រាជធានីភ្នំពេញ៖ ជំនួបពិភាក្សាបច្ចេកទេសរវាង ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស) ជាមួយទីភ្នាក់ងារសហរដ្ឋអារិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និង ក្រុមការងារធនាគារពិភពលោក (WB) អំពីយន្តការគាំទ្រការងារអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។
នៅក្នុងជំនួបនេះតំណាង USAID បានជម្រាបជូន ឯកឧត្តម ងី ច័ន្ទ្រផល ឱ្យបានជ្រាបអំពីគម្រោងផ្តួចផ្តើមគំនិតសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC) ដែលជាគម្រោងថ្មីមួយនឹងត្រូវអនុវត្តដោយដៃគូរបស់ USAID ហើយវាដើរស្របទៅនឹងការងារអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម (ISAF) ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន។ គម្រោង ISAC ជាមជ្ឍមណ្ឌលប្រជាពលរដ្ឋដោយផ្តល់ការបណ្តុះបណ្តាលដល់ស្ត្រី និងយុវជនដើម្បីចូលរួមជាមួយរដ្ឋបាលថ្នាក់មូលដ្ឋានក្នុងការអភិវឌ្ឍលើវិស័យអប់រំ សុខាភិបាល កសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិ និងសន្តិសុខស្បៀងជាដើម។ សូមបញ្ជាក់ថា គម្រោង ISAC របស់ USAID នេះទាន់ត្រូវបានសម្រេចចុងក្រោយឲ្យអនុវត្តនៅឡើយទេ។
ស្របជាមួយគ្នានេះដែរ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធាន គ.គ.អ.ស បានលើកឡើងពីបច្ចុប្បន្ននៃការងារអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម (ISAF) ថា ISAF ដំណាក់កាលទី១ត្រូវបានបញ្ជប់ដោយជោគជ័យ (ឆ្នាំ២០១៦-២០១៨) ដោយទទួលបានបទពិសោធន៍ល្អៗ និងរៀនសូត្រពីបញ្ហាប្រឈមនានាសម្រាប់អនុវត្តដំណាក់កាលបន្តទៀត។ មកដល់ពេលនេះ ISAF ដំណាក់ទី២ (ឆ្នាំ២០១៩-២០២៣) បាននិងកំពុងអនុវត្តដោយមានការគាំទ្រពី WB។
ជាចុងក្រោយ ឯកឧត្តម ងី ច័ន្ទ្រផល បានស្នើ និងផ្តល់អនុសាសន៍ទៅកាន់ទីភ្នាក់ងារ USAID រួមមាន៖
- វាជាការប្រសើរប្រសិនបើទីភ្នាក់ងារ USAID អាចជួយគាំទ្រផ្នែកផ្គត់ផ្គង់ (Supply Side)
- ចូលរួមគាំទ្រគម្រោង ISAC របស់ទីភ្នាក់ USAID
- គម្រោង ISAC មិនត្រូវពាក់ព័ន្ធនឹងនយោបាយទេ
- ISAF ដំណាក់កាលទី 2 ត្រូវការការផ្តល់ការបណ្តុះបណ្តាលទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ
- USAID អាចចូលរួមធ្វើជាអ្នកអង្កេតរបស់ គ.គ.អ.ស ដូចជា ធនាគារពិភពលោក, សហភាពអឺរ៉ុប …៕