ភ្នំពេញ ២១ កុម្ភៈ ២០១៧៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្តស្ដីពី «ការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យ តាមដានការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម» ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា ភ្នំពេញ។ ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ខេត្តឱ្យយល់ច្បាស់ពីវដ្ដនៃគណនេយ្យភាពសង្គម និងលំហូរនៃដំណើរការប្រមូលទិន្នន័យទាំងបីវិស័យ (រដ្ឋបាលឃុំ សាលាបឋម និងមណ្ឌលសុខភាព) …
ភ្នំពេញ ២១ កុម្ភៈ ២០១៧៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្តស្ដីពី «ការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យ តាមដានការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម» ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា ភ្នំពេញ។ ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ខេត្តឱ្យយល់ច្បាស់ពីវដ្ដនៃគណនេយ្យភាពសង្គម និងលំហូរនៃដំណើរការប្រមូលទិន្នន័យទាំងបីវិស័យ (រដ្ឋបាលឃុំ សាលាបឋម និងមណ្ឌលសុខភាព) រហូតដល់ការបញ្ចូលទិន្នន័យទាំងបីវិស័យទៅក្នុងប្រព័ន្ធត្រួតពិនិត្យ តាមដានការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម ដើម្បីបោះពុម្ពទិន្នន័យលទ្ធផលការងារ (Post-On)ដែលមានគុណភាពដល់អ្នកពាក់ព័ន្ធសម្រាប់ប្រើប្រាស់។
ឯកឧត្ដម ជាម ប៉េអា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន មានប្រសាសន៍បើកវគ្គបណ្ដុះបណ្ដាលផ្ដោតទៅលើការចូលរួមរបស់ថ្នាក់ដឹកនាំ ខេត្ត ជាពិសេសប្រធានគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល(TOT) ទៅរដ្ឋបាលខេត្ត គឺសំដៅត្រង់ទៅមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីទទួលនូវកិច្ចការងារនេះ បន្តទៅថ្នាក់ស្រុក និងភូមិ ពីព្រោះការសម្រេចនៅក្នុងក្រមខណ្ឌផែនការ៣ឆ្នាំ ថាថ្នាក់ជាតិមិនមានលទ្ធភាពក្នុងការគាំទ្រត្រង់ទៅថ្នាក់ស្រុកទេ។
ឯកឧត្ដម ជាម ប៉េអា បន្តថា៖ បន្ទាប់ពីវគ្គនេះទៅតាមរយៈមន្ត្រីបង្គោលរបស់យើងលើកផែនការសកម្មភាព និងកញ្ចប់ថវិកាដែលមានហើយ ព្យាយាមបណ្ដុះបណ្ដាលពីការប្រមូល និងបញ្ចូលទិន្នន័យព័ត៌មានឱ្យបានច្បាស់លាស់ ពោលគឺមានភាពទទួលខុសត្រូវ និងគុណភាពទិន្នន័យព័ត៌មាន។
មតិយោបល់ផ្ដាំផ្ញើរបស់ ឯកឧត្ដម ជាម ប៉េអា ថា៖ «សូមប្រធានមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សគ្រប់ខេត្តទាំងអស់ពេលដែលបើកវគ្គទៅថ្នាក់ស្រុក សូមអញ្ជើញប្រធានមន្ទីរសុខាភិបាល មន្ទីរអប់រំ ចូលរួមដើម្បីឱ្យលោកបានបកស្រាយឱ្យច្បាស់នូវព័ត៌មាននានា។ យើងខ្ញុំសូមលើកទឹកចិត្តខាងមន្ទីរទាំង២នេះ ចូលរួមជាចាំបាច់ ដើម្បីជាយន្តការសម្របសម្រួលទៅថ្នាក់ស្រុកឱ្យមានការសហការគ្នាឱ្យកាន់តែប្រសើរឡើងជាងនេះទៅទៀត»។
គួរបញ្ជាក់ថាការអនុវត្តការងារគណនេយ្យភាពសង្គមនៅឆ្នាំ២០១៧នេះ នឹងត្រូវអនុវត្តលើស្រុកគោលដៅចំនួន៩៨ នៃខេត្តចំនួន១៨ រួមមាន៖ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ធំ ត្បូងឃ្មុំ ព្រៃវែង រតនគិរី មណ្ឌលគិរី កោះកុង កំពត ប៉ៃលិន ស្វាយរៀង ក្រចេះ កំពង់ស្ពឺ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ឆ្នាំង៕