វេទិកា​​ចែក​​រំលែក​​មេរៀន​​បទ​ពិសោធន៍​​លើក​ទី​១ ស្ដី​ពី​​ការ​អនុវត្ត​​ផែនការ​​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​​សង្គម​

ភ្នំពេញ ១៦ មីនា ២០១៧៖ ដោយមានកិច្ចសហការជាមួយ គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម អង្គការមូលនិធិអាស៊ីប្រចាំកម្ពុជាបានរៀបចំវេទិកាចែករំលែកមេរៀនបទពិសោធន៍លើកទី១ ស្ដីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ ក្រោមជំនួយឧបត្ថម្ភពី ADB 

ភ្នំពេញ ១៦ មីនា ២០១៧៖ ដោយមានកិច្ចសហការជាមួយ គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម អង្គការមូលនិធិអាស៊ីប្រចាំកម្ពុជាបានរៀបចំវេទិកាចែករំលែកមេរៀនបទពិសោធន៍លើកទី១ ស្ដីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ ក្រោមជំនួយឧបត្ថម្ភពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានអ្នកចូលរួមប្រមាណជា ៥០នាក់ រួមមាន៖អង្គភាពផ្ដល់សេវាចំនួន៦ខេត្ត និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់។

 

គោលបំណងនៃការរៀបចំវេទិកានេះ ដើម្បីចែករំលែកបទពិសោធន៍ ការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមកន្លងមក និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធដើម្បីបន្តធ្វើការសិក្សាស្រាវជ្រាវទៅបណ្ដាខេត្តដទៃៗទៀត។

បើតាមសុន្ទរកថាបើករបស់ លោក សឿង សារឿន នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា និងជាអនុប្រធាននៃគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម មានប្រសាសន៍ថា នៅក្នុងការអនុវត្តការងារណាក៏ដោយ យើងតែងតែជួបប្រទះនូវបញ្ហាប្រឈម នៅក្នុងការអនុវត្តការងាររបស់យើង។ ការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមរយៈពេល៣ឆ្នាំនេះ ក៏ដូចគ្នាដែរ គឺជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលយើងត្រូវធ្វើការរៀនសូត្រ ដើម្បីកែលម្អ និងដើម្បីធ្វើឲ្យការផ្ដល់សេវាដល់ប្រជាពលរដ្ឋ នៅថ្នាក់មូលដ្ឋានបានកាន់តែប្រសើរឡើង។

ក្នុងអំឡុងពេលវេទិកា ក្រុមអ្នកស្រាវជ្រាវរបស់អង្គការមូលនិធិអាស៊ីក្រោមជំនួយឧបត្ថម្ភរបស់ ADB បានចែករំលែកអំពីលទ្ធផលចេញពីការសិក្សាស្រាវជ្រាវ ពិនិត្យមើលមេរៀន និងបញ្ហាប្រឈម នៅក្នុងការអនុវត្តផែនការគណនេយ្យភាពសង្គមកន្លងមក។ រីឯអ្នកចូលរួមដែលជាភាគីពាក់ព័ន្ធនៃការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមទាំងអស់ ក៏បានពិភាក្សា និងផ្ទៀងផ្ទាត់លទ្ធផលនៃការស្រាវជ្រាវខាងលើផងដែរ។ ម៉្យាងទៀតក្រុមអ្នកស្រាវជ្រាវក៏បានផ្ដល់ជាអនុសាសន៍ខ្លះៗដើម្បីកែលម្អការអនុវត្តផែនការនេះដែរ។

 

ក្រោមអធិបតីភាពបិទវេទិកាដោយ ឯកឧត្ដម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាននៃគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ឯកឧត្ដមមានប្រសាសន៍ថា បន្ទាប់ពីបានអនុម័តឯកសារផែនការយុទ្ធសាស្ត្រ និងផែនការអនុវត្តគណនេយ្យភាពសង្គមរយៈពេល៣ឆ្នាំ (ឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨) រួចមក គ.ជ.អ.ប បានបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។ 

 

ជាចុងបញ្ចប់ ឯកឧត្ដម ងី ច័ន្ទ្រផល បានថ្លែងអំណរគុណដល់ក្រុមអ្នកស្រាវជ្រាវរបស់អង្គការមូលនិធិអាស៊ី និង ADB ដែលបានធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំវេទិកានេះឡើង រួមទាំងថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍ ក៏ដូចជាអង្គការសង្គមស៊ីវិលនានា ដែលបានសហការ និងផ្ដល់ការគាំទ្រកន្លងមក។

 

គួរបញ្ជាក់ថា លទ្ធផលស្រាវជ្រាវលើកទី១នេះ បានចុះទៅខេត្តគោលដៅចំនួន ៥ខេត្ត  ទន្ទឹមនឹងនេះក្រុមអ្នកស្រាវជ្រាវរបស់អង្គការមូលនិធិអាស៊ីនឹងបន្តចុះសិក្សាស្រាវជ្រាវទៅខេត្តដែលអនុវត្តផែនការគណនេយ្យភាពសង្គមផ្សេងៗទៀតផងដែរ៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់