ភ្នំពេញ ២៧ តុលា ២០១៧៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានសម្រេចអនុម័តផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីបន្តពង្រឹងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបវិមជ្ឍការឲ្យកាន់តែប្រសើរឡើង។
ផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) នៃកម្មវិធីជាតិដែលមានកម្រាស់ជាង ១០០ទំព័រ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំលើកទី ១៤ របស់ គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ក្នុងសាលប្រជុំក្រសួងមហាផ្ទៃ ក្រោមអធិបតីដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដែលជារដ្ឋមន្ត្រី រដ្ឋលេខាធិការ ជាសមាជិករបស់ គ.ជ.អ.ប និងឯកឧត្តម លោកជំទាវដែលជាតំណាងក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
ផអ៣ទី៣ មានគោលបំណងបន្តពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានស្វ័យភាព និងគណនេយ្យភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរថែមទៀត។ ដើម្បីសម្រេចគោលបំណងនេះ ផអ៣ទី៣ មានកំណត់គោលដៅមួយចំនួន រួមមាន ១). ពង្រឹងការគ្រប់គ្រងការងារកំណែទម្រង់របស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ២). ពង្រឹងអភិបាលកិច្ចល្អរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៣). លើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ៤). ជំរុញការផ្ទេរមុខងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្តួចផ្តើមគំនិតប្រកបដោយភាពច្នៃប្រឌិតរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តមុខងារជាអាណត្តិទូទៅ មុខងារដែលបានផ្ទេរ និងមុខងារដទៃទៀត ៥). បង្កើនធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ៦). ពង្រឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល និងវិស័យឯកជនក្នុងការផ្តល់សេវានិងការអភិវឌ្ឍមូលដ្ឋាន។
លើសពីនេះទៀត ផអ៣ទី៣ បានកំណត់អំពីសមាសភាគ សមិទ្ធផលរំពឹងទុក លទ្ធផលរំពឹងទុកសកម្មភាពចម្បងៗ ចំណុចដៅ និងស្ថាប័នទទួលខុសត្រូវក្នុងការអនុវត្តយ៉ាងច្បាស់លាស់ ក្នុងនោះ រួមមាន សមាសភាគចំនួន ៥ សមិទ្ធផលរំពឹងទុកចំនួន ១៦ លទ្ធផលរំពឹងទុកចំនួន ៤៤ និងសកម្មភាពចំនួន ១៧៨ ។
សរុបជារួម លទ្ធផលនៃផអ៣ទី៣ ចែកចេញជា ៤ប្រភេទ រួមមាន ១). លទ្ធផលសម្រាប់ការអនុវត្តកម្មវិធីថ្នាក់ជាតិ គឺសកម្មភាពនានាដែលអនុវត្តដោយថ្នាក់ជាតិក្នុងការលើកកម្ពស់កិច្ចអភិវឌ្ឍមូលដ្ឋាន និងវិមជ្ឈការ។ ២). លទ្ធផលសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺអភិបាលកិច្ច ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ៣). លទ្ធផលសម្រាប់ប្រជាពលរដ្ឋ គឺការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចការសាធារណៈ និងកិច្ចការនយោបាយ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ នេះគឺជាលទ្ធផលនៃការជះឥទ្ធិពល ឬផលប៉ះពាល់នៅមូលដ្ឋានរបស់កម្មវិធីផអ៣ទី៣។ និង ៤). លទ្ធផលសម្រាប់ដៃគូពាក់ព័ន្ធផ្សេងៗ រួមមាន ការចូលរួមរបស់សង្គមស៊ីវិល និងវិស័យឯកជនក្នុងការលើកកម្ពស់អភិបាលកិច្ច ការកៀរគរធនធាន ការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការរួមគ្នាក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងភាពជាដៃគូជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះគឺជាលទ្ធផលក្នុងកម្រិតសមិទ្ធផលរំពឹងទុកនៃកម្មវិធីផអ៣ទី៣។
សូមបញ្ជាក់ថា កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ១០ឆ្នាំ របស់រាជរដ្ឋាភិបាលត្រូវបានបែងចែកជា ៣ដំណាក់កាលសម្រាប់ការអនុវត្ត រួមមាន ផែនការអនុវត្ត៣ឆ្នាំ (២០១១-២០១៤) ដំណាក់កាលទី១ (ផអ៣ ទី១) ផ្ដោតលើការអភិវឌ្ឍគោលនយោបាយ ការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ផអ៣ ដំណាក់កាលទី២ (២០១៥-២០១៧) ផ្ដោតលើការផ្ទេរមុខងារ និងធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីកែលម្អគុណភាពសេវា និងការអភិវឌ្ឍមូលដ្ឋាន និងដំណាក់កាលចុងក្រោយ ផអ៣ ដំណាក់កាលទី៣ (២០១៨-២០២០) គឺផ្ដោតលើការបន្តជំរុញ និងពង្រឹងការទទួលខុសត្រូវ និងស្វ័យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្ដល់សេវា និងការអភិវឌ្ឍមូលដ្ឋាន។ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់អំពី គុណតម្លៃ និងតួនាទីដ៏មានសារៈសំខាន់របស់រដ្ឋបាលមូលដ្ឋានតាមបែបវិមជ្ឈការក្នុងការលើកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព៕