សង្គម​ស៊ីវិលថា មានតែប្រជាពលរដ្ឋសកម្មទេ ទើប​អាច​ធ្វើ​អោយ​សេវា​មាន​គុណ​ភាព

កំពត ៦ សីហា ២០១៦៖ តំណាងអង្គការសង្គមស៊ីវិលថ្លែងថា នៅក្នុងការអនុវត្តការងារ គណនេយ្យភាពសង្គម ការចូលរួមតាមដាន ត្រួតពិនិត្យ ដ៏សកម្ម របស់ប្រជាពលរដ្ឋ ទៅលើការផ្តល់សេវា របស់អាជ្ញាធរមូលដ្ឋាន ធ្វើអោយការផ្តល់សេវា មានគុណភាពល្អ។

លោក សឿង សារឿន នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (I-SAF PSC)

 

កំពត ៦ សីហា ២០១៦៖ តំណាងអង្គការសង្គមស៊ីវិលថ្លែងថា នៅក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម ការចូលរួមតាមដានត្រួតពិនិត្យដ៏សកម្មរបស់ប្រជាពលរដ្ឋទៅលើការផ្តល់សេវារបស់អាជ្ញាធរមូលដ្ឋាន ធ្វើអោយការផ្តល់សេវាមានគុណភាពល្អ។

លោក សឿង សារឿន នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (I-SAF PSC) ថ្លែងថា៖ «ប្រសិនបើប្រជាពលរដ្ឋមិនយល់ថានៅសាលាឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាពនីមួយៗមានសេវាអ្វីខ្លះ ប្រហែលជាគាត់អត់មកទទួលទេ។ ដូច្នេះការផ្តល់ព័ត៌មាន និងការទទួលព័ត៌មានជារឿងសំខាន់។ មានតែប្រជាពលរដ្ឋមានភាពសកម្មទេទើបអាចធ្វើអោយសេវាប្រកបដោយគុណភាព ឬឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបាន»។

លោក សឿង សារឿន ថ្លែងដូច្នេះ ក្នុងវេទិកាសិក្សាស្វែងយល់ដំណើរការអនុវត្តការងារគណនេយ្យសង្គមរបស់គណ:កម្មាធិការគ្រប់គ្រងការអនុវត្តផែនការ យុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (I-SAF PSC) កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅខេត្តកំពត ដែលរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប និងមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងអប់រំ ស្ថាប័នពាក់ព័ន្ធ ថ្នាក់ខេត្ត ស្រុក ឃុំ មន្ទីរ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋសរុបប្រមាណ២០០នាក់។

លោក សឿង សារឿន ថ្លែងបន្តថា ការងារគណនេយ្យភាពសង្គមតម្រូវអោយអ្នកផ្តល់សេវា និងអ្នកទទួលសេវាធ្វើការរួមគ្នា។ អ្នកផ្តល់សេវារួមមាន រដ្ឋបាលឃុំ សាលាបមឋមសិក្សា និងមណ្ឌលសុខភាពទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាចាំបាច់ទៅដល់ប្រជាពលរដ្ឋ។ ការងារនេះនឹងមិនជោគជ័យទេប្រសិនបើអ្នកទទួលសេវាមិនមកទទួលសេវា។

ខេត្តកំពតដែលមាន២ស្រុកទើបចាប់ផ្តើមអនុវត្តការងារគណនេយ្យភាពសង្គមនៅឆ្នាំ២០១៦ ចំណែកឯខេត្តដ៏ទៃទៀតបានចាប់ផ្តើម២ឆ្នាំមកហើយ។

ប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គមធ្លាប់មានប្រសាសន៍ថា ក្នុងរយៈពេល២ឆ្នាំនេះ ការអនុវត្តការងារគណនេយ្យភាពសង្គមបានផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋក្នុងការផ្តល់សេវាបានល្អប្រសើរ និងបានផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីសិទ្ធិនៅសាលាឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព តាមរយៈការបិទផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ។

ថ្លែងក្នុងវេទិកានេះដែរ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (I-SAF PSC) មានប្រសាសន៍ថា ការងារគណនេយ្យភាពសង្គមមិនមែនជាការតាមដានដាក់កំហុស ឬបន្ទោសនរណាម្នាក់នោះឡើយ។  វាគឺជាការកែលម្អនូវចំណុចខ្វះខាតរបស់មន្ត្រី និងអង្គភាពផ្តល់សេវាដើម្បីមានវិធានការនៅឆ្នាំបន្ទាប់សម្រាប់ធ្វើអោយការផ្តល់សេវារបស់អង្គភាពនីមួយៗនៅមូលដ្ឋាន មានភាពប្រសើរឡើង៕ NCDDS

ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការ យុទ្ឋសាស្រ្តគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ (I-SAF PSC)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់