ផែនការ​អនុវត្ត​រយៈ​ពេល​៣​ឆ្នាំ​ដំណាក់​កាល​ទី​២​ នឹង​ត្រូវ​អនុវត្ត​ភ្លាម​ បន្ទាប់​ពី​មាន​ការ​អនុម័ត​ពី​ គ.ជ.អ.ប​

ភ្នំពេញ ០៥ ធ្នូ ២០១៤៖ បន្ទាប់ពីទទួលបានមតិយោបល់ពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធរួចមក ឯកសារផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) នឹងត្រូវអនុវត្តភ្លាម បន្ទាប់ពីនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំ គ.ជ.អ.ប ដើម្បីអនុម័ត…

ភ្នំពេញ ០៥ ធ្នូ ២០១៤៖ បន្ទាប់ពីទទួលមតិយោបល់ ពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធរួចមក ឯកសារព្រាងផែនការអនុវត្តរយៈពេល ៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) នឹងត្រូវអនុវត្តភ្លាម បន្ទាប់ពីនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំ គ.ជ.អ.ប ដើម្បីអនុម័ត នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ខាងមុខ ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរ។ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ក្នុងពិធីបិទអង្គសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងឯកសារផអ៣ទី២។

 

ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់នេះដែរ ឯកឧត្តម ចាន់ សុធា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋានគ.ជ.អ.ប បានបូកសរុបលទ្ធផលនៃកិច្ចសិក្ខាសាលា ដោយឯកឧត្តមបញ្ជាក់ថា ជារួមសិក្ខាកាមយល់ព្រមស្ទើរតែទាំងស្រុងលើឯកសារព្រាងផអ៣ទី២ តែក៏មានយោបល់កែសម្រួលពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល លើសមិទ្ធផលរំពឹងទុកមួយចំនួន និងការកែប្រែពាក្យពេចន៍មួយចំនួន។

 

 

 

ជាកិច្ចបញ្ចប់សិក្ខាសាលា ឯកឧត្តម សក់ សេដ្ឋា បានបញ្ជាក់ថា ការងារបន្ទាប់ដែលលេខាធិការដ្ឋាន គ.ជ.អ.ប ត្រូវធ្វើគឺ កែលម្អសេចក្តីព្រាងឯកសារផអ៣ទី២ នេះអោយបានរួចរាល់នៅចុងសប្តាហ៍បន្ទាប់ ត្រៀមរៀបចំរបាយការណ៍ និងបទបង្ហាញអំពីខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងផអ៣ទី២ ដើម្បីរាយការណ៍ និងធ្វើបទបង្ហាញជូនអង្គប្រជុំ គ.ជ.អ.ប និងបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលក្នុងការៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០១៥ របស់គ.ជ.អ.ប។ ម្យ៉ាងវិញទៀត លេខាធិការដ្ឋាន គ.ជ.អ.ប នៅបន្តស្វាគមន៍នូវគំនិតយោបល់របស់ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធដើម្បីអោយឯកសារផអ៣ទី២ កាន់តែប្រសើរឡើង។

 

គួរបញ្ជាក់ផងដែរថា ក្នុងសិក្ខាសាលានេះ មានការបែងចែកក្រុមពិភាក្សា ពិគ្រោះយោបល់ ជា៥  ក្រុមដើម្បីពិគ្រោះយោបល់លើលទ្ធផលរំពឹងទុកលើសេចក្តីព្រាងផអ៣ទី២ គឺ ក្រុមពិភាក្សាទី១ ពិនិ្យ និងផ្តល់យោបល់លើការគ្រប់គ្រងកិច្ចដំណើរការកំណែទម្រង់ និងវិម្ឈការហិរញ្ញវត្ថុ ក្រុមពិភាក្សាទី២ ស្តីពីគណនេយ្យភាពបែបប្រជាធិបតេយ្យ និងការផ្ទេរមុខងារ និងធនធានក្នុងការផ្តល់សេវា និងអភិវឌ្ឍមូលដ្ឋាន ក្រុមពិភាក្សាទី៣ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ក្រុមពិភាក្សាទី៤ យុទ្ធសាស្រ្តលើកកម្ពស់បរិយាប័ន្ន និងសមធម៌ក្នុងផអ៣ទី២ និងក្រុមពិភាក្សាទី៥ ការគ្រប់គ្រងកម្មវិធី។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់