
កំពត ៥ ឧសភា ២០១៦៖ ប្រព័ន្ធតាមដាន និងវាយតម្លៃក្រុង ស្រុក រៀបចំឡើងដើម្បីជាជំនួយសម្រាប់ក្រុង ស្រុក ពិនិត្យការងារអនុវត្តរបស់ខ្លួនឡើងវិញទាក់ទងនឹងការអភិវឌ្ឍនៅមូលដ្ឋាន ដែលមិនមែនសម្រាប់ផ្ដល់ព័ត៌មានដល់ គ.ជ.អ.ប នោះទេ។
នេះជាការលើកឡើងរបស់ ឯកឧត្ដម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋានគ.ជ.អ.ប ក្នុងវគ្គបណ្ដុះបណ្ដាលប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅខេត្តកំពត។
ឯកឧត្ដម បានបន្តទៀតថា ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប បានខិតខំប្រឹងប្រែង ស្រាវជ្រាវ រៀបចំប្រព័ន្ធបច្ចេកវិទ្យាជាច្រើនដើម្បីជាជំនួយក្នុងការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យស្របតាមគោលដៅក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិគឺ រដ្ឋបាលថ្នាក់ក្រោមជាតិមានស្វ័យភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។
ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់ក្រុង ស្រុក មាន៣ដំណាក់កាលសម្រាប់រដ្ឋបាលក្រុង ស្រុកក្នុងការអនុវត្តគឺការប្រមូលទិន្នន័យ ការបញ្ចូលទិន្នន័យ និងការបញ្ចេញទិន្នន័យ។ ដែលបន្ទាប់ពីវគ្គបណ្ដុះបណ្ដាលត្រូវបានបញ្ចប់រាជធានីខេត្តនីមួយៗត្រូវជ្រើសរើស ក្រុង ស្រុក ចំនួនមួយក្នុងការអនុវត្តប្រព័ន្ធនេះ។
គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌត្រូវធ្វើឡើងទូទាំង២៥ រាជធានី ខេត្ត ដែលចែកចេញជា៣ តំបន់គោលដៅរួមមាន ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តកំពត៕