កិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារយុទ្ធសាស្រ្តសម្រាប់ផែនការ អនុវត្ត រយៈពេល ៣ឆ្នាំ (ផអ៣) ដំណាក់កាលទី២ នៃកម្មវិធីជាតិ

ភ្នំពេញ ១២ កញ្ញា ២០១៤៖ ដើម្បីឲ្យការអនុវត្តផែនការរយៈពេល៣ឆ្នាំ (ផអ៣) ដំណាក់កាលទី២ (២០១៥-២០១៧) សម្រេច ទៅតាមលទ្ធផល ដែលបានរំពឹងទុក លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ លើសេចក្តីព្រាងយុទ្ធសាស្រ្ត សម្រាប់ការរៀបចំតាក់តែង ផអ៣ ដំណាក់កាលទី២


ភ្នំពេញ ១២ កញ្ញា ២០១៤៖ ដើម្បីឲ្យការអនុវត្តផែនការរយៈពេល៣ឆ្នាំ (ផអ៣) ដំណាក់កាលទី២ (២០១៥-២០១៧) សម្រេចទៅតាមលទ្ធផលដែលបានរំពឹងទុក លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្រ្តសម្រាប់ការរៀបចំតាក់តែង ផអ៣ ដំណាក់កាលទី២ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល១ថ្ងៃ នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៤ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

 

សិក្ខាសាលាពិគ្រោះយោបល់នេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប និងមានការចូលរួម ពីក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាលខេត្ត ក្រុង ស្រុក ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សរុបប្រមាណ ៩០រូប (ស្រី ១៣រូប)។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់នេះ ឯកឧត្តម ង៉ាន់ ចំរើន មានប្រសាសន៍ថា ឯកសារយុទ្ធសាស្រ្តសម្រាប់អនុវត្ត ផអ៣ (២០១៥-២០១៧) ដំណាក់កាលទី២នេះ ផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលក្រុង ស្រុក។ ឯកឧត្តមបន្ថែមថា «ការអភិវឌ្ឍសមត្ថភាពរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងឃុំ សង្កាត់ក៏ត្រូវពង្រឹងផងដែរ ហើយនឹងត្រូវមានយុទ្ធសាស្រ្តផ្សេងៗពីការអនុវត្ត ផអ៣ ដំណាក់កាលទី១ (២០១១-២០១៤) ដើម្បីអោយការអនុវត្ត ផអ៣ ដំណាក់កាលទី២ មានប្រសិទ្ធភាពខ្ពស់។ ទោះបីការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានធ្វើឡើងជាច្រើនក៏ដោយ ក៏ប្រសិទ្ធភាពនៃសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅមានកម្រិតនៅឡើយ។ ដូច្នេះ ការពង្រឹងសមត្ថភាពនៅក្នុងការអនុវត្តផអ៣ដំណាក់កាលទី២ នឹងត្រូវធ្វើឡើងជាបន្តទៀត ដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថភាពគ្រប់គ្រាន់ និងមានភាពច្បាស់លាស់ ក្នុងការអនុវត្តមុខងារដែលនឹងត្រូវផ្ទេរពីថ្នាក់ជាតិ»។

 

នៅក្នុងផអ៣ដំណាក់កាលទី២នេះ នឹងមានការផ្ទេរមុខងារសាកល្បងដល់ក្រុង ស្រុក គោលដៅ ហើយនឹងមានការផ្ទេរមុខងារជាបន្តបន្ទាប់ទៀត នៅពេលដែលការអនុវត្តការផ្ទេរមុខងារសាកល្បងនេះទទួលបានជោគជ័យ។

 

នេះគឺជាការពិភាក្សា ផ្តល់យោបល់ ដើម្បីស្វែងរកការឯកភាពគ្នាពីអ្នកពាក់ព័ន្ធនានាទៅលើឯកសារយុទ្ធសាស្ត្រផអ៣ដំណាក់កាលទី២ មុននឹងដាក់ជូនគ.ជ.អ.ប អនុម័ត។ ឯកសារយុទ្ធសាស្រ្តសម្រាប់ការរៀបចំតាក់តែង ផអ៣ ដំណាក់កាលទី២ នេះគ្រោងនឹងអនុម័តដោយ គ.ជ.អ.ប នៅពាក់កណ្តាលខែតុលា ឆ្នាំ២០១៤ ខាងមុខ។ ដូច្នេះឯកឧត្តមបានលើកទឹកចិត្ត ជំរុញដល់អ្នកចូលរួមទាំងអស់ផ្តល់ជាមតិយោបល់អោយបានច្រើន ដែលជាធាតុចូលដ៏សំខាន់សម្រាប់អោយឯកសារយុទ្ធសាស្រ្តនេះអាចដំណើរការបានល្អ។ ឯកឧត្តម ក៏មានប្រសាសន៍ផងដែរថា ឯកសារយុទ្ធសាស្រ្តនេះត្រូវបានធ្វើឡើងយោងតាមបទពិសោធន៍ល្អមួយចំនួន និងមានការបន្ថែមយុទ្ធសាស្រ្តមួយចំនួនដែលមានការខ្វះខាតពីការអនុវត្ត ផអ៣ ដំណាក់កាលទី១។

 

មានចំណុចដៅចំនួន៥ ដែលត្រូវអនុវត្តក្នុងផអ៣ដំណាក់កាលទី២នេះ ដែលរួមមាន៖

  1. រដ្ឋបាលថ្នាក់ក្រោមជាតិបំពេញមុខងារជាស្ថាប័នប្រជាធិបតេយ្យនៅមូលដ្ឋាន ដែលមានស្វ័យភាព និងមានគណនេយ្យភាព ដោយគណៈអភិបាលត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សា ហើយក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
  2. ប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំបញ្ចប់ និង/ឬពិនិត្យឡើងវិញដើម្បីធានាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពទទួលខុសត្រូវក្នុងការផ្តល់សេវានានា
  3. រដ្ឋបាលថ្នាក់ក្រោមជាតិនានាដែលនៅកៀកនឹងប្រជាពលរដ្ឋ ត្រូវបានផ្តល់លទ្ធភាព និងគាំទ្រដោយក្រសួង ស្ថាប័ន ថ្នាក់រដ្ឋបាលកម្រិតផ្សេងទៀត ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
  4. ការសម្រេចនានារបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានផ្តល់ធនធានសមស្រប ដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពបំពេញតួនាទីរបស់ខ្លួន ប្រកបដោយគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ
  5. ការគ្រប់គ្រងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ត្រូវបានលើកកម្ពស់ សំដៅឈានឆ្ពោះទៅរកការគ្រប់គ្រងដែលធ្វើឲ្យមានការផ្លាស់ប្តូរ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់