សិក្ខាសាលា​សមាហរណកម្ម​ផែនការ​ឃុំ​ ថ្នាក់​ស្រុក​

កំពង់ចាម ២៦ វិច្ឆិកា ២០១៤៖ ដើម្បីអោយគម្រោងសកម្មភាពអភិវឌ្ឍន៍របស់ឃុំ សង្កាត់ មានភាពស៊ីចង្វាក់ទៅនឹងគោលនយោបាយយុទ្ធសាស្រ្តនិងសកម្មភាពនានារបស់មន្ទីរជំនាញ…

កំពង់ចាម ២៦ វិច្ឆិកា ២០១៤៖ ដើម្បីអោយគម្រោងសកម្មភាពអភិវឌ្ឍន៍របស់ឃុំ សង្កាត់ មានភាពស៊ីចង្វាក់ទៅនឹងគោលនយោបាយយុទ្ធសាស្រ្ត និងសកម្មភាពនានារបស់មន្ទីរជំនាញ រដ្ឋបាលសាលាស្រុកកំពង់សៀម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបើកសិក្ខាសាលាសមាហរណកម្មផែនការឃុំ នៅថ្នាក់ស្រុក ។

 

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងនៃគណៈ អភិបាលខេត្តកំពង់ចាម និងមានអ្នកពាក់ព័ន្ធបានចូលរួមដូចជា មន្ត្រីមកពីមន្ទីរជំនាញនានា ក្រុមប្រឹក្សា អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ផ្សេងៗ។

 

ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ បានថ្លែងថាគោលបំណងក្នុងការរៀបចំសិក្ខាសាលានេះក៏ដើម្បី មានការពិភាក្សាជាមួយមន្ទីរជំនាញ  បណ្តាអង្គការសង្គមស៊ីវិល ដើម្បីប្រមូលផ្តុំធនធានសម្រាប់គាំទ្រកិច្ចអភិវឌ្ឍមូលដ្ឋាន រឺបង្កើនសក្ដានុពលនៃធនធានចាំបាច់ទាំងឡាយ ក្នុងការចូលរួមអោយបានខ្លាំងក្លាសម្រាប់កាអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយចិរភាព ម្យ៉ាងទៀត ក៏ដើម្បីកៀរគរប្រភពធនធានពីដៃគូអភិវឌ្ឍនានា ពីអង្គការជាតិ និងអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និងពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីមាន មូលនិធិគ្រប់គ្រាន់ក្នុងកិច្ចអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យរបស់ ឃុំ សង្កាត់ក្នុងដែនសមត្ថកិច្ចរបស់ស្រុក ក្រុង រៀងៗខ្លួន។

 

ឯកឧត្តមអភិបាលរង ក៏បានសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល សប្បុរសជននានា ចូលរួមគាំទ្រដល់គម្រោងរបស់ឃុំ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាអភវឌ្ឍសង្គមជាតិយើងឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ។

 

លោក គឹម ឌី អភិបាលគណៈ អភិបាលស្រុកកំពង់សៀម បានមានប្រសាសន៍ថារាល់សមិទ្ធផលដែលជាស្នាដៃដែលបានសម្រេចបានកន្លងមក គឺបង្ហាញពីការគិតគូរការរៀបចំការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានគុណភាព ដែលឆ្លុះបញ្ចាំងអោយឃើញនូវការពង្រឹងគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលដៅ នៃការបង្កើនល្បឿននៃការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែឆាប់រហ័ស និងកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ ឲ្យកាន់តែខិតជិតគ្នា ។

 

អភិបាលគណៈ អភិបាលស្រុកកំពង់សៀម បានបញ្ជាក់ថា គម្រោងឃុំ ទាំង ១៥ របស់ស្រុកកំពង់សៀម បានស្នើឡើងសម្រាប់ឆ្នាំ២០១៥ មានចំនួន ៦៦៨គម្រោង ចែកជា ៥ផ្នែកគឺ ៖ ផ្នែកសេដ្ឋកិច្ចមាន ១៨៤គម្រោង ផ្នែកសង្គមកិច្ចមាន ១៩៥គម្រោង ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថានមាន ៨១គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខសណ្ដាប់ធ្នាប់មាន ១១៣គម្រោង ផ្នែកយេនឌ័រមាន ៩៥គម្រោង ។

លោកបានបន្តថា គម្រោងដែលស្នើឡើងដោយឃុំពេលនេះ តម្រូវអោយមានភាពស៊ីចង្វាក់ទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានារបស់មន្ទីរជំនាញ បណ្ដាអង្គការ NGO និងដៃគូអភិវឌ្ឍន៍នានា ដើម្បីប្រមូលផ្តុំធនធានសម្រាប់ គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ម្យ៉ាងវិញទៀត ភាពស៊ីចង្វាក់គ្នានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សា ឃុំទាំង ១៥ ក្នុងការប្រតិបត្តិមុខងាររបស់ខ្លួន ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមសម្រេចចិត្ត លើរាល់កិច្ចការទាំងឡាយណាដែលទាក់ទងនឹងជោគវាសនារបស់ពួកគាត់ ។ 

ដកស្រង់ចេញពីគេហទំព័រមន្ទីរព័ត៌មានខេត្តកំពង់ចាម

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់