កិច្ច​ពិគ្រោះ​យោបល់​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការ​រៀបចំ​ដីកា​ក្រុមប្រឹក្សា ការ​អនុវត្ត​មុខងារ​ជា​ជម្រើស​ថ្នាក់​ក្រោម​ជាតិ និង​ផែនការ​ដំណាក់​កាល​ទី​២​នៃ​កម្មវិធី​ជាតិ

ភ្នំពេញ ២ កក្កដា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចពិគ្រោះយោបល់ លើឯកសារគតិយុត្តចំនួន៣ ដែលរួមមាន សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ ការកែសម្រួល និងការលុបចោលដីការបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ អនុក្រឹត្យស្តីពីការជ្រើសរើស ការចាត់ចែង ការគ្រប់គ្រង និងការអនុវត្តមុខងារជាជ្រើសដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងឯកសារក្របខ័ណ្ឌផែនការ…


ភ្នំពេញ ២ កក្កដា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចពិគ្រោះយោបល់លើឯកសារគតិយុត្តចំនួន៣ ដែលរួមមាន សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ ការកែសម្រួល និងការលុបចោលដីការបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ អនុក្រឹត្យស្តីពីការជ្រើសរើស ការចាត់ចែង ការគ្រប់គ្រង និងការអនុវត្តមុខងារជាជ្រើសដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងឯកសារក្របខ័ណ្ឌផែនការអនុវត្ត (ផអ៣) សម្រាប់ដំណាក់កាលទី២ នៃ  កម្មវិធីជាតិ១០ឆ្នាំសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២-៣ ខែកក្កដា ឆ្នាំ២០១៤ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយ EU-SPACE (GIZ)។

កិច្ចពិគ្រោះយោបល់នេះមានការចូលរួមពី អភិបាល ប្រធានក្រុមប្រឹក្សា និងនាយករដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (៧ខេត្ត ១រាជធានី ១០ក្រុង ស្រុក ខណ្ឌ) តំណាងអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ អនុកម្មវិធីនៃផអ៣ ក្រសួងកិច្ចការនារី ក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងពាក់ព័ន្ធ តំណាងកម្មវិធី EU-SPACE អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល សរុបចំនួន ១០៨ រូប។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានៃកិច្ចពិគ្រោះយោបល់នេះ ឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រហូតមកដល់ពេលនេះ បានចូលមកដល់ផ្លូវរបត់មួយ ដែលមានលក្ខណៈសំខាន់ និងមានភាពស្មុគស្មាញបន្តិច ដែលទាមទារឲ្យពិនិត្យ និងដោះស្រាយបញ្ហាដែលកើតមាន។ ឯកសារដែលត្រូវពិគ្រោះយោបល់ថ្ងៃនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចកំណែទម្រង់វិមជ្ឈការ និងវិសមជ្ឈការ។ រហូតមកដល់ពេលនេះ ផអ៣ ដំណាក់កាលទី១បានអនុវត្តមកដល់ឆមាសទី២នៃឆ្នាំ២០១៤ [២០១១-២០១៤] ដូច្នេះ បញ្ហាមួយចំនួនដែលនៅសេសសល់ ទាមទារ១ឆមាសទៀត ដើម្បីដោះស្រាយ និងទាមទារឲ្យមានការពិគ្រោះយោបល់លើឯកសារទាំងនេះ។ «ផអ៣ ដំណាក់កាលទី១ គឺជាការរៀបចំរថយន្តសម្រាប់ចេញដំណើរ  ដែលតម្រូវចេញដំណើរដោយរដ្ឋបាលថ្នាក់ក្រោមជាតិ នៅផអ៣ដំណាក់កាលទី២ ដើម្បីឲ្យផអ៣ដំណាក់កាលទី៣ធ្វើដំណើរបានល្អ និងមានសុវត្ថិភាពនៅក្នុងដំណើរកំណែទម្រង់នេះ ដើម្បីឲ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិបំពេញតួនាទីមានប្រសិទ្ធភាព ស្របតាមច្បាប់រៀបចំអង្គការ»។

ឯកឧត្តម បន្តថា សិក្ខាសាលាថ្ងៃនេះ មានសារសំខាន់ សម្រាប់ផ្តល់នូវសិទ្ធិក្នុងការចេញដីការបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ និងការអនុវត្តមុខងារជាជម្រើស។ ការផ្ទេរមុខងារដែលសមស្របដល់រដ្ឋបាលថ្នាក់ក្រោមជាតិគួរចាប់ផ្តើមខ្លះៗ ដើម្បីឆ្លើយតមតម្រូវការប្រជាពលរដ្ឋ។ ផអ៣ ដំណាក់កាលទី២ នៅក្នុងឆ្នាំ២០១៥ ចាំបាច់ត្រូវសម្របសម្រួលក្នុងការផ្ទេរមុខងារ យ៉ាងហោចណាស់ មានមុខងារចំនួន១ ឬ២ សម្រាប់ផ្ទេរ។

ឯកឧត្តម ង៉ាន់ ចំរើន មានប្រសាសន៍ថា អនុក្រឹត្យទាំងពីរនេះបង្ហាញកង្វល់របស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិទាក់ទងនឹងដីកា ថាតើដីកាណាមួយត្រូវចុះហត្ថលេខា ដោយក្រុមប្រឹក្សា ហើយដីកាណាមួយត្រូវចុះហត្ថលេខាដោយអភិបាល។

ឯកឧត្តម ង៉ាន់ ចំរើន ស្នើឲ្យអ្នកចូលរួមពិគ្រោះយោបល់ បង្ហាញការចាប់អារម្មណ៍ និងសង្កាត់ធ្ងន់លើដីកាគំរូ និងផ្តល់់យោបល់លើឯកសារទាំងនេះ។ ប្រសិនបើឯកសារទាំងនេះមិនត្រូវបានរៀបចំឲ្យគ្រប់ជ្រុងជ្រោយទេ កំណែទម្រង់នឹងជួបការលំបាក។ ហើយដើម្បីឲ្យផអ៣ អាចដោះស្រាយបញ្ហាបាន ទាមទារឲ្យមានការរៀបចំឲ្យបានគ្រប់ជ្រុងជ្រោយនូវឯកសារផអ៣ដំណាក់កាលទី២នេះ។

សេចក្តីព្រាងអនុក្រឹត្យស្តីពីការជ្រើសរើស ការចាត់ចែង ការគ្រប់គ្រង និងការអនុវត្តមុខងារជាជ្រើសដោយរដ្ឋបាលថ្នាក់ក្រោមជាតិ មានគោលបំណងធានា និងលើកទឹកចិត្តឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រើប្រាស់នូវសិទ្ធិអំណាចក្នុងការអនុវត្តមុខងារជាជម្រើសដែលខ្លួនជ្រើសរើស ដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព សមធម៌ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ  ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តម្រូវឲ្យអនុវត្តតាមនីតិវិធីក្នុងការ រៀបចំ តាក់តែង ការកែប្រែ និងការលុបចោលដីការបស់ខ្លួន។ ការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះនឹងពង្រឹងសិទ្ឋិអំណាចខាងបញ្ញត្តិរបស់ក្រុមប្រឹក្សារាជធានី ខេត្ត  ក្រុង ស្រុក ខណ្ឌ និងកំណត់អំពីនីតិវិធីនៃការរៀបចំ ការកែប្រែ និងការលុបចោលដីការបស់ក្រុមប្រឹក្សារាជធានី ខេត្ត  ក្រុង ស្រុក ខណ្ឌ។

កម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវបានអនុវត្តជាបីដំណាក់កាល។ ដំណាក់កាលទី១ ត្រូវបានអនុវត្តពីឆ្នាំ២០១១-២០១៤ ដែលផ្ដោតលើការអភិវឌ្ឍសមត្ថភាពរដ្ឋបាលក្រុង ស្រុក និងការដាក់ឲ្យដំណើរការនូវរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក។ ដូច្នេះ សិក្ខាសាលារយៈពេល២ថ្ងៃនេះ នឹងពិភាក្សាពិគ្រោះយោបល់ ជាមួយក្រសួង ស្ថាប័ននានា និងអ្នកពាក់ព័ន្ធ ដើម្បីកំណត់នូវចំណុចដៅសំខាន់ៗ សម្រាប់អនុវត្តដំណាក់កាលទី២នៃកម្មវិធីជាតិ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់