កម្ពុជា​នឹង​មាន​ប្រព័ន្ធ​ចុះបញ្ជី​ និង​គ្រប់គ្រង​ទិន្នន័យ​ប្រជាពលរដ្ឋ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា

ភ្នំពេញ ២៩ មេសា ២០១៥៖ «នៅថ្ងៃអនាគត កម្ពុជាត្រូវបានសម្រេចបង្កើតឱ្យបាននូវប្រព័ន្ធចុះបញ្ជី និងគ្របគ្រងទិន្នន័យប្រជាពលរដ្ឋតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីធានាឱ្យបុគ្គលមួយរូបមានអត្តសញ្ញាណតែមួយ ដែលប្រវត្តិក្នុងការគ្រប់គ្រងនៅកម្ពុជាមិនដែលមានប្រព័ន្ធបែបនេះឡើយ»។

ភ្នំពេញ ២៩ មេសា ២០១៥៖ «នៅថ្ងៃអនាគត កម្ពុជាត្រូវបានសម្រេចបង្កើតឱ្យបាននូវប្រព័ន្ធចុះបញ្ជី និងគ្របគ្រងទិន្នន័យប្រជាពលរដ្ឋតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីធានាឱ្យបុគ្គលមួយរូបមានអត្តសញ្ញាណតែមួយ ដែលប្រវត្តិក្នុងការគ្រប់គ្រងនៅកម្ពុជាមិនដែលមានប្រព័ន្ធបែបនេះឡើយ»។ នេះជាការលើកឡើងរបស់ឯកឧត្ដម ម៉ៅ ច័ន្ទតារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពីការគ្រប់គ្រងអត្តសញ្ញាណកម្មនៅកម្ពុជា កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ នៅសាលប្រជុំមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច (ក្រសួងមហាផ្ទៃ)។

 

ឯកឧត្ដម ម៉ៅ ច័ន្ទតារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តក្នុងការអនុវត្តតាមសេចក្ដីប្រកាសថ្នាក់រដ្ឋមន្ត្រីអាស៊ីប៉ាស៊ីហ្វិក និងក្របខ័ណ្ឌសកម្មភាពថ្នាក់តំបន់ស្ដីពីអត្រានុកូលដ្ឋាន ដែលបានសម្រេចដោយសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃប្រទេសនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលបានប្រព្រឹត្តនៅទីក្រុងបាងកក។

 

ឯកឧត្ដម ម៉ៅ ច័ន្ទតារ៉ា មានប្រសាសន៍បន្តទៀតថា ដោយឈរលើទស្សនវិស័យនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានខិតខំរៀបចំឡើងនូវផែនការបឋមឆ្នាំ ២០១៤-២០១៥ ដែលជាមូលដ្ឋានតម្រង់ទិសការងារអត្តសញ្ញាណកម្ម និងបង្កើតឱ្យបានផែនការយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំ ស្ដីពីអត្តសញ្ញាណកម្ម (២០១៥-២០២៤)។

 

ការងារអត្តសញ្ញាណកម្មរួមមាន៖ (១). ការងារអត្រានុកូលដ្ឋាន (២).ការងារចុះសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ (៣). ការងារសញ្ជាតិ (៤). ការងារអត្តសញ្ញាណប័ណ្ណ និង (៥).ការងារលិខិតឆ្លងដែនធម្មតា។

 

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រូវបានបង្កើតកាលពីខែមេសា ឆ្នាំ២០១៤។ ទន្ទឹមនឹងនេះអគ្គនាយកដ្ឋាន កំពុងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មប្រជាពលរដ្ឋតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដោយគ្រោងនឹងបង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងអត្តសញ្ញាណកម្ម និងរៀបចំឱ្យមានលេខសម្គាល់ខ្លួនបុគ្គលម្នាក់ៗផងដែរ។

 

គួរបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពីការគ្រប់គ្រងអត្តសញ្ញាណកម្មនៅកម្ពុជានេះឡើង ដើម្បីចែករំលែកនូវស្ថានភាពនៃការគ្រប់គ្រងអត្តសញ្ញាណកម្មនៅកម្ពុជា និងសមិទ្ធផលដែលទទួលបាននាពេលកន្លងមក រួមទាំងការទទួលបាននូវចំណេះដឹងនានាអំពីបទពិសោធន៍នៅប្រទេសឥណ្ឌាដែលបានបង្កើតប្រព័ន្ធ Aadhaar (អត្តសញ្ញាណតែមួយ) ដើម្បីគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ។ ហើយសិក្ខាសាលា ក៏ជាឱកាសសម្រាប់អគ្គនាយកដ្ឋានដើម្បីពិគ្រោះពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតអំពីលទ្ធភាពគាំទ្របច្ចេកទេសដល់អគ្គនាយកដ្ឋានផងដែរ៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់