ប្រទេស​​ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ចែក​រំលែក​បទពិសោធន៍​អំពី​កិច្ច​ដំណើរ​ការ​ផ្ទេរ​មុខងារ និង​ធនធាន ទៅ​កាន់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ៨ មករា ២០១៥៖ វាគ្មិនមកពី ប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន ចំនួន២រូប នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ បានធ្វើការ ចែករំលែកបទពិសោធន៍ អំពីកិច្ចដំណើរការ ផ្ទេរមុខងារ និងធនធាន ទៅកាន់ រដ្ឋបាលថ្នាក់ ក្រោមជាតិ នៅក្នុងប្រទេស ទាំងពីរ ដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃប្រទេសកម្ពុជា។

 

ភ្នំពេញ ៨ មករា ២០១៥៖ វាគ្មិនមកពី ប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន ចំនួន២រូប នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ បានធ្វើការ ចែករំលែកបទពិសោធន៍ អំពីកិច្ចដំណើរការ ផ្ទេរមុខងារ និងធនធាន ទៅកាន់ រដ្ឋបាលថ្នាក់ ក្រោមជាតិ នៅក្នុងប្រទេស ទាំងពីរ ដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃប្រទេសកម្ពុជា។

ការចែករំលែកបទពិសោធន៍នេះបានផ្តល់ជាធាតុចូលស្តីពីការធ្វើវិមជ្ឈការមុខងារ ធនធាន  បុគ្គលិក ពីប្រទេសទាំងពីរ ជាពិសេសផ្តោតសំខាន់លើការរៀបចំមុខងារសាធារណៈរបស់ប្រទេសទាំងពីរទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់មន្ត្រីរាជរដ្ឋាភិបាលដែលបំពេញការងារពាក់ព័ន្ធនឹងកំណែទម្រង់គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការក្នុងប្រទេសកម្ពុជា។

នៅក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍នេះ ដែលរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប ក្រោមកិច្ចសហការពី GIZ នៅសណ្ឋាគារ Inter-continental មានការចូលរួមពីតំណាងនិងមន្ត្រី លេខាធិការដ្ឋាន គ.ជ.អ.ប តំណាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងគណៈអភិបាល និងក្រុមប្រឹក្សាខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង និងក្រុមប្រឹក្សាក្រុង ស្រុកនៃខេត្តទាំងពីរ  (៦ស្រុក ២ក្រុង នៃខេត្តទាំង២) សរុបប្រមាណជាង៦០រូប។

លោក បណ្ឌិត Alex B. Brilliantes សាស្ត្រាចារ្យ និងអតីត ព្រឹទ្ធបុរស នៃមហាវិទ្យាល័យជាតិ រដ្ឋបាលសាធារណៈ និងអភិបាល នៃសាកលវិទ្យាល័យហ្វីលីពីន និងជាសមាជិក គណៈកម្មការអប់រំជាន់ខ្ពស់ បានបង្ហាញថា ការធ្វើ វិមជ្ឈការ នៅប្រទេស ហ្វីលីពីន បានចាប់ផ្តើម នៅឆ្នាំ១៩៩២ ដោយ ច្បាប់ស្តីពី រដ្ឋាភិបាលថ្នាក់ ក្រោមជាតិ ឬច្បាប់ស្តីពី សាធារណរដ្ឋ១៦០ នៃការធ្វើវិមជ្ឈការបាន ប្រគល់អំណាច ទៅឲ្យស្ថាប័ន ថ្នាក់ក្រោមជាតិទទួល ខុសត្រូវ លើការផ្តល់ សេវា មូលដ្ឋាន ដូចជាសេវា សុខភាព សេវាសង្គម កសិកម្ម បរិស្ថាន ផ្នែកមួយចំនួន នៃវិស័យ សាធារណការ និងការអប់រំ ទេសចរណ៍ និងសេវាផ្សេងៗទៀត ដូចជា ការគាំទ្រ ហេដ្ឋារចនាសម្ព័ន្ធ។

លោក បន្តថា ការធ្វើវិមជ្ឈការ បានប្រគល់ អំណាច បញ្ញត្តិ មួយចំនួន  ដូចជា ការកែតម្រូវ ប្រភេទដីកសិកម្ម ការពង្រឹង ការ អនុវត្ត ច្បាប់សាងសង់ថ្នាក់ជាតិ ការដំណើរការនៃត្រីចក្រយានយន្ត ដំណើរការនិងការបែងចែកដី។ល។ ស្របនឹងអំណាចបញ្ញត្តិទាំងនេះ ធនធានហិរញ្ញវត្ថុក៏មានកាកើនឡើងផងដែរ តាមរយៈការផ្ទេរហិរញ្ញវត្ថុ (ការបែងចែកចំណូលផ្ទៃក្នុង) ឲ្យទៅស្ថាប័នរដ្ឋាភិបាលថ្នាក់ក្រោមជាតិ។ រដ្ឋាភិបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋាភិបាលថ្នាក់ក្រុងបានយកចិត្តទុកដាក់លើការធ្វើជាសហគ្រិនភាពកាន់តែខ្លាំងឡើង ដើម្បីបង្កើតធនធានពីការផ្តល់សេវានានា។ ឧទាហរណ៍ពួកគេបានសាកល្បងបែបបទនៃភាពជាដៃគូរវាងវិស័យឯកជន និងរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ដូចជាការសាងសង់ ការដំណើរការ ការផ្ទេរ (Build Operation Transfer) ការលក់ភាគហ៊ុន (Bond Floats) ការធ្វើកិច្ចសន្យាខាងក្រៅ (Contracting Out) និងភាពជាដៃគូរវាងវិស័យឯកជន និងរដ្ឋ (Punic-Private Partnership)។

នៅឯប្រទេស ឥណ្ឌូណេស៊ីវិញ លោក សាស្ត្រាចារ្យ Muchlis Hamdi មកពីប្រទេស ឥណ្ឌូណេស៊ី បានបង្ហាញថា អំណាច ត្រូវបានផ្ទេរ ទៅឲ្យមូលដ្ឋាន ជាមួយនឹង ការផ្ទេរអំណាច ដ៏ច្រើនពីរដ្ឋាភិបាល ទៅឲ្យមូលដ្ឋាន។ មានមន្ត្រី ស៊ីវិលជិត ២,១ លាននាក់ ដែលបាន ផ្លាស់ប្ដូរឋានៈ របស់ខ្លួនទៅ ជាបុគ្គលិក របស់រដ្ឋាភិបាលថ្នាក់មូលដ្ឋាន។ បន្ទាប់ពី មានការ ផ្ទេរអំណាច មានការផ្ទេររចនាសម្ព័ន្ធ បុគ្គលិក ធនធានហិរញ្ញវត្ថុ ការិយាល័យ និងឯកសារនានា។ រដ្ឋាភិបាលថ្នាក់មូលដ្ឋាន មានឆន្ទានុសិទ្ធិខ្ពស់ ក្នុងការប្រើប្រាស់ សមត្ថកិច្ចរបស់ខ្លួន ទៅតាមអាទិភាព របស់ខ្លួន។

ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលាចែករំលែកបទពិសោធន៍នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ថា ការស្វែងយល់ពីរដ្ឋបាលមូលដ្ឋានមួយទៅរដ្ឋបាលមូលដ្ឋានមួយក្នុងបណ្ដាប្រទេសអាស៊ាន គឺមានសារសំខាន់ណាស់ ដើម្បីដោះស្រាយបញ្ហា ដែលត្រូវការចូលរួមទាំងរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ល្អ ជួយដល់ប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ។

ប្រទេសកម្ពុជាបានអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ចាប់តាំងពីឆ្នាំ២០០២ ដែលក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានបោះឆ្នោតផ្ទាល់ពីប្រជាពលរដ្ឋ ហើយឃុំ សង្កាត់មានមូលនិធិផ្ទាល់ខ្លួន សម្រាប់កិច្ចអភិវឌ្ឍនៅមូលដ្ឋាន។

ឯកឧត្តម សក់ សេដ្ឋា ថ្លែងថា ប្រជាពលរដ្ឋ និងអ្នកនយោបាយមានការពេញចិត្ត និងគាំទ្រចំពោះកំណែទម្រង់នេះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានផ្តោតទៅលើការដកបទពិសោធន៍ពីបណ្ដាប្រទេសអាស៊ាន។

ឯកឧត្តម សក់ សេដ្ឋា បានជំរុញ ឲ្យប្រតិបត្តិករ គប្បី ដកបទពិសោធន៍ ពីបណ្ដាប្រទេស ទាំងនោះ។ «ប្រទេស អាស៊ានមាន បទពិសោធន៍ល្អ ហើយកម្ពុជា គប្បី សិក្សាពី បណ្តា ប្រទេស ទាំងនោះ។ ប៉ុន្តែ យើងមិនអាច ចម្លងប្រព័ន្ធ ទាំងនោះ ទាំងស្រុង មកដាក់ក្នុង ប្រទេស កម្ពុជាបាន នោះទេ ពីព្រោះ ប្រទេស ទាំងនោះ មានស្ថានភាព នយោបាយ សង្គម សេដ្ឋកិច្ច វប្បធម៌ ប្រពៃណី ។ល។ មិនដូចគ្នា ទាំងស្រុងនោះទេ ។ ប៉ុន្តែអ្វី ដែលគប្បី រៀនសូត្រនោះ គឺបទពិសោធន៍»។

ឯកឧត្តម សក់ សេដ្ឋា បន្តថា ការផ្ទេរមុខងារ និងធនធាន បើប្រៀបធៀប ទៅនឹងប្រទេស ឥណ្ឌូណេស៊ី និងហ្វីលីពីន វិញ គឺប្រទេស កម្ពុជា បានធ្វើវិមជ្ឈការ មានការយឺត បន្តិច ដោយ សារភាព ខុសគ្នា នៃធនធាន និងស្ថានភាព នៃប្រទេស កម្ពុជា។ ដូច្នេះ ត្រូវការ ពេលវេលា រហូតមក ដល់ពេលនេះ។

នៅក្នុងប្រទេសកម្ពុជា ការផ្ទេរមុខងារតម្រូវឲ្យមានការព្រមព្រៀងគ្នារវាងក្រសួង ស្ថាប័ន ដែលជាអ្នកផ្ទេរ និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាអ្នកទទួលមុខងារ។ ការផ្ទេរមុខងារគឺត្រូវផ្ទេរទាំងធនធានមនុស្ស និងហិរញ្ញវត្ថុ។

ឥលូវនេះ មានក្រសួង៥ បានរៀបចំបញ្ជីវិភាគមុខងារ ហើយមានក្រសួង៣ បានរៀបចំស្នើមុខងារ តើមុខងារណាខ្លះ ដែលត្រូវផ្ទេរទៅកាន់រដ្ឋបាលថ្នាក់ណាខ្លះនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ហើយកន្លងមក មានមុខងារ៣ ត្រូវបានផ្ទេរអនុវត្តសាកល្បងឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖ ១-ការគ្រប់គ្រងមណ្ឌលសុខភាព (មាន៥ស្រុក ក្នុងខេត្ត២ គឺខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់) ២-អនាម័យជនបទ (មាន១០ ស្រុក ក្នុងខេត្ត២គឺ ខេត្តកំពង់ស្ពឺ និងខេត្ត ត្បូងឃ្មុំ) ៣-ការជួសជុលប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត (មាន៧ស្រុកក្នុងខេត្ត២ គឺខេត្តកំពត និងខេត្តត្បូងឃ្មុំ)។

នៅក្នុងឆ្នាំ២០១៥-២០១៧ នឹងមានការផ្ទេរសាកល្បងនូវមុខងារបន្ថែមទៀតទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចដែលបានកំណត់នៅក្នុងផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ ២០១៥-២០១៧ (ផអ៣ ទី២) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់