អត្តសញ្ញាណប័ណ្ណគំរូថ្មីចំនួន ៤៥,២៩១នាក់ ត្រូវបានចែកជូនប្រជាពលរដ្ឋ

ព្រះសីហនុ ២៥ វិច្ឆិកា ២០១៤៖  លោកវរសេនីយ៍ទោ សៅ ស៊ាន នាយកការិយាល័យស្ថិតិ និង អត្តសញ្ញាណប័ណ្ណនៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថាក្នុងរយៈពេល ជាង២ឆ្នាំមកនេះនគរបាលខេត្តបានចែកអត្តសញ្ញាណប័ណ្ណគំរូថ្មី…

ព្រះសីហនុ ២៥ វិច្ឆិកា ២០១៤៖  លោកវរសេនីយ៍ទោ សៅ ស៊ាន នាយការិយាល័យស្ថិតិ និងអត្តសញ្ញាណប័ណ្ណនៃស្នងការដ្ឋាន នគរ បាលខេត្តព្រះសីហនុ បានឱ្យដឹងថាក្នុងរយៈពេលជាង២ឆ្នាំមកនេះនគរបាលខេត្តបានចែក អត្តសញ្ញាណប័ណ្ណគំរូថ្មីដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តបានចំនួន ៤៥.២៩១នាក់។

 

លោក សៅ ស៊ាន បានប្រាប់ថា ការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីត្រូវបានបែងចែក ក្រុមការងារចំនួន០៤ គោលដៅដូចជា ក្រុមទី១នៅក្រុងព្រះសីហនុ បានបំពេញបែបបទជូនប្រជាពលរដ្ឋបានចំនួន១៦,៨០៩នាក់ ក្នុងនោះ ប្រុសចំនួន៦,៩៦៣នាក់ ក្រុមទី២នៅស្រុកស្ទឹងហាវ បានចំនួន ៦,៥៤៤នាក់ ក្នុងនោះប្រុស៣,៣៧៥នាក់ ក្រុមទី៣នៅស្រុកព្រៃនប់ បានចំនួន ២៦,០២៨នាក់ ប្រុស១២.៩៦៤នាក់ និងក្រុមទី៤ស្រុកកំពង់សិលា បានចំនួន៥,៨៨៣នាក់ ប្រុស៣,០៤៦នាក់ ។

 

លោក សៅ ស៊ាន បានឱ្យដឹងបន្តទៀតថា ជាលទ្ធផលយើងសម្រេចបំពេញឯកសារ ជូនប្រជាពលរដ្ឋបានចំនួន៥៥,២៦៤នាក់ ប្រុសចំនួន២៦,៣២១នាក់ និងបានចែកអត្តសញ្ញាណប័ណ្ណប្រភេទគំរូថ្មី ជូនប្រជាពលរដ្ឋបានចំនួន៤៥.២៩១នាក់ ។ 

 

ចំណែកអ្នកដែលបានបំពេញបែបបទរួចហើយ ការិយាល័យជំនាញបានបញ្ជូនទិន្នន័យ រួចជាស្រេចទៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ដើម្បីបោះពុម្ពអត្តសញ្ញាណប័ណ្ណប្រភេទថ្មីមកឱ្យប្រជាពលរដ្ឋវិញ។ ដោយឡែកចំពោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណចាស់ពុំទាន់ហួសសុពលភាព ហើយចង់ប្ដូរយកអត្តសញ្ញាណប័ណ្ណប្រភេទថ្មី ការិយាល័យនឹងបំពេញបែបបទជូនតាមបច្ចេកទេសការងារកាន់តែងាយស្រួលថែមទៀត។

 

លោកនាយកការិយាល័យស្ថិតិ និងអត្តសញ្ញាណប័ណ្ណបានបញ្ជាក់ឱ្យដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់រាល់ការងាររដ្ឋបាលផ្សេងៗ ដោយវា មានទិន្នន័យប្រវត្តិរូប កន្លែងរស់នៅ ការផ្លាស់ប្ដូរទីលំនៅ ក្រយៅដៃ ដើម្បីបញ្ជាក់ពីស្ថានភាពរស់នៅរបស់បុគ្គលម្នាក់ៗ ព្រោះវាបានផលិតឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប ទៅតាមស្តង់ដារអន្តរជាតិ ពិសេសទៅទៀត វាមានសភាពជាប់ស្វិតមិនរហែក បែកបាក់ និងភ្លើងមិនឆេះ ហើយមានសុពលភាពប្រើប្រាស់បានរយៈពេល១០ឆ្នាំ។

 

លោកនាយកការិយាល័យស្ថិតិ និងអត្តសញ្ញាណប័ណ្ណបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុមកធ្វើអត្តសញ្ញាណប័ណ្ណ និងប្រជាពលរដ្ឋដែលត្រូវមកសុំប្តូរអត្តសញ្ញាណប័ណ្ណគំរូថ្មី សូមអញ្ជើញមកធ្វើឱ្យបានរួសរាន់នៅតាមអធិការដ្ឋាននគរបាល ដែលនៅជិតផ្ទះរបស់បង ប្អូនប្រជាពលរដ្ឋ ព្រោះអត្តសញ្ញាណប័ណ្ណប្រភេទចាស់នឹងអស់សុពលភាពនៅឆ្នាំ២០១៨ខាងមុខនេះ។

 

គួរបញ្ជាក់ថា នៅខេត្តព្រះសីហនុមានក្រុងចំនួន០១ និងស្រុកចំនួន០៣ សង្កាត់ចំនួន៥ ឃុំចំនួន២២ និងភូមិចំនួន ១១២ មានប្រជាពលរដ្ឋសរុបចំនួន៣៩,៧៦៤ គ្រួសារ  ស្មើនឹង ១៩៨,៧២៦នាក់ក្នុងនោះស្រីចំនួន១០០,៧៣៩នាក់ ។ ប្រជាពលរដ្ឋអាយុ ១៥ឆ្នាំឡើងដែលត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណ និងប្តូរអត្តសញ្ញាណប័ណ្ណគំរូថ្មីមានចំនួន១៤៣,៤៨០នាក់ ប្រុស៧១,១០៤នាក់ ៕

ដកស្រង់ចេញពីគេហទំព័រ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់