សិក្ខាសាលា​អន្តរជាតិ​ ស្តីពី​ការ​អប់រំ​ ការ​គាំពារ​ និង​ការ​អភិវឌ្ឍ​ន៍កុមារ​តូច​

ភ្នំពេញ ២៥ វិច្ឆិកា ២០១៤៖ សិក្ខាសាលាអន្តរជាតិ ស្តីពីការអប់រំ ការគាំពារ និងការអភិវឌ្ឍន៍កុមារតូច ដើម្បីផ្សព្វផ្សាយពីរបៀបអប់រំ និង ណែនាំកុមារតូចឲ្យក្លាយជាកូនល្អ… 

ភ្នំពេញ ២៥ វិច្ឆិកា ២០១៤៖ សិក្ខាសាលាអន្តរជាតិ ស្តីពីការអប់រំ ការគាំពារ និងការអភិវឌ្ឍន៍កុមារតូច ដើម្បីផ្សព្វផ្សាយពីរបៀបអប់រំ និង ណែនាំកុមារតូចឲ្យក្លាយជាកូនល្អ ត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងរាជធានីភ្នំពេញ ដោយមានការសហការពីអង្គការ E&D និងក្រសួងអប់រំ យុវជន និងកីឡា។  

 

សិក្ខាសាលានេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានអង្គការ ដៃគូរអភិវឌ្ឍជាច្រើនទៀត ។

 

លោកប្រធានអង្គការ E&D បានមានប្រសាសន៍ថា អង្គការរបស់លោក បានកើតនៅក្នុងប្រទេសកម្ពុជាជាង ៣០ឆ្នាំ មកហើយ និងបានចូលរួមក្នុងការគាំពារ វិស័យអប់រំជាតិជាមួយនឹងមាតាបិតា សហគមន៍ និងក្រុមប្រឹក្សា ភូមិ ឃុំ ដើម្បីបង្កើតមត្តេយ្យសិក្សាសហគមន៍ នៅតាមបណ្តាលខេត្ត រាជធានី មួយចំនួននៃប្រទេសកម្ពុជា ។

 

ឆ្លៀតក្នុងឱកាស សិក្ខាសាលាអន្តរជាតិនោះលោកជំទាវ គឹម សេដ្ឋានី បានគាំទ្រយ៉ាងពេញទំហឹង ចំពោះសិក្ខាសាលាអន្តរ ជាតិនេះ ដោយលោកជំទាវបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៥ នៃរដ្ឋសភាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានដាក់ចេញនូវកម្មវិធីនយោបាយ និងកំណែទម្រង់ស៊ីជម្រៅជាច្រើន ដែលនៅក្នុងនោះវិស័យអប់រំ នៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាព នៅក្នុងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ ក៏ដូចជាផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ។ 

 

វិស័យអប់រំក៏ជាកត្តា និងគន្លឹះម្រាប់ទ្រទ្រង់កំណើន សេដ្ឋកិច្ចជាតិ និងភាពប្រកួតប្រជែងរបស់ប្រទេសចំពោះមុខ និងទៅអនាគត ពិសេសក្នុងពេលដែលកម្ពុជាឈានចូលជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប នៅពេលដ៏ខ្លីខាងមុខ នឹងឈានទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ ២០៣០ ។

 

ដើម្បីអនុវត្តន៍ឲ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្រជាតិ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវថវិកាជាតិ ក្នុងវិស័យអប់រំ  ក្រសួងអប់រំ យុវជន និង កីឡា ដែលជាក្រសួងអាទិភាពទទួលបន្ទុកវិស័យអប់រំ បានរៀបចំនូវផែនការយុទ្ធសាស្រ្ត ២០១៤-២០១៨ ដែលបានកំណត់នូវគោលនយោបាយចំនួន ៣ គឺការធានានូវ លទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ ការលើកកម្ពស់ គុណភាព និង ប្រសិទ្ធភាពនៃការអប់រំ និងការពង្រឹងស្ថាប័ន និងការអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន ។

 

លោកជំទាវបន្តថា បើទោះបីមួយរយៈកន្លងមក ក្រសួងអប់រំ ទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើនក៏ពិតមែន ប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួនក្នុងការធានានូវតុល្យភាព និងនិរន្តរភាព នៃការផ្តល់សេវា ពិសេសកម្មវិធី គាំពារ និងអភិវឌ្ឍន៍កុមារតូច ដែលទាមទារឲ្យក្រសួងអប់រំ និងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ត្រូវខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមទាំងនោះ ៕

 ដកស្រង់ចេញពីគេហទំព័រ DAP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់