​ស្ត្រី​មាន​ផ្ទៃ​ពោះក្រីក្រ​ជិត​២.០០០​នាក់​ទទួល​បាន​ប្រាក់​5$ រាល់​ខែ និង​ប្រាក់​លើក​ទឹក​ចិត្ត​ជា​ច្រើន​ទៀត

សៀមរាប ១៦ កញ្ញា  ២០១៥៖ ស្ត្រីមានផ្ទៃពោះក្រីក្រជិត ២.០០០នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ៥ដុល្លារ ជារៀងរាល់ខែ ពីគម្រោងសង្គហទានសង្គម។ នៅពេលដែល ស្ត្រីមានផ្ទៃពោះក្រីក្រទាំងនោះ បំពេញនូវលក្ខខ័ណ្ឌ៧ ចំណុច នឹងទទួលបានប្រាក់លើកទឹកចិត្ត ជាច្រើនទៀត បន្ថែមលើប្រាក់ឧបត្ថម្ភប្រចាំខែ។

សៀមរាប ១៦ កញ្ញា  ២០១៥៖ ស្ត្រីមានផ្ទៃពោះក្រីក្រជិត២.០០០នាក់ទទួលបានប្រាក់ឧបត្ថម្ភ៥ដុល្លារជារៀងរាល់ខែពីគម្រោងសង្គហទានសង្គម។ នៅពេលដែលស្ត្រីមានផ្ទៃពោះក្រីក្រទាំងនោះបំពេញនូវលក្ខខ័ណ្ឌ៧ចំណុច នឹងទទួលបានប្រាក់លើកទឹកចិត្តជាច្រើនទៀត បន្ថែមលើប្រាក់ឧបត្ថម្ភប្រចាំខែ។

អ្នកទទួលផលពីគម្រោងសង្គហទានសង្គមគឺជាស្ត្រីក្រក្រីមានផ្ទៃពោះ និងកុមារអាយុក្រោម៥ឆ្នាំ ដែលមានប័ណ្ណក្រីក្រ (ID Poor)។

លក្ខខ័ណ្ឌសម្រាប់ប្រាក់លើកទឹកចិត្តបន្ថែមពីលើប្រាក់ឧបត្ថម្ភប្រចាំខែទាំងនោះរួមមាន៖ ១.ការពិនិត្យផ្ទៃពោះគ្រប់៤ដងមុនសម្រាលទទួលបាន១០ដុល្លារ ២.សម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរួមទាំងបានពិនិត្យ និងថែទាំទារកក្រោយសម្រាលកូនចំនួន៣លើករយៈពេល៦សប្ដាហ៍ទទួលបាន១៤ដុល្លារ ៣.ពិនិត្យតាមដានការលូតលាស់របស់ទារក៣លើកនិងចាក់ចាក់ថ្នាំបង្ការ៣លើកទទួលបាន១០ដុល្លារ ៤.ពិនិត្យតាមដានការលូតលាស់របស់ទារកបន្ថែម៣លើករួមទាំងចាក់ថ្នាំបង្ការបន្ថែម៣លើកបន្ថែមទទួលបាន១០ដុល្លារ ៥.ពិនិត្យតាមដានការលូតលាស់របស់កុមារចំនួន៣លើកទទួលបាន១០ដុល្លារ ៦.ពិនិត្យតាមដានការលូតលាស់របស់កុមារចំនួន៣លើកបន្ថែមទទួលបាន១០ដុល្លារ ៧.ចូលរួមវគ្គអប់រំសុខភាព និងអាហារូបត្ថម្ភនៅតាមភូមិដោយអង្គការមិនមែនរដ្ឋាភិបាលដៃគូ៣លើកក្នុងមួយវគ្គទទួលបាន១០ដុល្លារ ហើយគម្រោងគ្រោងបើកវគ្គនេះចំនួន៣លើក ស្នើនឹង៩វគ្គ ក្នុងមួយវដ្តគម្រោងនេះ។

គម្រោងនេះជួយជំរុញស្ត្រីមានផ្ទៃពោះនិងមានកូនអាយុក្រោម៥ឆ្នាំឲ្យចេះថែទាំសុខភាពមុនពេល និងក្រោយពេលសម្រាល និងជួយជំរុញអោយពួកគាត់យកកូនទៅតាមដានសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យអោយបានទៀងទាត់។  គម្រោងនេះចង់អោយស្ត្រីមានផ្ទៃពោះផ្លាស់ប្ដូរទម្លាប់ អោយយកចិត្តទុកដាក់លើការថែទាំសុខភាព ការសម្រាលកូន និងតាមដានការលូតលាស់របស់ទារក និងកុមារ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ជាប្រចាំ។ នេះបើតាមការបញ្ជាក់របស់ លោក ជ័យ សម្បត្តិផល្លា ប្រធានគម្រោង និងជាអនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប។

លោកស្រី ស៊ន់ សារីម អ្នកទទួលផលនៃគម្រោង នៅឃុំស្នែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប បានអោយដឹងថា លោកស្រីបានទៅពិនិត្យសុខភាពបាន៤ដងមុនពេលសម្រាលកូន និងបានយកកូនទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបានប្រមាណ១០ដង។ លោកស្រីមិនហ៊ានសម្រាលកូននៅផ្ទះដោយឆ្មបបុរាណ ព្រោះខ្លាចគ្រោះថ្នាក់ ហើយការសម្រាលកូននៅមណ្ឌលសុខភាពធ្វើអោយលោកស្រីមានសុវត្ថិភាព។ លោកស្រីបានចូលរៀនវគ្គបណ្តុះបណ្តាលសុខភាពនិងអាហារូបត្ថម្ភ បាន២ដង។

គម្រោងសង្គហទានសង្គមផ្តោតលើសុខភាព និងអាហារូបត្ថម្ភ និងកុមារ ផ្តល់ហិរញ្ញប្បទានដោយប្រទេសអូស្ត្រាលី តាមរយៈធនាគារពិភពលោក  និងបានចុះឈ្មោះប្រជាពលរដ្ឋក្រីក្រ (អ្នកមានប័ណ្ណក្រីក្រ “ID Poor”) និងបានបើកប្រាក់ជូនពួកគាត់បានចំនួន៣លើករួចមកហើយ។

គម្រោងនេះស្ថិតក្នុងការអនុវត្តសាកល្បងរយៈពេល២ឆ្នាំ (២០១៤-២០១៦) មានទឹកប្រាក់ចំនួន៨៥០.០០០ដុល្លារ ដែលបានកំណត់យកស្រុកពីរ គឺស្រុកស្រីស្នំនៃខេត្តសៀមរាប និងស្រុកភ្នំស្រុកនៃខេត្តបន្ទាយមានជ័យ  ហើយបានចាប់ផ្ដើមអនុវត្តប្រមាណជាង៦ខែមកហើយ។

លោក ធិញ ថាន់ អភិបាលរងស្រុកស្រីស្នំ ខេត្តសៀមរាប មានប្រសាសន៍ថា គម្រោងនេះមានសារសំខាន់ណាស់ក្នុងការជួយឧបត្ថម្ភដល់ស្រ្តី និងកុមារ និងជួយកាត់បន្ថយការលំបាក និងភាពក្រក្រីរបស់ពួកគាត់ក្នុងស្រុករបស់លោក។ លោកអភិបាលរងក៏បានជំរុញអោយអ្នកពាក់ព័ន្ធសហការគ្នាអោយបានល្អក្នុងកាអនុវត្តគម្រោងដើម្បីអោយស្ត្រីមានផ្ទៃពោះ និងកុមារក្រីក្រអាចបន្ថយការលំបាក។

លោក ដៀប ប៉ិប សមាជិកក្រុមប្រឹក្សាឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ស្ត្រីមានផ្ទៃពោះក្រីក្រមានការយល់ដឹងជាងមុនបន្ទាប់ពីការបណ្ដុះបណ្ដាល អំពីការថែទាំសុខភាព និងអាហារូបត្ថម្ភ។ ពួកគាត់ មានការកែប្រែទម្លាប់សម្រាលកូននៅផ្ទះមកសម្រាលកូននៅមណ្ឌលសុខភាព និងចេះថែទាំសុខភាព និងតាមដានសុខភាពរបស់ទារក និងកុមារ៕

អ្នកទទួលផលពីគម្រោងមកបើកប្រាក់ពីគម្រោង។

ប្រតិភូមកពីធនាគារពិភពលោកនៃគម្រោងសង្គហទានសង្គមចុះជួបអ្នកទទួលផល។

ប្រតិភូមកពីធនាគារពិភពលោកនៃគម្រោងសង្គហទានសង្គមចុះពិនិត្យមើលការបើកប្រាក់ដល់អ្នកទទួលផល។

វគ្គអប់រំពីសុខភាព និងអាហារូបត្ថម្ភដល់អ្នកទទួលផលនៃគម្រោង។

វគ្គអប់រំពីសុខភាព និងអាហារូបត្ថម្ភដល់អ្នកទទួលផលនៃគម្រោង។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់