ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃ អង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ទោស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយ លោក ជេដ្ឋ គីមជុង ប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២ និងជាអនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប. ដោយទទួលបានការគាំទ្រមូលនិធិបរធនបាលកិច្ចពីធនាគារពិភពលោក(WB) និងមានការចូលរួមពីមន្ត្រីបង្គោលថ្នាក់ខេត្ត ក្រុង ស្រុកនៃខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ តំណាងអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI-360) តំណាងអង្គការស្តារកម្ពុជា និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ប្រមាណជា ៤០រូប។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅតាមវិធានការសុវត្ថិភាព ការពារ Covid-19 ៣ការពារ៣កុំ និង២ចូលរួម របស់ក្រសួងសុខាភិបាល។
គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ គឺផ្តល់ចំណេះដឹងមូលដ្ឋានអំពី «ផែនការយុទ្ធសាស្ត្រស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ» ដល់គ្រូបង្គោលថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ដើម្បីមានលទ្ធភាពបណ្តុះបណ្តាលបន្តទៅដល់អង្គភាពផ្តល់សេវា អំពី «ផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ» ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងភាពងាយស្រួលទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ការសម្របសម្រួល និងការពង្រឹងសមត្ថភាព និងការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដាន។
លោក ជេដ្ឋ គីមជុង បានស្នើទៅសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់តាមដានស្តាប់នូវមេរៀននីមួយៗ ដើម្បីជាទុនដ៏សំខាន់សម្រាប់យកទៅបង្រៀនបន្តដល់រដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដើម្បីអនុវត្តការងារគណនេយ្យភាពសង្គមនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ត្រូវបានរៀបចំរយៈពេល០៣ថ្ងៃ ដោយផ្តោតលើមេរៀនសំខាន់ៗដូចខាង៖
- មេរៀនទី១៖ ផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- មេរៀនទី២៖ ផែនការអនុវត្តគណនេយ្យភាពសង្គម
- មេរៀនទី៣៖ តួនាទី និងភារកិច្ចផ្នែកផ្គត់ផ្គង់
- មេរៀនទី៤៖ តួនាទី និងភារកិច្ចផ្នែកតម្រូវការ
- មេរៀនទី៥៖ កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ
- មេរៀនទី៦៖ ប្រព័ន្ធទិន្នន័យគណនេយ្យភាពសង្គម
- មេរៀនទី៧៖ ដំណើរការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ
- មេរៀនទី៨៖ ការគាំទ្រ និងការតាមដានការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គមដោយគណៈកម្មាធិការ JAAP
- មេរៀនទី៩៖ ការប្តេជ្ញាចិត្តផ្នែកបរិស្ថាន និងសង្គម
- មេរៀនទី១០៖ នីតិវិធីហិរញ្ញវត្ថុនៃគម្រោង ISAF
- ការរៀបចំផែនការសម្រាប់ការអនុវត្ត៕
#ISAFCambodia #ISAF #ISAF2 #DDReform #DandDRefrom #NCDD #NCDDCambodia #NCDDS #NP #NPII