សិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តផែនការ​គណនេយ្យភាពសង្គម​ប្រចាំ​ឆ្នាំ​២០២១ ខេត្តកែប

ខេត្ត​កែប៖ នារសៀលថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តកែបបានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្ត​ផែនការ​គណនេយ្យភាពសង្គម​ប្រចាំឆ្នាំ២០២១ ដើម្បី​ឆ្លុះបញ្ចាំងពីលទ្ធផល​ការងារ និងបញ្ហាប្រឈមដែលកើតមាន​កន្លង​មក ជាពិសេសដើម្បីទទួលបាននូវអនុសាសន៍គន្លឹះថ្មីៗបន្ថែមទៀតសម្រាប់​ជាមូលដ្ឋាន​ក្នុង​ការអនុវត្ត​កម្មវិធី​គម្រោង​គណនេយ្យភាពសង្គមរបស់ខេត្តកែបឱ្យ​ទទួលបានលទ្ធផល​កាន់តែល្អប្រសើរបន្ថែមសម្រាប់ឆ្នាំ​បន្ទាប់។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព តំណាងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកែប​ លោក អ៊ុក ថា អភិបាលរងខេត្តកែប ដែលមានសមាសភាពចូលរួមមកពី តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រុង ស្រុក នាយក នាយករងសាលាបឋមសិក្សាទូទាំងខេត្ត លោកមេឃុំ ចៅសង្កាត់ទូទាំងខេត្ត ស្មៀនឃុំ សង្កាត់ទូទាំងខេត្ត អង្គការ CCSP អង្គការ WVI-C និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAF)  សរុបប្រមាណជា ១០០នាក់។

តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. លោក ជេដ្ឋ គីមជុង ប្រធាន​សម្របសម្រួល​គម្រោង​សមាហរណកម្ម​គណនេយ្យភាពសង្គម​ទៅ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ និង​ជា​អនុប្រធាន​អង្គភាព​ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​ក្រុមការងារ​គណនេយ្យភាពសង្គម ថ្នាក់ខេត្ត ថ្នាក់ក្រុង ថ្នាក់ស្រុក អង្គភាពស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ដៃ​គូអនុវត្តនានា យក​ចិត្តទុក​ដាក់ លើ​ចំណុច​សំខាន់ៗ មួយ​ចំនួន​ដូច​ខាង​ក្រោម៖

  • ធ្វើការបញ្ចូលទិន្នន័យក្នុងប្រព័ន្ឋឱ្យចប់សព្វគ្រប់ក្នុងដំណាច់ឆ្នាំ២០២១ ខាងមុខនេះ។
  • ផ្ញើរបាយការណ៍ប្រចាំឆ្នាំ ស្តីពីវឌ្ឍនៈភាព បញ្ហាប្រឈមនៃការអនុវត្តសកម្មភាពគណនេយ្យ ភាពសង្គម ជូនលេខាធិការដ្ឋាន គ.ជ.អ.ប.
  • រៀបចំវគ្គតម្រង់ទិសអភិវឌ្ឍសមត្ថភាពនិងគាំទ្របច្ចេកទេសអំពីការងារគណនេយ្យភាពសង្គម ដល់មន្រ្តីរាជការ ក្រុមប្រឹក្សា និង អង្គភាពពាក់ព័ន្ធ
  • រដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងរដ្ឋបាលស្រុក គួរពិនិត្យលទ្ធភាពគាំទ្រថវិកាសម្រាប់គាំទ្រ ដល់ដំណើរការអនុវត្ត I-SAF ដំណាក់កាលទី២ នៅឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ទៀត។
  • រដ្ឋបាលខេត្ត ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ អង្គការសង្គមស៊ីវិល ត្រូវមានកិច្ចសហការ ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ក្នុងការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម។
  • រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ត្រូវសហការគ្នា ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីការអនុវត្តការងារគណនេយ្យភាពសង្គម ក្នុងកម្មវិធី ឬ វេទិការរបស់គណៈអភិបាល ឬ ក្នុងកិច្ចប្រជុំនានា ទៅតាមពេលវេលាសមស្របណាមួយ។
  • រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក គួរមានរបៀបវារៈមួយក្នុងកិច្ចប្រជុំទៀងទាត់ប្រចាំខែ របស់ក្រុមប្រឹក្សា ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

សូមជម្រាបជូនថា រដ្ឋបាលខេត្តកែបបានអនុវត្តការងារគណនេយ្យភាពសង្គមនេះ នៅរដ្ឋបាលក្រុង ស្រុកគោលដៅ ចំនួន០២ ដែលគ្របដណ្តប់ លើអង្គភាព ផ្តល់សេវារដ្ឋបាលឃុំ សង្កាត់ចំនួន០៥ សាលាបឋមសិក្សា ចំនួន២២ និងមណ្ឌលសុខភាពចំនួន០៥៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់