សិក្ខាសាលាសមាហរណកម្មផែនការឃុំ សង្កាត់ ក្រុង ស្រុក ឆ្នាំ ២០១៥ របស់ស្រុកសំបូរ ខេត្តក្រចេះ

ក្រចេះ ១២ ធ្នូ ២០១៤៖ សាលាស្រុកសំបូរ ខេត្តក្រចេះ បានរៀបចំសិក្ខាសាលាសមាហរណកម្មផែនការឃុំ សង្កាត់ ក្រុង ស្រុក ឆ្នាំ២០១៤ ដើម្បីគៀរគរធនធានសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់ ក្រុង ស្រុក និងដើម្បីដោះស្រាយបញ្ហានានាដែលប្រជាពលរដ្ឋបានជួបប្រទះ…

អត្ថបទដោយ៖ លោក ចាប ទីណាំង ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិប្រចាំស្រុកសំបូរ

ក្រចេះ ១២ ធ្នូ ២០១៤៖  សាលាស្រុកសំបូរ ខេត្តក្រចេះ បានរៀបចំសិក្ខាសាលាសមាហរណកម្មផែនការឃុំ សង្កាត់ ក្រុង ស្រុក ឆ្នាំ២០១៥ ដើម្បីគៀរគរធនធានសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់ ក្រុង ស្រុក និងដើម្បីដោះស្រាយបញ្ហានានាដែលប្រជាពលរដ្ឋបានជួបប្រទះ នៅសាលាស្រុកសំបូរ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤។

 

 

សិក្ខាសាលាសមាហរណកម្មនេះមានការអញ្ជើញជាអធិបតីដោយ លោក ចេង ឈន ប្រធានក្រុមប្រឹក្សាស្រុកសំបូរ លោក ធុន សាវីន អភិបាលរងស្រុកសំបូរ និងលោក ប៊ិច ប៊ុនថាត អនុប្រធានមន្ទីរផែនការខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីការិយាល័យផែនការ និងគាំទ្រឃុំ មេឃុំ ជនបង្គោលទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ស្មៀនឃុំ សង្កាត់ តំណាងអង្គការជាតិ និងអន្តរជាតិ ចំនួន ១០ មន្ទីរវិស័យចំនួន ១៣ មន្រ្តីទីចាត់ការផែនការ និងវិនិយោគខេត្ត និងអ្នកពាក់ព័ន្ឋផ្សេងៗទៀត ដែលសរុបចំនួន ៩៥រូប (ស្រី ២៣ រូប)។

 

លោក ចេង ឈន ប្រធានក្រុមប្រឹក្សាស្រុក បានថ្លែងបើកអង្គសិក្ខាសាលាស្វាគមន៍ ចំពោះដៃគូអភិវឌ្ឍន៍ មន្ទីរជំនាញ អង្គភាពជុំវិញខេត្ដ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ឋទាំងអស់ដែលបានចួលរួម និងបានគាំទ្រដល់គម្រោងអាទិភាពរបស់ឃុំ ២០១៥។ ទន្ទឹមនឹងនេះ លោកប្រធានក្រុមប្រឹក្សាក៏បានថ្លែងអំណគុណ ដល់អ្នកគាំទ្រដល់គម្រោងអាទិភាពរបស់ឃុំ រយៈពេលជាង១០ឆ្នាំកន្លងមក ដែលបង្កើតបានជាសមិទ្ធផលជាច្រើនសន្ធឹកសន្ធាប់សម្រាប់បំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងស្រុកសំបូរទាំងមូល។ 

 

លោកបានបន្តថា អង្គសិក្ខាសាលាសមហរណកម្មនេះ គឺជាវេទិកាបន្ស៊ីគ្នារវាងគម្រោងរបស់ដៃគូអភិវឌ្ឍន៍ មន្ទីរជំនាញ អង្គភាពជុំវិញខេត្ត អង្គការមិនមែនរដ្ឋាភិបាល រួមទាំងផ្នែកឯកជន ជាមួយផែនការអភិវឌ្ឍន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសការគៀរគរប្រភពធនធានសម្រាប់អភិវឌ្ឍន៍មូលដ្ឋាន ស្របតាមគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់លើ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឆ្ពោះទៅកែលម្អគុណភាពសេវាសាធារណៈ។ 

 

លោក ចេង ឈន ក៏បានសំណូមពរដល់អ្នកចូលរួមទាំងអស់ឲបន្តគាំទ្រ ដល់គម្រោងអាទិភាពរបស់ឃុំទាំង ១០ នៃស្រុកសំបូរ ក្នុងឆ្នាំ២០១៥ ដែលមានចំនួនសរុប ៥៨៣ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្របតាមទិសដៅយុទ្ធសាស្ដ្រនៃផែនការអភិវឌ្ឍន៍៥ឆ្នាំ ២០១៣-២០១៧ របស់ក្រុមប្រឹក្សាឃុំ អាណត្ដិទី៣ ។ លោកក៏បានសង្ឃឹមយ៉ាងមុតមាំ ចំពោះលទ្ឋផលនៃសិក្ខាសាលានេះទទួលបានជោគជ័យល្អ។

 

សិក្ខាសាលា បានដំណើរការតាមកម្មវិធីដែលបានគ្រោងទុកដែលរួមមាន ការបង្ហាញពីនិតិវិធី និង ការបង្ហាញគម្រោងអាទិភាពប្រចាំឆ្នាំ ២០១៥ និងលទ្ឋផលនៃការអនុវត្តកិច្ចព្រមព្រៀងបណ្តោះអាសន្នឆ្នាំ ២០១៤ ការពិនិត្យតារាងម៉ាទ្រិច ការគាំទ្រ និងចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន។

 

លទ្ឋផលនៃសិក្ខាសាលាសមាហរណកម្មមាន៖

· ការអនុវត្តកិច្ចព្រមព្រៀងបណ្តោះអាសន្នសម្រាប់អនុវត្តគម្រោងឃុំ សង្កាត់ឆ្នាំ២០១៤ ទទួលបានលទ្ឋផលល្អប្រសើរ ដោយបានបញ្ចប់ចំនួន ២៦៨ នៃគម្រោងសរុបចំនួន ៣០៤ ស្មើនឹង ៨៨% ហើយនៅមានគម្រោងចំនួន ៦ទៀត កំពុងតែអនុវត្ត ។ គម្រោងនៅសល់មិនបានអនុវត្ត គឺមកពីកង្វះថវិកា។ ដោយឡែកគម្រោងដែលបានទទួលការគាំទ្រ ក្រោយសិក្ខាសាលាសមាហរណកម្មមានចំនួន ១៥ ក្នុងចំណោមគម្រោងចំនួន ២២ ត្រូវបានអនុវត្តបញ្ចប់ផងដែរ។

· សម្រាប់លទ្ឋផលសិក្ខាសាលាផែនការឃុំ សង្កាត់ឆ្នាំ ២០១៥ នេះ ស្រុកសំបូរទទួលបានការគាំទ្រចំនួន ៣២៣ នៃគម្រោងសរុបចំនួន ៥៨៣ ស្មើនឹង ៥៥% ក្នុងនោះ គាំទ្រក្នុងកម្មវិធីវិនិយោគ ចំនួន ១៩៨គម្រោង ស្មើនឹង ៦១% និង ក្រៅកម្មវិធីវិនិយោគចំនួន ១២៥គម្រោង ស្មើនឹង ៣៩%។

 

គណៈអធិបតីបានមានមតិបូកសរុប និងបិទអង្គសិក្ខាសាលា ដោយបានវាយតម្លៃខ្ពស់ចំពោះលទ្ឋផលដែលទទួលបាន ព្រមទាំងថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ពិសេសស តំណាងមន្ទីរវិស័យ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានា ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយគាំទ្រដល់កិច្ចអភិវឌ្ឍន៍មូលដ្ឋានក្នុងខេត្តក្រចេះ។ 

អង្គសិក្ខាសាលាបានបញ្ចប់ដោយជោគជ័យ ក្រោមបរិយាកាសរីករាយ ស្និទ្ឋស្នាល ប្រកបដោយស្មារតីការទទួលខុសត្រូវខ្ពស់។

 

ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០០១ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០០៩ បានតម្រូវឲក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ រៀបចំ និងអនុម័តផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធិយោគរបស់ខ្លួន ក្នុងការកៀរគរធនធានពីខាងក្នុង និងខាងក្រៅ ព្រមទាំងការសម្រេចចិត្តប្រើប្រាស់ធនធានទាំងនោះ ដើម្បីដោះស្រាយបញ្ហានានា និងបម្រើប្រជាពលរដ្ឋទូទៅ នៅក្នុងដែនដីនៃរដ្ឋបាលនីមួយៗរបស់ខ្លួន។

 

យោងតាមប្រកាសអន្តរក្រសួងលេខ ២៤២៣ ចុះថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ មន្ទីរផែនការខេត្ត ទីចាត់ការផែនការ និងវិនិយោគខេត្ត រដ្ឋបាលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ឋ បានសហការគាំទ្រដល់ការរៀបចំកម្មវិធីវិនិយោគឃុំ សង្កាត់ប្រចាំឆ្នាំ ២០១៥ រហូតដល់ការរៀបចំសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ ក្រុង ស្រុក នៅជំហានទី ៣។ 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់