រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មា ធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម (គ.គ.អ.ស) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីស្តាប់បទបង្ហាញពីលទ្ធផលនៃរបាយការណ៍អង្កេតដើមគ្រា លើការអនុវត្តការងារគណនេយ្យភាពសង្គមដោយអ្នកជំនាញរបស់ធនាគារពិភពលោក នៅក្នុងសាលប្រជុំមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច នៃនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ចនៃក្រសួងមហាផ្ទៃ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន សមាជិក សមាជិកា មកពីផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិលដែលបាននឹងកំពុងអនុវត្តការងារទាក់ទងការងារគណនេយ្យភាពសង្គមសរុបប្រមាណជាង៣០រូប។
ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំនេះថា លទ្ធផលនៃរបាយការណ៍អង្កេតនេះនឹងបានជាទុនមួយសម្រាប់ក្រុមការងារ គណនេយ្យភាពសង្គមថ្នាក់ជាតិ និងអង្គការដៃគូដែលបាននឹងកំពុងអនុវត្តការងារទាក់ទងនឹងការងារ គណនេយ្យភាពសង្គមក្នុងការឆ្លុះបញ្ចាំងពីកម្រិតនៃការផ្តល់សេវារបស់អង្គភាពផ្តល់សេវា និងការចូលរួមរបស់ប្រជាពលរដ្ឋមុនពេលការងារគណនេយ្យភាពសង្គមត្រូវបានអនុវត្ត។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា របាយការណ៍នេះនឹងក្លាយជាទុនមួយដើម្បីរៀបចំផែនការយុទ្ធសាស្ត្រអនុវត្តការងារគណនេយ្យភាពសង្គមបន្តទៀតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។
ផ្នែកតាមបទបង្ហាញរបស់លោក Andrew Beath តំណាងក្រុមស្រាវជ្រាវបានបង្ហាញថា ជារួមមុនពេល ការអនុវត្តការងារគណនេយ្យភាពសង្គមការផ្តល់សេវារបស់អង្គភាពផ្តល់សេវាទាំងបីនៅមានកម្រិត ហើយ ការចូលរួមរបស់ប្រជាពលរដ្ឋក៏ហាក់ដូចជាមានចំនួនតិចតួចនៅឡើយ (របាយការណ៍លម្អិតនឹងត្រូវចេញផ្សាយក្នុងពេលឆាប់ៗដោយធនាគារពិភពលោក បន្ទាប់ពីមានការពិគ្រោះយោបល់ពីភាគីពាក់ព័ន្ធនានា)។ គេរំពឹងថា បន្ទាប់ពីការអនុវត្តការងារគណនេយ្យភាពសង្គមក្នុងចំណោមអង្គភាពផ្តល់សេវាទាំងបីគឺរដ្ឋបាលឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សា ការផ្តល់សេវានៅអង្គភាពទាំងបីនឹងកាន់តែប្រសើរឡើង ហើយការចូលរួមរបស់ប្រជាពលរដ្ឋក៏មានការកើនឡើងដែរ។ ការសិក្សាអង្កេតចុងគ្រាលើការអនុវត្តការងារគណនេយ្យភាពសង្គមគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០១៩ ពោលគឺក្រោយការបញ្ចប់ការអនុវត្ត ផែនការយុទ្ធសាស្ត្រស្តីពីការងារគណនេយ្យភាពសង្គមឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។
ការងារគណនេយ្យភាពសង្គមត្រូវបានអនុវត្តជាពីរផ្នែក គឺផ្នែកផ្គត់ផ្គង់ដែលអនុវត្តដោយរដ្ឋបាលថ្នាក់ ក្រោមជាតិ និងផ្នែកតម្រូវការដែលអនុវត្តដោយអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ។ កន្លងមក ការងារនេះត្រូវបានអនុវត្តនៅក្នុងខេត្តគោលដៅចំនួន១៨ ដែលមានស្រុកគោលដៅចំនួន៩៨ ផ្តោតលើសេវារដ្ឋបាលឃុំចំនួន៨២៧ សេវាមណ្ឌលសុខភាពចំនួន៦០៥ និងសាលាបឋមសិក្សាចំនួន៤.១០៨ ក្នុងការផ្តល់ព័ត៌មានអំពីស្តង់ដារការបំពេញការងារ និងព័ត៌មានថវិកា។ ការអនុវត្តការងារគណនេយ្យភាព សង្គមនេះគ្រោងនឹងពង្រឹង និងពង្រីកវិសាលភាពបន្ថែមទៀតនាពេលខាងមុខ។