ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប បានដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃការចុះអភិបាលការងារគណនេយ្យភាពសង្គម និងការពិគ្រោះយោបល់អំពីការអនុវត្តគណនេយ្យភាពសង្គមសាកល្បងនៅថ្នាក់ក្រុង ស្រុក ដែលរៀបចំនៅសាលាស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានអ្នកចូលរួមប្រមាណជា ៩០នាក់។
ឯកឧត្តម ជាម ប៉េអា មានប្រសាសន៍ផ្តោតសំខាន់លើគោលបំណង និងគោលដៅនៃការអនុវត្តការងារគណនេយ្យភាពសង្គមថា៖ ការអនុវត្តការងារនេះ គឺដើម្បីលើកកម្ពស់ការអនុវត្តមុខងារទាំងបីសេវា (រដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព) ឱ្យមានប្រសិទ្ធភាព និងគុណភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។ តួយ៉ាងអង្គភាពផ្តល់សេវាទាំងបីត្រូវអនុវត្តតាមស្តង់ដារការងាររបស់ខ្លួនដែលបានកំណត់ដោយច្បាប់។ ចំពោះយន្តការត្រួតពិនិត្យគឺរដ្ឋបាលកណ្តាលផ្តល់ជូនរដ្ឋបាលខេត្តក្នុងការពិនិត្យមើលលើការផ្តល់សេវារបស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ពោលគឺដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។
ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ជាតិ ខេត្ត និងស្រុក បានចុះអភិបាលឃុំទាំង១០ នៃស្រុកថ្មគោល ក្នុងនោះរួមមាន៖ ឃុំបឹងព្រីង ឃុំជ្រោយស្តៅ ឃុំគោកឃ្មុំ ឃុំតាម៉ឺន ឃុំតាពូង ឃុំរូងជ្រៃ ឃុំបន្សាយត្រែង ឃុំអន្លង់រុន ឃុំអូរតាគី និងឃុំជ្រៃ អស់រយៈពេល២ថ្ងៃ ដោយបែងចែកជា៣ក្រុមក្នុងការចុះទៅពិនិត្យលើការបិទផ្សាយផ្ទាំងព័ត៌មាន និងទិន្នន័យ (I4C និង Post-On) របស់អង្គភាពផ្តល់សេវាទាំងបី។
ចំណែកការពិគ្រោះយោបល់អំពីការអនុវត្តគណនេយ្យភាពសង្គមសាកល្បងនៅថ្នាក់ក្រុង ស្រុក មានគោលបំណងពិគ្រោះពាក់ព័ន្ធទៅនឹងបីចំនុចសំខាន់ៗ៖ (១) ថាតើគួរតែមានកាអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ក្រុង ស្រុកឬទេ (បើមានគួរកំណត់ស្តង់ដារអ្វីខ្លះ) (២) គួរកំណត់សិទ្ធិរបស់ប្រជាពលរដ្ឋនៅរដ្ឋបាលក្រុង ស្រុកយ៉ាងដូចម្តេចខ្លះ និង (៣) ប្រសិនបើគ្មានអង្គការដៃគូដើរតួនាទីសម្របសម្រួលផ្នែកតម្រូវការ តើគួរធ្វើយ៉ាងណា?