សិក្ខាសាលា​សមាហរណកម្ម​ផែនការ​សង្កាត់​នៅ​ថ្នាក់​ខណ្ឌ និង​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៥ នៅ​ខណ្ឌ​៧​មករា​

ភ្នំពេញ ១៣ ធ្នូ ២០១៥ ៖ សិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ នៅថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ត្រូវបានសាលាខណ្ឌ៧មករា រៀបចំសិក្ខាសាលាសម្រាប់ការអនុវត្តសម្រាប់ឆ្នាំ២០១៥ …

ភ្នំពេញ ១៣ ធ្នូ ២០១៥ ៖ សិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ នៅថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ត្រូវបានសាលាខណ្ឌ៧មករា រៀបចំសិក្ខាសាលាសម្រាប់ការអនុវត្តសម្រាប់ឆ្នាំ២០១៥ ដែលបានចាប់ផ្តើមពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ នៅសាលាខណ្ឌ៧មករា។

 

សិក្ខាសាលានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ត្រាក់ ថៃសៀង អភិបាលរងរាជធានី និងមានការចូលរួមដោយប្រធានក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ៧មករា និងចៅសង្កាត់ទាំង៨ក្នុងខណ្ឌ ៧មករា។

 

នៅក្នុងគម្រោងសកម្មភាពជាអាទិភាពរបស់សង្កាត់ទាំង៨ក្នុងខណ្ឌ៧មករា ឆ្នាំ២០១៤ បានផ្ដោតលើ៥ផ្នែក មានផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ និងបរិស្ថាន សេវាកម្មរដ្ឋបាល សន្តិសុខ និងផ្នែកយេនឌ័រ។ 

 

លោក លីម សុភា គណៈអភិបាលខណ្ឌ៧មករា បានមានប្រសាសន៍ថា សាលាខណ្ឌ៧មករា បានរៀបចំសិក្ខាសាលាសមាហរណកម្ម ក្នុងគោលបំណងបង្ហាញអំពីការផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិលខណ្ឌឆ្នាំ២០១៥-២០១៧ សម្រាប់អនុវត្តឆ្នាំ២០១៥ ក៏ដូចជាផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពរបស់សង្កាត់សម្រាប់អភិវឌ្ឍន៍ឆ្នាំ២០១៥ និងស្នើសុំការគាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូអភិវឌ្ឍន៍នានាផ្នែកឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់ខណ្ឌ និងសង្កាត់។ 

 

លោកបន្តថា សិក្ខាសាលាសមាហរណកម្មផែនការសង្កាត់នៅថ្នាក់ខណ្ឌសម្រាប់អនុវត្តឆ្នាំ២០១៥ បានធ្វើរួមគ្នាជាមួយសមាហរណកម្មនៃកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខណ្ឌ២០១៥ -២០១៧ ហើយការរៀបចំនេះស្របទៅតាមគោលការណ៍ណែនាំរបស់ គ.ជ.អ.ប ដែលតម្រូវឲ្យធ្វើរួមគ្នាតែមួយ។ លោកអភិបាលខណ្ឌលើកឡើងទៀតថា ចំពោះការអនុវត្តគម្រោងកន្លងមកនេះ គម្រោងមួយចំនួនរបស់ខណ្ឌ និងសង្កាត់បានអនុវត្ត ហើយទទួលបានជោគជ័យ ក៏ដោយសារមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរជំនាញ ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន។ 

 

លោក ត្រាក់ ថៃសៀង អភិបាលរងរាជធានី មានប្រសាសន៍បិទក្នុងសិក្ខាសាលាដោយបានផ្តល់នូវអនុសាសន៍ និងការណែនាំមួយចំនួន ពិសេសដល់បណ្ដាអង្គភាពមន្ទីរជំនាញ អង្គការសង្គមស៊ីវិល អ្នកដែលជាដៃគូអភិវឌ្ឍន៍ ហើយបានជួយគាំទ្របណ្ដាគម្រោងអភិវឌ្ឍន៍នានារបស់ខណ្ឌ និងសង្កាត់ ព្រមទាំងបានចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្ន រួចត្រូវរៀបចំបញ្ចូលគម្រោងដែលបានគាំទ្រទៅក្នុងផែនការសកម្មភាពរបស់អង្គភាពនីមួយៗ និងអនុវត្តតាមផែនការសកម្មភាពការងារឲ្យបានច្បាស់លាស់ និងតាមកិច្ចព្រមព្រៀងបណ្ដោះអាសន្នដែលបានចុះហត្ថលេខារួច។ ការអនុវត្តគម្រោងដែលបានគាំទ្រ ត្រូវមានការសហការណ៍ និងពិភាក្សាបន្ថែមទៀតជាមួយតាមបណ្ដាខណ្ឌ សង្កាត់ និងខិតខំអនុវត្តឲ្យបានទាន់ពេលវេលាកំណត់ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន៕

ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មី

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់