ផអ៣ទី២បានកំណត់ចំនួនជាក់លាក់ក្នុងការលើកកម្ពស់ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចចិត្ត

ភ្នំពេញ ២៩ មករា ២០១៥៖ «ដើម្បីធានាដល់ការលើកកម្ពស់ស្រ្តីអោយមានសមភាពជាមួយបុរសក្នុងការសម្រេចចិត្តកិច្ចការសំខាន់ៗ ផអ៣ទី២ បានកំណត់ពីបរិយាប័ន្ននូវគ្រប់លទ្ធផលរំពឹងទុកនីមួយៗ ព្រមទាំងក្នុងសកម្មភាពអនុវត្តនីមួយៗផងដែរ»…

ភ្នំពេញ ២៩ មករា ២០១៥៖ «ដើម្បីធានាដល់ការលើកកម្ពស់ស្រ្តីអោយមានសមភាពជាមួយបុរសក្នុងការសម្រេចចិត្តកិច្ចការសំខាន់ៗ ផអ៣ទី២ បានកំណត់ពីបរិយាប័ន្ននូវគ្រប់លទ្ធផលរំពឹងទុកនីមួយៗ ព្រមទាំងក្នុងសកម្មភាពអនុវត្តនីមួយៗផងដែរ»។ ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលជាតំណាងរបស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងយ៉ាំងដូចនេះក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិស្តីពី ការលើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងវិស័យនយោបាយ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម លេង វី បានបញ្ជាក់ថា បើទោះជាផអ៣ដំណាក់កាលទី១ មិនបានកំណត់ពីចំនួនតួលេខជាស្រ្តីជាក់លាក់ក្នុងលទ្ធផលរំពឹងទុក  ក៏ផអ៣ទី១ បានបញ្រ្ជាបបញ្ហាយេនឌ័រក្នុងគ្រប់អនុកម្មវិធីទាំងអស់របស់ផអ៣ទី១ ដើម្បីធានាថាយេនឌ័រគឺត្រូវបានដាក់បញ្ជូលក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល កិច្ចដំណើរកសាងផែនការ ការរៀបចំថវិកា ការអនុវត្តការងារ ការតាមដាន និងវាយតម្លៃការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកស្រី ធីតា ឃឹះ ប្រធានគណៈកម្មាធិការដឹកនាំគណៈកម្មាធិការលើកស្ទួយស្រ្តីក្នុងវិស័យនយោបាយ (គ.ស.ន) និងជានាយិកាប្រតិបត្តិអង្គការ សីលការ បានមានប្រសាសន៍ថា ចំនួនស្រ្តីក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់លំដាប់ថ្នាក់ ពិសេសនៅរដ្ឋបាលថ្នាក់ក្រោមជាតិនៅមានចំនួនតិចតួចនៅឡើយ ដែលនេះអាចជានាំអោយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រសិទ្ធិភាពក្នុងការអនុវត្តការងាររបស់ក្រុមប្រឹក្សាក្នុងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ។ លោកស្រីបន្តថា ហេតុនេះហើយទើប គ.ស.ន ទទូចស្នើដល់រាជរដ្ឋាភិបាលចែងអោយបានច្បាស់លាស់ក្នុងច្បាប់អោយមានចំនួនការចូលរួមរបស់ស្រ្តី ក៏ដូចជាគណៈបក្សនយោបាយអោយដាក់បញ្ជីបេក្ខភាពឈរឈ្មោះមានការឆ្លាស់គ្នារវាងបុរស និងស្រ្តីតាមលំដាប់លេខរៀង។

 

ឯកឧត្តម លេង វី បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីសម្រេចអោយបានតាមការកំណត់ក្នុងគោលដៅអភិវឌ្ឍន៍សហវត្សន៍របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តដើម្បីសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី (២០១៤-២០១៨) ផអ៣ទី២ បានផ្តល់អាទិភាពជាចម្បងក្នុងការលើកកម្ពស់ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចចិត្តនៅតាមក្រសួង ស្ថាប័នអនុវត្តពាក់ព័ន្ធ និងនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិដោយបានកំណត់វិធានការជាក់លាក់ដើម្បីបង្កើនចំនួនស្រ្តីយ៉ាងតិចអោយបាន១៦% ក្នុងតំណែងជានាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធាន អនុប្រធានការិយាល័យ អង្គភាពរាជធានី ខេត្ត និងបង្កើនចំនួនស្រ្តីយ៉ាងតិចអោយបានចំនួន ២២% ក្នុងតំណែងជានាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធាន អនុប្រធានការិយាល័យ អង្គភាពក្រុង ស្រុក ខណ្ឌ។

សិក្ខាសាលាថ្នាក់ជាតិស្តីពី ការលើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងវិស័យនយោបាយ ដែលរៀបចំដោយគណៈកម្មាធិការលើកស្ទួយស្រ្តីក្នុងវិស័យនយោបាយ និងអង្គការសីលការ ក្រោមការឧបត្ថម្ភពី អង្គការUN WOMEN អង្កការ Oxfam និងអង្គការ IFES មានអ្នកចូលរួមចំនួន ២៤៨នាក់ ស្រ្តីចំនួន២១៣ នាក់ ដែលមកបណ្តាស្ថាប័ន អង្គការ បណ្តាញស្រ្តីផ្សេងៗក្នុងប្រទេស ត្រូវបានរៀបចំឡើងដើម្បី បង្កើនឱកាសដល់ស្រ្តីដឹកនាំថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ស្រ្តី វ័យក្មេង និងសាធារណៈជន គាំទ្រនូវតម្រូវការ និងសារៈសំខាន់ៗនៃការបង្កើនតំណាងស្រ្តីក្នុងវិស័យមុខងារសាធារណៈ និងវិស័យនយោបាយ និងដើម្បីប្រមូលសំលេងរបស់ស្រ្តីដឹកនាំគ្រប់ជាន់ថ្នាក់និងគ្រប់វិស័យក្នុងការបង្កើនតំណាងស្រ្តីក្នុងវិស័យមុខងារសាធារណៈ និងវិស័យនយោបាយ ព្រមទាំងដើម្បីពិភាក្សាលើកអនុសាសន៍ជូនថ្នាក់ដឹកនាំក្នុងការធ្វើគោលនយោបាយនៅថ្នាក់ជាតិ ដើម្បីដាក់បញ្ចូលវិធានការសមធម៌ សម្រាប់បង្កើនចំនួនស្រ្តីក្នុងច្បាប់ជាតិ និងច្បាប់បោះឆ្នោត។

បន្ទាប់ពីបញ្ចប់សិក្ខាសាលានេះ បណ្តាញអង្គការស្រ្តីទាំងអស់ដែលបានចូលរួមបានចេញសេចក្តីថ្លែងការណ៍រួមស្តីពី ការអនុវត្តវិធានការសមធម៌ដើម្បីសម្រេចសមភាពពិតប្រាកដដល់ស្រ្តីក្នុងវិស័យនយោបាយ ដើម្បីស្នើដល់រាជរដ្ឋាភិបាលកម្ពុជា និងគ្រប់គណៈបក្សនយោបាយដើម្បីបញ្ចូលចំនួនស្រ្តីក្នុងជួរថ្នាក់ដឹកនាំ។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់