អ្នកជំនាញខាងជំងឺឆ្លង របស់អង់គ្លេស កោតសរសើរ ចំណាត់ការ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លង

ភ្នំពេញ ១៧ កុម្ភៈ ២០១៥៖ លោកសាស្រ្តាចារ្យបណ្ឌិត Baron Peter Piot នាយកសាលាអនាម័យ និងវេជ្ជសាស្រ្តត្រូពិក នៃទីក្រុង London ចក្រភពអង់គ្លេស ដែលជាអ្នកជំនាញ ខាងជំងឺឆ្លង និងជាអ្នករកឃើញ ប្រភេទជំងឺអេបូឡា បានសម្តែង នូវការកោត សរសើរ ចំពោះការដឹកនាំ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយ នូវរាល់បញ្ហាប្រឈម និងការទប់ស្កាត់នូវ ប្រភេទជំងឺឆ្លងជាច្រើន…

ភ្នំពេញ ១៧ កុម្ភៈ ២០១៥៖ លោកសាស្រ្តាចារ្យបណ្ឌិត Baron Peter Piot នាយកសាលាអនាម័យ និងវេជ្ជសាស្រ្តត្រូពិក នៃទីក្រុង London ចក្រភពអង់គ្លេស ដែលជាអ្នកជំនាញ ខាងជំងឺឆ្លង និងជាអ្នករកឃើញ ប្រភេទជំងឺអេបូឡា បានសម្តែង នូវការកោត សរសើរ ចំពោះការដឹកនាំ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយ នូវរាល់បញ្ហាប្រឈម និងការទប់ស្កាត់នូវ ប្រភេទជំងឺឆ្លងជាច្រើន ដូចជាជំងឺអេដស៍ ពីប្រទេសមួយ ដែលមានអត្រាឆ្លង ខ្ពស់ជាងគេ ក្នុងតំបន់មកកាន់ ប្រទេសមួយ ដែលអត្រាទាប ជាងគេ ក្នុងតំបន់នោះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពក្នុង រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០១៥ លោកសាស្រ្តាចារ្យ បណ្ឌិតមានប្រសាសន៍ថា នៅកម្ពុជាមិនមានជំងឺឆ្លងអេបូឡានោះទេ ដែល ការណ៍នេះ គឺដោយសារតែវិធានការដ៏ម៉ឺងម៉ាត់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការទប់ស្កាត់នូវជំងឺដ៏កាចសាហាវបំផុតនោះ។

លោកសាស្រ្តាចារ្យបណ្ឌិត Baron Peter Piot មានប្រសាសន៍ជម្រាបជូនសម្តេចតេជោពីគម្រោង នៃកិច្ចបង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងសកល វិទ្យាល័យសុខាភិបាល និងគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋមួយចំនួនទៀត ក្នុង ការបណ្តុះបណ្តាលធនធានមនុស្សដែលពាក់ព័ន្ធទៅនឹងជំងឺដល់និស្សិត កម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្នុងរយៈពេលជាង១ទស វត្សកន្លះកន្លងមកនេះ ថ្វីត្បិតតែបណ្តាប្រទេសក្នុងតំបន់ក៏ដូចជាប្រទេសកម្ពុជាបានទទួលជួបឧបសគ្គពីការរីករាលដាលនៃជំងឺឆ្លងមួយចំនួន ដូចជាជំងឺសារ ជំងឺគ្រុនផ្តាសាយបក្សី ផ្តាសាយជ្រូក និងចុងក្រោយគឺជំងឺអេបូឡាក៏ពិតមែន ប៉ុន្តែកម្ពុជាមិនទទួលឥទ្ធិពលនៃជំងឺអេបូឡានោះទេ ដែលនោះគឺដោយសារតែវិធានការដ៏ម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវប្រភេទជំ ងឺដ៏កាចសាហាវបំផុតនោះ ។ សម្តេចតេជោបន្តថា បញ្ហានៅពេលនេះសម្រាប់ប្រទេសកម្ពុជាគឺមិនមែនជំងឺឆ្លងនោះទេ អ្វីដែលជាការព្រួយបារម្ភគឺការកើតមានឡើងនៃការគ្រោះថ្នាក់ចរាចរ ដែលមានអត្រាមួយដ៏ខ្ពស់ ពោលគឺជា មធ្យមក្នុង១ថ្ងៃមានមនុស្ស៧នាក់បានស្លាប់ រួមទាំងបំផ្លិចបំផ្លាញនូវទ្រព្យ សម្បត្តិជាច្រើនទៀតផង។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តធ្វើការពិភាក្សាជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Baron Peter Piot អំពីការបណ្តុះបណ្តាលធនធានមនុស្សនៅ កម្ពុជាឱ្យកាន់តែមានចំនួនច្រើនឡើងនោះ៕

 

ប្រភពៈ AKP (17-02-2015)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់