រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមថ្នាក់ជាតិ (គ.គ.អ.ស) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងថ្នាក់ជាតិ ស្តីពី «ប្រសិទ្ធភាពនៃការអនុវត្តISAF ការប្រឈមក្នុងការឆ្លើយតប JAAP និងពិភាក្សាពីយន្តការដោះស្រាយប្រកបដោយចីរភាព និងសមធម៌» សហការរៀបចំដោយ អង្គការស្តារកម្ពុជា អង្គការ API អង្គការ CPDD អង្គការ CARE អង្គការ FHI360 អង្គការWVI និងលេខាធិការដ្ឋាន គ.ជ.អ.ប ដែលឧបត្ថម្ភដោយ អង្គការ OXFAM និងអង្គការ Voice។
កិច្ចប្រជុំឆ្លុះបញ្ចាំងថ្នាក់ជាតិនេះ មានការចូលរួមពី៖ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងអប់រំយុវជននិងកីឡា រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ រដ្ឋបាលឃុំ សង្កាត់ តំណាងដៃគូអភិវឌ្ឍន៍ តំណាងអង្គការសង្គមស៊ីវិល CAFs ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា សរុបប្រមាណជា ២៥៧នាក់។
ឯកឧត្តម ងី ច័ន្រ្ទផល បានជម្រាបជូនអង្គសិក្ខាសាលាថា ISAF ជាឧបករណ៍ដែលយើងអាចវាស់ស្ទង់បានថាតើរដ្ឋបាលថ្នាក់ក្រោមជាតិផ្តល់សេវាទាន់ពេល និងឆ្លើយតបតម្រូវការជាក់ស្តែងនៅមូលដ្ឋានយ៉ាងដូចម៉្តេច។ ISAF ក៏ជាកញ្ចក់ត្រួតពិនិត្យវាយតម្លៃហើយលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់សេវានៅមូលដ្ឋាន។
ខាងក្រោមនេះ ជាអនុសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តម ងី ច័ន្ទ្រផល រួមមាន៖
- ការអនុវត្តការងារគណនេយ្យភាពសង្គមនេះ មិនមែនបំរើឱ្យស្ថាបន័អង្គការណាមួយទេ គឺបំរើឱ្យប្រជាពលរដ្ឋ ពោលគឺទាមទារឱ្យមានការពង្រឹងភាពជាដៃគូ ការយោគយល់គ្នា ការជឿជាក់លើគ្នាថាយើងនឹងធ្វើការរួមគ្នាដើម្បីប្រយោជន៍របស់ប្រជាពលរដ្ឋ។ មួយវិញទៀតយើងអាចចែករំលែកនូវចំណុចខ្លាំង ចំណុចខ្សោយឱ្យគ្នាទៅវិញទៅមកដើម្បីជាបទពិសោធន៍ក្នុងការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាពដោយមិនខ្ជាះខ្ជាយ។
- នៅពេលខាងមុខ មុខងារជាច្រើននឹងត្រូវបានផ្ទេរទៅឱ្យថ្នាក់ក្រោមជាតិ នោះដំណើរការពិនិត្យតាមដានប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈកាន់តែមានច្រើនវិស័យបន្ថែមទៀតលើបីវិស័យបច្ចុប្បន្នដែលបានអនុវត្តកន្លងមក ពោលគឺអាចជាសេវាគ្រប់គ្រងសំរាម សេវាបរិស្ថាន និងសេវាផ្សេងៗដែលចាំបាច់ក្នុងការជំរុញលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាទាំងនោះតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ដូច្នេះសូមទាំងអស់គ្នារួមគ្នាយកចិត្តទុកដាក់ដើម្បីបន្តកិច្ចការនេះតទៅទៀត។