សិក្ខាសាលា​សមាហរណកម្ម កម្ម​វិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក របស់​ខេត្ត​កំពង់ចាម

កំពង់ចាម ២៩ ឧសភា ២០១៥៖ ដើម្បីពិនិត្យមើលការធ្វើសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់គម្រោងផែនការអភិវឌ្ឍន៍ សាលាខេត្តកំពង់ចាមបានរៀបចំសិក្ខាសាលាសមាហរណកម្មកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ នៅសាលាខេត្តកំពង់ចាម…

កំពង់ចាម ២៩ ឧសភា ២០១៥៖ ដើម្បីពិនិត្យមើលការធ្វើសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់គម្រោងផែនការអភិវឌ្ឍន៍ សាលាខេត្តកំពង់ចាមបានរៀបចំសិក្ខាសាលាសមាហរណកម្មកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ នៅសាលាខេត្តកំពង់ចាម។

 

សិក្ខាសាលានេះមានការអញ្ជើញជាអធិបតីដោយ ឯកឧត្តម រុំ តិក្ខមុនី អភិបាលរងខេត្ត និងជាតំណាងអភិបាលខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធជុំវិញខេត្តទាំងអស់។

 

ឯកឧត្តម រុំ តិក្ខមុនី អភិបាលរងខេត្ត បានថ្លែងនូវអំណរគុណចំពោះអ្នកពាក់ព័ន្ធទាំងអស់ក្នុងការចំណាយពេលវេលាចូលរួមសិក្ខាសាលា និងស្តាប់បទបង្ហាញដោយយកចិត្តទុកដាក់ទាំងប្រាជ្ញាស្មារតី និងការទទួលខុសត្រូវក្នុងការស្វែងយល់រាល់បទបង្ហាញ នៃសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគឆ្នាំ២០១៥នេះ។

 

ឯកឧត្តម ក៏បានលើកទឹកចិត្តដល់អ្នកចូលរួមយកចិត្តទុកដាក់ស្តាប់ និងមានការរីករាយដោយអ្នកចូលរួមទាំងអស់ ព្យាយាមស្វែងយល់ពីបទបង្ហាញអំពីលទ្ធផលអនុវត្តកិច្ចព្រមព្រៀងបណ្ដោះ អាសន្នឆ្នាំ២០១៥ និងគម្រោងអភិវឌ្ឍន៍ជាអាទិភាពឆ្នាំ២០១៥ ដែលក្រុមប្រឹក្សាក្រុង/ស្រុក បានលើកឡើងដើម្បីស្នើនិងជួយគាំទ្រ និងចុះកិច្ចសន្យាបណ្ដោះអាសន្ន ពីបណ្ដាមន្ទីរ អង្គភាពនានា អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងសប្បុរសជននានា ក្នុងឆ្នាំ២០១៥ នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

 

ឯកឧត្តមអភិបាលរងខេត្ត បន្តថាការចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្ន របស់គម្រោងរដ្ឋបាលខេត្ត ក្រុង ស្រុក ដែលមានដូចជាហេដ្ឋារចនាសម្ពន្ធរូបវន្ត និងអរូបវន្តក្ដី មានន័យថា បានជួយដោះស្រាយនូវតម្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ហើយរដ្ឋបាលខេត្ត ក្រុង ស្រុក មានសង្ឃឹមយ៉ាងមុតមាំថាក្រោយពីធ្វើការគាំទ្រ គម្រោងទាំងអស់នេះនឹងអនុវត្តនៅឆ្នាំ២០១៦ នាពេលខាងមុខ ប្រកបដោយប្រសិទ្ធភាព ។ 

 

ឯកឧត្តមអភិបាលរងខេត្ត ក៏បានក្រើនរំលឹកដែរថា បន្ទាប់ពីសិក្ខាសាលានេះបានបញ្ចប់ អ្នកពាក់ព័ន្ធទាំងអស់ត្រូវគោរពតួនាទី និងភារកិច្ចរបស់លោក លោកស្រី ដែលបានចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្ន នៅមិនទាន់ចប់នៅឡើយ ពោលគឺនៅមានភារកិច្ចបន្តទៀតក្នុងការជួយសម្រួលរដ្ឋបាលខេត្ត ក្រុង ស្រុក រៀបចំចាត់ចែងមន្ត្រីជំនាញរបស់ខ្លួនដើម្បីសិក្សាគម្រោងតាមនីតិវិធីរៀងៗខ្លួន ។

 

សិក្ខាសាលាក៏បានលើកឡើងពីទិសដៅដំណើរការកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ខេត្តដែលមានដូចជា៖ ១.គម្រោងសន្យាគាំទ្រទាំងអស់ គឺជាផែនការសម្រាប់អនុ វត្តនៅឆ្នាំ២០១៦ ដែលស្នើដល់ក្រុង ស្រុកនីមួយៗ ជំរុញឲ្យការអនុវត្តឲ្យបានចប់សព្វគ្រប់ និងតាមកាលកំណត់។ ២.ធនធាន របស់មូលនិធិអភិវឌ្ឍន៍ទាំងអស់ពិតជាផលិតចេញនូវសមិទ្ធផលជារូបវ័ន្ទ និងអរូបវ័ន្ត ដែលបានធ្វើឲ្យជនបទរីកស្រស់បំព្រង និងកំពុងតភ្ជាប់មកទីក្រុងជាបណ្ដើរៗ។ និង៣.យើងត្រូវធ្វើការអភិវឌ្ឍជារៀងរាល់ឆ្នាំ ឥតឈប់ឈរ ប្រកប ដោយនិរន្តភាព ចីរភាព បរិស្ថានធនធាន អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព និងការងារអប់រំសិក្សាធិការផងដែរ ។

 

គូរបញ្ជាក់ដែរថា គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តឆ្នាំ២០១៥-២០១៧ មានសរុបចំនួន ៦៥៦គម្រោង ក្នុងនោះគម្រោងវិនិយោគ កំពុងដំណើរការមានចំនួន ៩៩គម្រោង គម្រោងវិនិយោគដែលមានការសន្យាគាំទ្រមានចំនួន ១៩៧គម្រោង និងគម្រោងវិនិយោគមិនទាន់មានការសន្យាគាំទ្រមានចំនួន ៣៦០គម្រោង ។ ដោយឡែក គម្រោងអាទិភាពក្រុង ស្រុក ឆ្នាំ២០១៥-២០១៧ បានបញ្ចូលមកក្នុងកម្មវិធីវិនិយោគខេត្តចំនួន ៦៦គម្រោង ចំណែកឯគម្រោងអាទិភាពដែលមិនទាន់មានការសន្យាគាំទ្រចំនួន ៤១៣គម្រោង ចែកចេញជា ៤ផ្នែក គឺ ៖ ទី១.ផ្នែកសេដ្ឋកិច្ចចំនួន ១៥១គម្រោង ទី២.ផ្នែកសង្គមកិច្ចចំនួន ១៥៤គម្រោង ។ ទី៣.ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិ និងបរិស្ថាន ការប្រែប្រួលអាកាសធាតុ ចំនួន ៥៤គម្រោង និងទី៤.ផ្នែករដ្ឋបាលសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈចំនួន ៧៧គម្រោង ៕ ដោយ៖ សារ៉ាត

ដកស្រង់ចេញពីគេហទំព័រមន្ទីរព័ត៌មានខេត្តកំពង់ចាម

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់