefrom #NCDD #NCDDCambodia #NCDDS #NP #NPII