រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ អង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ទោស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ និងលេខាធិការដ្ឋាន គ.ជ.អ.ប. បានសហការរៀបចំវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលខណ្ឌសែនសុខ ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ដែលដឹកនាំដោយ លោក ជេដ្ឋ គីមជុង ប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២ និងជាអនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប. ដោយមានអ្នកចូលរួមប្រមាណជា ៤០រូប។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅតាមវិធានការសុវត្ថិភាព ការពារ Covid-19 ៣ការពារ៣កុំ និង២ចូលរួម របស់ក្រសួងសុខាភិបាល។
គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ គឺផ្តល់ចំណេះដឹងមូលដ្ឋានអំពី «ផែនការយុទ្ធសាស្ត្រស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ» ដល់គ្រូបង្គោលថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ដើម្បីមានលទ្ធភាពបណ្តុះបណ្តាលបន្តទៅដល់អង្គភាពផ្តល់សេវា អំពី «ផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ» ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងភាពងាយស្រួលទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ការសម្របសម្រួល និងការពង្រឹងសមត្ថភាព និងការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដាន។
លោក ជេដ្ឋ គីមជុង បានស្នើទៅសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់តាមដានស្តាប់នូវមេរៀននីមួយៗ ដើម្បីជាទុនដ៏សំខាន់សម្រាប់យកទៅបង្រៀនបន្តដល់រដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដើម្បីអនុវត្តការងារគណនេយ្យភាពសង្គមនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ត្រូវបានរៀបចំរយៈពេល០៤ថ្ងៃ ដោយផ្តោតលើមេរៀនសំខាន់ៗដូចខាង៖
I. មេរៀនស្តីពី ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម
- មេរៀនទី១៖ ផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- មេរៀនទី២៖ ផែនការអនុវត្តគណនេយ្យភាពសង្គម
- មេរៀនទី៣៖ តួនាទី និងភារកិច្ចផ្នែកផ្គត់ផ្គង់
- មេរៀនទី៤៖ តួនាទី និងភារកិច្ចផ្នែកតម្រូវការ
- មេរៀនទី៥៖ កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ
- មេរៀនទី៦៖ ប្រព័ន្ធត្រួតពិនិត្យ តាមដានការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម និងកម្មវិធីទូរស័ព្ទគណនេយ្យភាពសង្គម
- មេរៀនទី៧៖ ការត្រួតពិនិត្យ តាមដាន ដោយប្រជាពលរដ្ឋ និងការដាក់ពិន្ទុវាយតម្លៃដោយអង្គភាពផ្តល់សេវា
- មេរៀនទី៨៖ ផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម
- មេរៀនទី៩៖ ការគ្រប់គ្រងហិរញ្ញវត្ថុនៃគម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- មេរៀនទី១០៖ ផែនការអនុវត្តសុវត្ថិភាពបរិស្ថាន និងសង្គមនៃគម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធ រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- មេរៀនទី១១៖ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ
- ការរៀបចំផែនការសម្រាប់ការអនុវត្ត
II. មេរៀនស្តីពី កិច្ចគាំពារសង្គម
- មេរៀនទី១៖ មូលហេតុនៃការពង្រឹក អផគស (I-SAF) ទៅលើកិច្ចគាំពារសង្គម
- មេរៀនទី២៖ បរិយាប័ន្នសង្គម
- មេរៀនទី៣៖ កិច្ចគាំពារសង្គម
- មេរៀនទី៤៖ ការបញ្ជ្រាបកិច្ចគាំពារសង្គមក្នុង អផគស៕